(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព) នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំលើកទី៤៥ អាណត្តិទី៣ ក្រោមវត្តមានលោក តុប សំ, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន-អនុប្រធាន ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយដើម្បីពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំរបស់ខ្លួនលើកទី៤៤ អាណត្តិទី៣ ព្រមទាំងឆ្លង និងស្តាប់របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ។

យោងតាមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឱ្យដឹងថា មានមន្ត្រីចំនួន ១១៨រូប បានមកប្រកាសទ្រព្យសម្បត្តិនិងបំណុល ក្នុងនោះមន្ត្រីទើបទទួលបានការតែងតាំងថ្មី ចំនួន ៧៥រូប ដោយឡែកមន្ត្រី ០៣រូប បានប្រកាសតាមតម្រូវការនៃការស៊ើបអង្កេត និង ៤០រូបទៀត បានមកប្រកាសទ្រព្យសម្បត្តិនិងបំណុល ដោយមូលហេតុលាឈប់ ចូលនិវត្តន៍ និងចប់អាណត្តិ។

ជាមួយគ្នានេះដែរ កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យិនទៀង បានបញ្ជាក់ថា ការងារពាក្យប្ដឹង អ.ប.ព. បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេច លើពាក្យប្ដឹងដែលមានក្នុងខែ សរុបចំនួន ៣៤ពាក្យប្ដឹង និងបានបញ្ជូនសំណុំរឿងចំនួន ២ករណី ដែលមានជនសង្ស័យ៥រូបទៅតុលាការ។ ចំពោះការបញ្ជូនសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញ ករណីពាក់ព័ន្ធការប្រឡង។

បញ្ជូនសំណុំរឿងទៅសាលាដំបូងខេត្តកំពង់ស្ពឺ ករណីអភិបាលរងខេត្តកំពង់ស្ពឺ ឈ្មោះ ទិត វុទ្ធី និង ឈ្មោះ ហ៊ាវ ខន មន្ត្រីយោធា “ក២” នៃកងទ័ពជើងគោក ដែលបានប្រើប្រាស់តួនាទី និងមុខងារដោយបំពាន ដើម្បីទទួលបានអត្ថប្រយោជន៍ដោយខុសច្បាប់ក្នុងការស្នើសុំអាជ្ញាបណ្ណរុករករ៉ែ ហើយទទួលបានប្រាក់ សរុប ចំនួន ១,២លានដុល្លារ លើអង្គហេតុចំនួន៣ ក្នុងនោះអង្គហេតុប៉ៃលិនទី១ ទទួលបាន ៤០ម៉ឺនដុល្លារ អង្គហេតុរ៉ែមាសខេត្តព្រះវិហារ (ទារប្រាក់ ៥លានដុល្លារ តែមិនជោគជ័យ) និងអង្គហេតុប៉ៃលិនទី២ ទទួលបានប្រាក់ ៨០ម៉ឺនដុល្លារ ដែលជាចេតនាទុច្ចរិតពិតប្រាកដនៃការរំលោភអំណាច ហើយមានឈ្មោះ អ៊ុន សាវឿន អ្នកប្រែភាសាចិន ជាអ្នកចូលរួមធ្វើសកម្មភាព ដែលទង្វើនេះជាការសមគំនិត។ ជាមួយគ្នានេះអ្នកទាំង៣ បានបង្កើត រៀបចំតាក់តែង ឯកសារមិនប្រក្រតី និងឯកសារក្រុមហ៊ុនមិនត្រឹមត្រូវជាច្រើន ដើម្បីប្រើប្រាស់បង្កើត សិទ្ធិក្នុងការបន្លំសុំអាជ្ញាបណ្ណរុករករ៉ែនៅក្នុងអង្គហេតុទាំង៣។

សវនាការសាលាដំបូងខេត្តកំពង់ធំ បានសម្រេចផ្តន្ទាទោស ហេ គឿន ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ក្រុងស្ទឹងសែន ជាប់ពន្ធនាគារ ៧ ឆ្នាំ និងឈ្មោះ សែ សុងហេង ជាប់ពន្ធនាគារ ៦ឆ្នាំ។ តាមការសម្រេចនេះ អ.ប.ព. អាចបន្តនិងបញ្ចប់ករណីភរិយា និងកូនស្រី ហេ គឿន និង អ្នកសារព័ត៌មាន ឈ្មោះ គង់ កាន (Kong Kan TV), ឈ្មោះ ហ៊ុយ ឧត្តម (Oudom TV) និងឈ្មោះ កែវ សាវី ដែលបានញុះ ញុងឱ្យមានការប្រឆាំងមកលើ អ.ប.ព៕