(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក វណ្ណឡាលវ៉ូណា បយធ្លង់ (Vanlalvawna BAWITLUNG) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់ជាមួយស្ថានទូតឥណ្ឌា លើគម្រោងកិច្ចសហប្រតិបត្តិមេគង្គ-ហ្គង់ហ្គា ដោយផ្តោតលើគម្រោងអនុវត្តដែលផ្តល់ផលភ្លាម។

ពិធីនេះបានធ្វើឡើងនារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា រហូតមកដល់ពេលនេះ ក្រសួងព័ត៌មានបានទទួលការគាំទ្រលើគម្រោងចំនួន៤ ក្នុងនោះនៅឆ្នាំ២០២៤ ចំនួន២ គម្រោងដោយផ្តោតលើការគាំទ្រសម្ភារសម្រាប់ធ្វើឌីជីថលរូបថតរបស់អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា និងការរៀបចំមណ្ឌលព័ត៌មានវិទ្យានៅស្រុកកោះសូទិន ខេត្តកំពង់ចាម។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា នៅឆ្នាំ២០២៥នេះ ក្រសួងព័ត៌មានទទួលបានគម្រោង២ សម្រាប់ការអនុវត្តនៅមូលដ្ឋានខេត្តក្រចេះរួមមានគម្រោងទី១ ផ្តោតលើការផ្តល់ថាមពលពន្លឺព្រះអាទិត្យដើម្បីទទួលព័ត៌មាន និងបង្កើនចំណេះដឹង អនុវត្តនៅស្រុកអូរគ្រៀងសែនជ័យ និងគម្រោងទី២ ការគាំទ្រសហគមន៍ក្នុងការជំរុញលើការសិក្សាតាមរយៈការផ្តល់កង់ជូនដល់សិស្សានុសិស្សដែលខ្វះមធ្យោបាយធ្វើដំណើរអនុវត្តនៅក្នុងស្រុកស្នួល។

ការចុះអនុស្សរណៈនៃការយោគយល់ជាមួយស្ថានទូតឥណ្ឌា រវាងក្រសួងព័ត៌មាន គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតក្នុងការបន្តគាំទ្ររបស់រដ្ឋាភិបាលឥណ្ឌាសម្រាប់ក្រសួងព័ត៌មាន ដោយពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមដែលសហគមន៍មូលដ្ឋានបានជួបប្រទះ។  

លោករដ្ឋមន្ត្រី នេត្រ នេត្រ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនៃប្រទេសឥណ្ឌា សម្រាប់ការគាំទ្រដ៏មានតម្លៃរបស់ខ្លួនក្នុងការបង្កើតមជ្ឈមណ្ឌលបណ្ណសារឌីជីថលជាតិ និងមជ្ឈមណ្ឌលទូរគមនាគមន៍សហគមន៍ (CTCs)។ គំនិតផ្តួចផ្តើមទាំងនេះមិនត្រឹមតែផ្តល់មជ្ឈមណ្ឌលបំពាក់យ៉ាងល្អសម្រាប់ការផ្ទុកប្រព័ន្ធផ្សព្វផ្សាយ និងសារពើភ័ណ្ឌប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់អក្ខរកម្មឌីជីថល និងបង្កើនលទ្ធភាពទទួលបានព័ត៌មាននៅកម្រិតសហគមន៍។  

លើសពីនេះ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគម្រោងដែលបានអនុម័តថ្មីការគាំទ្រសហគមន៍សម្រាប់សាលារៀន និងគំនិតផ្តួចផ្តើមថាមពលពន្លឺព្រះអាទិត្យសម្រាប់ការទទួលបានព័ត៌មាន និងចំណេះដឹង ដែលគម្រោងទាំងពីរនេះនឹងត្រូវបានអនុវត្តនៅក្នុងខេត្តក្រចេះ។ គម្រោងទាំងនេះមានប្រសិទ្ធភាពដោះស្រាយតម្រូវការសហគមន៍សំខាន់ៗ ដោយជួយសម្រួលដល់ការដឹកជញ្ជូនសិស្សទៅសាលារៀន និងកែលម្អភ្លើងបំភ្លឺតាមផ្ទះ និងសាធារណៈ៕