(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានណែនាំដល់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់យាមល្បាតនៅតាមគោលដៅរបស់ខ្លួន ពិសេសនៅតាមបុរីដើម្បីការពារទ្រព្យសម្បត្តិជូនអតិថិជន។
ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៧១ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានអះអាងថា មួយរយៈពេលចុងក្រោយនេះ បទល្មើសគាស់យកទ្រព្យសម្បត្តិតែងកើតមាននៅក្នុងបុរី ហេតុដូច្នេះភ្នាក់ងារសន្ដិសុខឯកជននៅគោលដៅទាំងអស់នោះ ត្រូវតែបង្កើនការយកចិត្តទុកដាក់ខ្ពស់បំផុត។
លោកឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន បានសង្កត់ធ្ងន់ថា ក្នុងឱកាសពីធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនៅខែមេសា ខាងមុខនេះ ប្រជាពលរដ្ឋនឹងទៅស្រុកកំណើត ឬដើរកម្សាន្ដ ហេតុនេះភ្នាក់ងារសន្តិសុខឯកជនទាំងអស់ មេត្តាយកចិត្តទុកដាក់បង្កើន កិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធា្នប់ ក្នុងនោះ នៅតាមបុរី និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ព្រោះថាពួកគាត់ផ្តល់សេចក្តីទុកចិត្តជូនភ្នាក់ងារសន្តិសុខឯកជន មើលថែផ្ទះគាត់បានល្អ និងមួយវិញនៅតាមតំបន់ដែលប្រារព្ធពិធីសង្ក្រានឆ្នាំថ្មី ព្រោះថាជាកន្លែងដែលមានមនុស្សប្រមូលផ្តុំគ្នាច្រើន ដែលធ្វើឲ្យមានហានិភ័យដល់សុខភាព និងសុវត្ថិភាព។
លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានចាត់ទុកថា សន្តិសុខឯកជន ជាកម្លាំងជំនួយដល់កម្លាំងសមត្ថកិច្ច ក្នុងការចូលរួមចំណែក ក្នុងការថែរក្សា សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម និងក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសនានា និងចូលរួមអនុវត្តគោលនយោបាយ «ភូមិ-ឃុំសង្កាត់មានសុវត្ថិភាព» ប្រកបដោយប្រសិទ្ធភាព។
កម្លាំងភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ត្រូវអនុវត្តគោលនយោ បាយ «ភូមិ-ឃុំសង្កាត់ មានសុវត្ថិភាព» នេះ ពិសេសបង្ការទប់សង្កាត់បទល្មើស និងរាយការណ៍ដល់សមត្ថកិច្ចមូលដ្ឋាន ឬសមត្ថកិច្ចជំនាញ ដើម្បីបង្ការទប់ស្កាត់បង្ក្រាបបទល្មើសឲ្យទាន់ពេលវេលា ជាពិសេសបទល្មើសគ្រឿងញៀន បទល្មើសព្រហ្មទណ្ឌ និងបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ។ លើសពីនេះ តម្រូវឲ្យមានកិច្ចសហការបានល្អ ជាមួយសមត្ថកិច្ចមូលដ្ឋានត្រូវរាយការណ៍អំពីបទល្មើស និងសម្រួលដល់សមត្ថកិច្ច ក្នុងការបង្ការទប់ស្កាត់ បង្ក្រាបបទល្មើសតាមគោលដៅនីមួយៗ។
បើតាមលោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី, ដើម្បីធ្វើឲ្យវិស័យសន្តិសុខឯកជន មានការរីកចម្រើន និងពង្រឹងនូវគុណភាពលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តែងតែមានការយកចិត្តទុកដាក់ខ្ពស់ និងគាំទ្រជានិច្ច ធ្វើយ៉ាងណាឲ្យវិស័យសន្តិសុខឯកជន ឲ្យមានការរីកចម្រើនប្រកបដោយនិរន្តភាព និងគុណភាពខ្ពស់។
លោកបញ្ជាក់ថា នេះជាលើកទី៧១ ដែលនាយកដ្ឋានគ្រប់គ្រង សន្តិសុខឯកជន ជាសេនាធិការជូនអគ្គស្នងការដ្ឋាននគរបាលជាតិ បានរៀបចំបើកវគ្គបំប៉នជំនាញ ភ្នាក់ងារសន្តិសុខឯកជន ដល់ភ្នាក់ងារសន្តិសុខឯកជនបម្រើសេវាកម្ម និងមិនបម្រើសេវាកម្ម។
នៅក្នុងវគ្គបំប៉នជំនាញនេះ សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹងលើ ប្រធានបទសំខាន់ៗ ដែលកំពុងតែជួបប្រទះ និងប្រឈមក្នុងការ អនុវត្តការងារជាប្រចាំថ្ងៃ ដូច្នេះសិក្ខាកាមទាំងអស់ ត្រូវខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ត្រង់ត្រាប់ស្តាប់វាលឃ្មិនពន្យល់ និងចែករំលែកនូវបទពិសោធន៍ដែលខ្លួនមាន ក្នុងវគ្គបំប៉នជំនាញនេះ ហើយក្រេបយកចំណេះដឹងទាំងនេះទៅបំពេញតួនាទីរបស់ខ្លួន ក្នុងផ្លូវវិជ្ជមានប្រកប ដោយប្រសិទ្ធិភាពខ្ពស់ ដើម្បីការពារផលប្រយោជន៍ឯកជន សារធារណៈ និងសង្គមជាតិយើងទាំងមូល៕