(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរ បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់គណៈកម្មការអន្តរក្រសួងរៀបចំបុណ្យទន្លេលើកទី៩ ដែលបានរួមសហការគ្នាអស់ពីកម្លាំងកាយចិត្តបំពេញតួនាទីភារកិច្ច ដោយការទទួលខុសត្រូវខ្ពស់ និងសម្រេចបានលទ្ធផលគួរជាទីមោទនៈ។
ក្នុងឱកាសអញ្ជើញចូលរួមព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ នៅខេត្តតាកែវ កាលពីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបន្តថា ក្រោមការកិច្ចខិតខំ និងការសហការគ្នាទាំងការរៀបចំ ទាំងការពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ បានផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលរួមទស្សនាកម្សាន្តយ៉ាងសប្បាយរីករាយ។
រដ្ឋមន្រ្តី ហួត ហាក់ បានឲ្យដឹងថា នៅក្នុងពិធីបិទនេះ ក៏មានការប្រគល់-ទទួលទង់ ខេត្តជាម្ចាស់ផ្ទះរៀបចំបន្តព្រឹត្តិការណ៍បុណ្យទន្លេ គឺខេត្តពោធិ៍សាត់ និងត្រៀមខ្លួនទាំងអស់គ្នា ក្នុងដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ នៅលើទឹកដីខេត្តពោធិ៍សាត់។
រដ្ឋមន្ត្រី ហួត ហាក់ បញ្ជាក់ផងដែរថា ការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២៥ នៅខេត្តតាកែវ បានប្រព្រឹត្តទៅដោយរលូន និងជោគជ័យយ៉ាងត្រចះត្រចង់ ដោយមានប្រជាពលរដ្ឋនិងភ្ញៀវទេសចរចូលរួមទស្សនាកម្សាន្តប្រមាណជាង៣៥ម៉ឺននាក់ ក្នុងនោះភ្ញៀវបរទេសប្រមាណជាង១០០០នាក់ ដោយនៅថ្ងៃទី១ ទទួលបានប្រមាណជាង១០ម៉ឺននាក់ នៅថ្ងៃទី២ ដែលជាថ្ងៃបើកពិធីជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលបានវត្តមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរប្រមាណជាង១១ម៉ឺននាក់ ចំណែកនៅថ្ងៃបិទបញ្ចប់នេះទទួលបានប្រមាណជាង១៤ម៉ឺននាក់បន្ថែមទៀត។
ជោគជ័យដ៏ត្រចះត្រចង់នេះ អាស្រ័យដោយការចូលរួមពី គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ដែលជាសហថាមពលដ៏ខ្លាំងក្លា ជាពិសេសជំនឿទុកចិត្តរបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកលើរាជរដ្ឋាភិបាលនិងអាជ្ញាធរ ដែលធ្វើឲ្យបងប្អូនមានភាពកក់ក្តៅក្នុងការចេញដើរកម្សាន្ត។ នេះបើតាមការលើកឡើងរបស់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
ជាមួយគ្នានេះ លោក ហួត ហាក់ ក្នុងនាមក្រសួងទេសចរណ៍ និងក្នុងនាមគណៈកម្មការអន្តរក្រសួង បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឲ្យក្រសួងទេសចរណ៍ និងគណៈកម្មការអន្តរក្រសួង រៀបចំព្រឹត្តិការណ៍បុណ្យទន្លេជាប្រវត្តិសាស្ត្រនេះឡើងនៅលើទឹកដីខេត្តតាកែវដ៏ចំណាស់ដែលពុំធ្លាប់មានពីមុនមក៕