(ភ្នំពេញ)៖ ជីវិតកើតមកពិតជាមិនដូចគ្នាមែន គ្រួសារខ្លះរីករាយមានក្ដីសុខជួបជុំ ឪពុកម្ដាយ បង-ប្អូន តែខ្លះទៀតក៏ព្រាត់ប្រាស់រស់និងស្លាប់ និងមួយចំនួនកើតមកមិនស្គាល់សូម្បីតែមុខម្ដាយ ឬឪពុក និងសម្លេងយ៉ាងដូចម្ដេច ជាក់ស្ដែងដូចកុមារតូចៗ និងទារក ប្រមាណ១៨៦នាក់ ដែលកំពុងជ្រកក្រោមមណ្ឌលមែកឈើ ខ្លះកើតមកត្រូវបានគេយកមកទុកចោលនៅមុខមណ្ឌលមែកឈើ ខ្លះត្រូវឪពុកម្ដាយស្លាប់ចោល ខ្លះទៀតបង្កើតគ្នាហើយ រត់ទៅបាត់ ទុកកូននៅមន្ទីរពេទ្យ ។
ដូច្នេះហើយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ដឹកនាំសហការី ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្ដល់ភាពកក់ក្ដៅ ដោយនាំយកទៅជាមួយនឹងអំណោយជាស្បៀងអាហារ ផ្លែឈើ សម្ភារៈផ្សេងៗរួមទាំងថវិកា ជូនដល់មណ្ឌលមែកឈើ ដើម្បីបំពេញទៅតាមតម្រូវការប្រចាំថ្ងៃ។
លោក ផន ផល្លា ទីប្រឹក្សាមណ្ឌលមែកឈើ បានថ្លែងទាំងរំភើបចិត្ដ និងរៀបរាប់ពីប្រវត្ដនៃការបង្កើតមណ្ឌលនេះ និងភាពខ្វះខាតសម្រាប់ផ្គត់ផ្គង់ដល់កុមារ និងទារកដ៏កំសត់ខាងលើនេះ ជួនដល់ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ពិសេសថ្លែងអំណរគុណដល់ទឹកចិត្ដមាតាមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានជួយកូនៗ និងចៅ ទាំងស្បៀងអាហារ សម្ភារៈប្រចាំថ្ងៃ និងថវិកា ដែលបានជួយសម្រាលនូវបន្ទុកយ៉ាងច្រើនរបស់មណ្ឌល ក្នុងការមើលថែក្មេងៗ។
ជាមួយគ្នានោះ លោកស្រី មឿន រ៉េន អាយុ ៦០ឆ្នាំ ដែលជាអ្នកមើលថែក្មេងនៅក្នុងមណ្ឌលមែកឈើ ក៏បានថ្លែងទាំងក្ដុកក្ដួលក្នុងចិត្ដស្រក់ទឹកភ្នែក ចំពោះទឹកចិត្ដមាតាមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទោះអ្នកម្ដាយមិនបានមក តែអ្នកម្ដាយបានផ្ដល់ក្ដីស្រលាញ់ អាណិតមេត្ដា ករុណា និងការប្រោសប្រណីពីចំងាយ ហើយថែទាំងចាត់តំណាងចុះមកសួរសុខទុក្ខ និងផ្ដល់អំណោយជាច្រើនសម្រាប់ជូនក្មេងៗ រួមទាំងម៉ែដោះដែលមើលថែកុមារ និងទារកក្នុងមណ្ឌលមែកឈើផងដែរ។
ក្នុងពិធីសំណេះសំណាល និងផ្ដល់អំណោយសម្រាលការលំបាកនេះ លោកស្រី ម៉ែន នារីសោភ័គ ក៏បានគូសបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌រួមមានគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាចំនួន ១០លានរៀល ជូនដល់មណ្ឌលមែកឈើ ដែលមានបន្ទុកជួយផ្គត់ផ្គង់ការហូបចុក ស្នាក់នៅ និងការសិក្សារៀនសូត្រដល់កុមារកំព្រាចំនួន ១៨៦នាក់ រួមជាមួយគ្រូ បុគ្គលិក និងអ្នកថែទាំចំនួន ២៧នាក់ ដែលស្ថិតនៅភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកស្រីបានបង្ហាញនូវអារម្មណ៍អាណិតអាសូរ ក្ដីស្រលាញ់ និងភាពកក់ក្ដៅ ដល់កុមារៗនិងទារក ព្រមទាំងបានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹក ដល់កូនៗចៅៗ។
