(ភ្នំពេញ)៖ ទំនាក់ទំនងការទូតជាផ្លូវការរវាងកម្ពុជា និងចិន ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ប៉ុន្តែជាទិដ្ឋភាពប្រវត្តិសាស្ត្រ ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានកើតមានឡើងតាំងពីសតវត្សរ៍ទី១៣មកម្ល៉េះ។ ក្នុងនាមជាប្រទេសជិតខាង និងដៃគូជិតស្និទ្ធជាប្រពៃណី ប្រទេសកម្ពុជា និងចិនបានលើកកម្ពស់និងថែរក្សាចំណងមិត្តភាព «ដែកថែប» ដែលមិនអាចបំបែកបានរបស់ខ្លួន ដោយបានឆ្លងកាត់ការសាកល្បងពេលវេលា និងការលំបាកជាច្រើនជាប្រវត្តិសាស្ត្រ។
គួររម្លឹកថា យោងតាមសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា និងចិន ដែលចេញផ្សាយនៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា មានកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន១២ ត្រូវបានចុះហត្ថលេខារួមមាន៖ វិស័យ កិច្ចការបរទេស កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការនាំចេញកសិផលទៅកាន់ប្រទេសចិន ហេដ្ឋារចនា សម្ព័ន្ធ ការអប់រំ ប្រព័ន្ធផ្សព្វផ្សាយ និងការការពារបេតិកភណ្ឌវប្បធម៌ ជាដើម។ ជាពិសេស ភាគីទាំងពីរបានឯកភាពគ្នាបង្កើត «ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ» ដែលមានវិស័យអាទិភាពចំនួនប្រាំមួយ រួមមាន កិច្ចសហប្រតិបត្តិការនយោបាយ សមត្ថភាពនិងគុណភាពផលិតកម្ម កសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។
កិច្ចសហប្រតិបត្តិការឆកោណត្បូងពេជ្រថ្មី និងទំនាក់ទំនងដ៏ល្អដែលមានស្រាប់រវាងកម្ពុជា និងចិន នាំមកនូវការរំពឹងទុកដ៏ធំធេង និងសុទិដ្ឋិនិយមដ៏អស្ចារ្យសម្រាប់កម្ពុជាដោយសារការងើបឡើងវិញនៃសេដ្ឋកិច្ចកំពុងមានសម្ទុះ និងភាពធន់នៃសេដ្ឋកិច្ចក៏កាន់តែត្រូវបានពង្រឹង។ វិស័យអាទិភាពទាំងប្រាំមួយ ឆ្លើយតបយ៉ាងឥតខ្ចោះចំពោះតម្រូវការជាក់ស្តែង និងទាន់ពេលវេលារបស់កម្ពុជា។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី៤ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥, លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា សូមឱ្យទំនាក់ទំនងកម្ពុជា និងចិន ឱ្យក្លាយជាការពិតមិនមែននៅលើតែក្រដាសនោះទេ គឺទំនាក់ទំនង «ត្បូងពេជ្រ ឆកោណ» ទាំងអស់នេះមានតម្លៃមិនអាចកាត់ថ្លៃបាន។
