(ហ្សាការតា)៖ នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន រួមជាមួយលោកបណ្ឌិត H. Fadli Zon រដ្ឋមន្ត្រីក្រសួងវប្បធម៌ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានអញ្ជើញទស្សនាសាលតាំងពិពរ័ណ៌ ដែលបង្ហាញពីបេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ឥណ្ឌូណេស៊ី នៅសារមន្ទីរឥណ្ឌូណេស៊ី។
បន្ទាប់មក អគ្គលេខាធិការអាស៊ាន និងលោករដ្ឋមន្ត្រី បានពិភាក្សា និងផ្លាស់ប្តូរទស្សនៈស្តីពីកិច្ចសហប្រតិបត្តិការវប្បធម៌ រួមទាំង គំនិតផ្តួចផ្តើមបេតិកភណ្ឌនានា នៅក្នុងអាស៊ាន ព្រមទាំង បានរិះរកឱកាសថ្មី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវប្បធម៌ក្នុងតំបន់ ឆ្ពោះទៅពង្រឹងរបៀបវារៈវប្បធម៌នៅក្នុងអាស៊ាន។
នៅរសៀលថ្ងៃចន្ទ អគ្គលេខាធិការអាស៊ាន បានទទួលជួបពិភាក្សាការងារជាមួយ លោក Sun Yong អភិបាលរងខេត្ត Anhui ប្រទេសចិន។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីសកម្មភាពដែលអាចធ្វើទៅបាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងចិន ជាពិសេសជាមួយខេត្ត Anhui ដោយយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាដើម។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈស្តីពីកាលានុវត្តភាព ក្នុងការនាំបណ្តាញរធុរកិច្ចរវាងអាស៊ាន និងចិន កាន់តែខិតមកជិតប្រជាជនទាំងពីរ។
នៅរសៀលថ្ងៃដដែលនេះ លោកស្រី Tanya Dimitrova Dimitrova ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប៊ុលហ្ការីប្រចាំអាស៊ាន បានជូនសារតាំងចំពោះ បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។ នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានអបអរលោកស្រី Dimitrova សម្រាប់ការចាប់ផ្តើមភារកិច្ច ហើយបានបញ្ជាក់ពីការត្រៀមខ្លួនរបស់លេខាធិការដ្ឋានអាស៊ាន ក្នុងការធ្វើការជិតស្និទ្ធជាមួយលោកស្រី និងស្ថានទូតប៊ុលហ្ការី ក្នុងទីក្រុងហ្សាការតា។
លោកស្រី ក៏បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការបង្កើតទំនាក់ទំនងជាមួយអាស៊ាន និងជាមួយប្រទេសសមាជិកអាស៊ាន។ ភាគីទាំងពីរក៏បានកត់សម្គាល់ពីសារៈសំខាន់ នៃការរិះរកកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា ដូចជា ការចូលរួមផ្នែកឯកជន ពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ ការតភ្ជាប់ ក៏ដូចជា បច្ចេកវិទ្យាព័ត៌មាន រួមទាំងការបង្កើត software និងឌីជីថលនីយកម្ម។
លោកស្រីបាននិយាយថា វាជាកិត្តិយសសម្រាប់គាត់ ដែលបានជូនសារតាំង ដល់អគ្គលេខាធិការអាស៊ាន នៅថ្ងៃនេះ។ រយៈពេលកន្លងទៅ កិច្ចសហប្រតិបត្តិការរបស់ប៊ុលហ្ការី ជាមួយអាស៊ាន និងជាមួយប្រទេសសមាជិក បានផ្តោតលើការពង្រឹង កិច្ចសហការលើវិស័យដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម ការអប់រំ ទេសចរណ៍ និងវិស័យផ្សេងទៀត។ លោកស្រីទន្ទឹងធ្វើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក ដើម្បីជំរុញទំនាក់ទំនងកាន់តែខ្លាំងក្លាជាមួយអាស៊ាន។ ប្រទេសប៊ុលហ្ការី បានតែងតាំងឯកអគ្គរដ្ឋទូតទី១ ប្រចាំអាស៊ាន នៅឆ្នាំ២០០៩។
អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោក Kjell Tormod Pettersen ឯកអគ្គរាជទូតន័រវែសប្រចាំអាស៊ាន។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈជុំវិញវិធី និងមធ្យោបាយ ដើម្បីជំរុញទំនាក់ទំនងអាស៊ាន-ន័រវែស ជាពិសេស ដោយសារឆ្នាំនេះជាខួបអនុស្សាវរីយ៍១០ឆ្នាំ នៃភាពជាដៃគូសន្ទនាតាមវិស័យអាស៊ាន-ន័រវែស។ ភាគីទាំងពីរក៏បានពិភាក្សាអំពីការត្រៀមរៀបចំសម្រាប់ទស្សនកិច្ចការងាររបស់បណ្ឌិត កៅ គឹមហួន ទៅប្រទេសន័រវែស នៅក្នុងឆ្នាំនេះផងដែរ។
នៅល្ងាចថ្ងៃចន្ទ អគ្គលេខាធិការអាស៊ាន បានអញ្ជើញពិសាបាយការងាររៀបចំដោយ លោកស្រី Tiffany McDonald ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំអាស៊ាន។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិនិត្យឡើងវិញ និងផ្លាស់ប្តូរទស្សនៈស្តីពីកិច្ចសហប្រតិបត្តិការអាស៊ាន-អូស្ត្រាលី រួមទាំង តាមរយៈ ការកំណត់មើលវិធីដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្ត្រាលី ក្នុងការគាំទ្រដល់អាទិភាពរបស់អាស៊ាន ក្នុងឆ្នាំ២០២៥៕