ជាមួយគ្នានោះលោកស្រី ម៉ែន នារីសោភ័គ ក៏លើកទឹកចិត្ដដល់កុមារា កុមារី និងយុវជន នៅក្នុងមណ្ឌលមែកឈើ ត្រូវតែបន្ដជីវិតទៅមុខជាមួយនឹងការតស៊ូព្យាយាមរៀនសូត្រ ព្រោះមានតែការសិក្សាប៉ុណ្ណោះ ដែលថ្នាលបណ្ដុះបណ្ដាលអនាគតកូនៗមានអនាគតរុងរឿង ជាទំពាំងដ៏រឹងមាំ សម្រាប់គ្រួសារ និងសង្គមជាតិ ពិសេសចៀសផុតពីភាពលំបាកវេទនា។
ទន្ទឹមនឹងនោះលោកស្រី ម៉ែន នារីសោភ័គ បានថ្លែងការអរគុណដល់ លោក ផន ផល្លា ក៏ដូចជាអ្នកមើលថែកុមារា កុមារី រួមទាំងទារក ដែលបានលះបង់ និងក្ដីស្រលាញ់ មើលថែក្មេងៗបានយ៉ាងល្អ ។នាឱកាសនោះលោកស្រី ម៉ែន នារីសោភ័គ ក៏បានបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ដែលជាជំនួយការឱ្យអាជ្ញាធរសាធារណៈលើការងារមនុស្សធម៌ នឹងខិតខំប្រឹងប្រែងកៀរគរថវិកាពីសប្បុរសជន ដើម្បីបន្ដបេសកកម្មបម្រើលើការងារមនុស្សធម៌ជួយសង្គ្រោះដល់ជនងាយរងគ្រោះបំផុត ដូចជាកូនក្មួយ និងចៅៗនៅទីនេះ ព្រោះថាការមនុស្សធម៌ដែលប្រព្រឹត្ដទៅបាននេះ ដោយសារការទទួលបានការឧបត្ថម្ភគាំទ្រពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ជាពិសេសក្នុងឱកាសទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ៨ឧសភា ជារៀងរាល់ឆ្នាំ ទើបធ្វើឱ្យកាកបាទក្រហមកម្ពុជា មានលទ្ធភាពក្នុងការចុះជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដោយមិនរុនរាន។
សម្រាប់ក្នុងឱកាសចុះសំណេះសំណាលដល់កុមារា កុមារី ទារក និងយុវជននៅថ្ងៃនេះ កាកបាទក្រហមកម្ពុជា បាននាំយកនូវអំណោយជាច្រើនមកផ្ដល់ជូន រួមមាន៖ អង្ករ ៣តោន, មី ៣០កេស, ត្រីខ ៥កេស, ទឹកស៊ីអ៊ីវ ១០យួរ, អង្ករសុខភាព ២០កេស, ឃីត (មុង ភួយ សារុង ក្រមា) ៥០កញ្ចប់, ទឹកក្រូច ២០កេស, ទឹកបរិសុទ្ធ ២០កេស, ម៉្សៅទឹកដោះគោ ១០០កំប៉ុងតូច, សាប៊ូបោកខោអាវ ១២០លីត្រ, សាប៊ូកក់សក់ ១៨០លីត្រ, សាប៊ូដុសខ្លួន ២០០ដុំ, សាប៊ូលាងចាន ៣០លីត្រ, ថ្នាំដុសធ្មេញ ២០០ទីប, ច្រាស់ដុសធ្មេញ ២០០ដើម និងថវិកា ១០,០០០,០០០រៀល។ ដោយឡែក កាកបាទក្រហមកម្ពុជា ក៏បានឧបត្ថម្ភថវិកាចំនួន ៨០ម៉ឺនរៀល សម្រាប់រៀបចំអាហារក្នុងថ្ងៃនេះ ជូនដល់កុមារកំព្រាទាំងអស់ផងដែរ។
សូមជម្រាបថា មណ្ឌលមែកឈើ បានបង្កើតនៅឆ្នាំ ១៩៩៤ គិតមកដល់ពេលនេះបានជួយសង្គ្រោះកុមារ និងទារកជាច្រើន ដែលត្រូវឪពុកម្ដាយបោះបង់ចោល និងឪពុកម្ដាយស្លាប់ និងគ្មានលទ្ធភាព ហើយមណ្ឌលបានយកមកចិញ្ចឹមបីបាច់ថែរក្សា និងឱ្យសិក្សារៀនសូត្រ ។បច្ចុប្បនៅមណ្ឌលនេះ កុមារា កុមារី ទារក និងយុវជន សរុប ១៨៦នាក់ ក្នុងនោះក្មេងដែលដល់វ័យសិក្សា មណ្ឌលក៏បានបញ្ជូនទៅសិក្សាសាលារៀន និងត្រូវបានរៀនបំប៉នបន្ថែមនូវភាសារខ្មែរ អង់គ្លេស និងចិន នៅក្នុងមណ្ឌល។ ជាមួយគ្នានេះក៏មានយុវជនដែលនៅក្នុងមណ្ឌលនេះ កំពុងតែបន្តការសិក្សានៅមហាវិទ្យាល័យផងដែរ៕