លោកបណ្ឌិត សុខ ទូច បានលើកឡើងយ៉ាងដូច្នេះថា៖ «យើងសង្ឃឹម និងជឿជាក់ថាទំនាក់ទំនងរវាង យើងទាំងពីរ (កម្ពុជា-ចិន) វាខុសប្លែកពីប្រទេសដទៃ ដែលមិនមានពាក្យថា «ត្បូងពេជ្រ ឆកោណ» នេះទេ។ ដូច្នេះ កម្ពុជា និងចិន គួរតែបង្ហាញនូវសក្ខីកម្ម ដ៏អស្ចារ្យទាំងនេះ ដែលធ្វើឱ្យប្រជាជន និងប្រជាជនទាំងពីរ ក្លាយជាមិត្ត៏ល្អនឹងគ្នា នេះជាផ្នែកទំនាក់ទំនងប្រវត្តិសាស្ត្រ»។
បន្ថែមពីនេះ តាមរយៈការមើលឃើញដោយផ្ទាល់, ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ដោយត្រង់ៗថា ប្រជាជនចិន មិនសូវស្គាល់ប្រទេសកម្ពុជានោះទេ ប៉ុន្តែ ស្គាល់តែអ្នកនយោបាយ និងអ្នកសេដ្ឋកិច្ច។ រីឯប្រជាជនកម្ពុជា បានស្គាល់ប្រទេសចិន ច្បាស់ណាស់ ពោលកម្ពុជា បានប្តូរពីការទទួលទានអាហារដោយដៃ មកទទួលទានអាហរដោយប្រើចង្កឹះ ចំណុចនេះបានបញ្ជាក់ថាប្រជាជនកម្ពុជា បានចាក់ចូលយ៉ាងជ្រៅក្នុងវប្បធម៌របស់ចិន ដូច្នេះ ប្រជាជនចិន ត្រូវតែយល់ពីប្រទេសកម្ពុជា។
លោកបណ្ឌិត សុខ ទូច បានបន្ថែមថា ចំណងមិត្តភាពកម្ពុជា និងចិន ក្លាយទៅជាមិត្តត្បូងពេជ្រ មិនមែនតែនៅលើក្រដាសទេ តែបានចាក់ចូលក្នុងសសៃឈាម វប្បធម៌នៃប្រទេសយើងទាំងពីរ។
ទន្ទឹមនឹងនេះដែរ លោកបណ្ឌិត សុខ ទូច បានគូសបញ្ជាក់ថា៖ «មិត្តចិន ត្រូវតែជួយការជីកព្រែកហ្វូណន-តេជោ គួរតែធ្វើឱ្យបាន គឺជាសក្ខីកម្ម នៃទំនាក់ទំនងដ៏អស្ចារ្យ ដែលចិនអាចដឹកទំនិញមកដល់កម្ពុជាបាន នោះទើបជាសក្ខីកម្មដ៏អស្ចារ្យ»។
ទំនាក់ទំនងដ៏ល្អ និងមានស្ថិរភាពរវាងកម្ពុជា និងចិនត្រូវបានបង្ហាញឱ្យឃើញតាមរយៈកម្មវិធីផ្លាស់ប្តូរយ៉ាងទូលំទូលាយ និងញឹកញាប់ ដែលធ្វើឡើងរវាងមន្ត្រីរដ្ឋាភិបាល អ្នកដឹកនាំធុរកិច្ច អ្នកសិក្សាស្រាវជ្រាវ និស្សិត សិស្ស និងប្រជាជនមកពីគ្រប់មជ្ឈដ្ឋាន ដែលសុទ្ធតែទទួលបានការគាំទ្រផ្នែកថវិកាពីរដ្ឋាភិបាលចិន។
ក្នុងយុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការលើត្បូងពេជ្រ យើងជឿជាក់ទាំងអស់គ្នាយ៉ាងមុតមាំថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងបន្តរីកចម្រើនកាន់តែខ្លាំង និងធ្វើពិពិធកម្មលើគ្រប់វិស័យដែលជាផលប្រយោជន៍រួម ហើយកាន់តែភ្លឺស្វាងថែមទៀត។ សាមគ្គីភាពក្នុងការដោះស្រាយបញ្ហាប្រឈមជាអន្តរជាតិ បទពិសោធដ៏រឹងមាំក្នុងកិច្ចសន្ទនាទ្វេភាគី កំណើននៃទំនាក់ទំនងគ្រប់កម្រិតលើវេទិកាផ្សេងៗ ការយោគយល់គ្នាទៅវិញទៅមកដែលចាក់ឫសយ៉ាងស៊ីជម្រៅ និងវិធីសាស្រ្តប្រកបដោយការគោរពគ្នា ពិតជានឹងនាំបងប្អូនដែកថែបទាំងពីរ ឆ្ពោះទៅរកសមិទ្ធផលធំធេងជាងនេះ៕