(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ បានឯកភាពគ្នាក្នុងការធ្វើកិច្ចសហការលើវិស័យដីធ្លី ជាមួយក្រសួងរៀបចំដែនដី ដើម្បីប្រែក្លាយដីឱ្យទៅជាធនាគារដីដែលអាចជួយជំរុញកំណើនសេដ្ឋកិច្ចជាតិបានយ៉ាងល្អ

នាកិច្ចប្រជុំនោះ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែបានលើកឡើងថាយើងទាំងអស់គ្នាត្រូវរៀបចំផ្ទះសម្បែងរបស់យើងឱ្យបានរៀបរយ ហើយមិនមានពេលវេលាណាដែលអំណោយផលដូចពេលនេះទេ ក្នុងការរៀបចំផ្ទះសម្បែងរបស់យើងឱ្យបានត្រឹមត្រូវនិងមានរបៀបរៀបរយ។

លោកឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា ជាទូទៅប្រាក់ដុល្លារ និងប្រាក់រៀល អាចដំណើរការនៅក្នុងលំហូរសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន ដែលនេះគឺជារឿងដ៏ល្អមួយសម្រាប់កម្ពុជា បានដើរលើផ្លូវដ៏ត្រឹមត្រូវតាំងពីឆ្នាំ១៩៧៩ មក។ លោកបានបន្ថែមថា ការសម្រួលអត្រាការប្រាក់នឹងជួយបន្ធូរដល់បំណុលឯកជន ដែលអាចឈានទៅបន្ធូរដល់បំណុលសាធារណៈផងដែរ។

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បានលើកសំណើដល់ធនាគារជាតិនៃកម្ពុជា ឯកភាពសហការជាមួយក្រសួង ក្នុងកម្រិតណាលើវិស័យដីធ្លី ដើម្បីប្រែក្លាយដីឱ្យទៅជាធនាគារដី ដែលអាចជួយជំរុញកំណើនសេដ្ឋកិច្ចជាតិបានយ៉ាងល្អ។

ជាការឆ្លើយតប លោកស្រី ជា សិរី បានឱ្យដឹងអំពីស្ថានភាពវិស័យធនាគារនិងទំនាក់ទំនងជាមួយវិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជា ដោយក្នុងនោះលោកស្រី បានផ្តាំផ្ញើដល់អ្នកដែលទទួលបានបណ្ណកម្មសិទ្ធិដីធ្លីពីរាជរដ្ឋាភិបាលហើយនោះ ត្រូវថែរក្សាទុកជាកេរមរតក និងសូមកុំយកទៅលក់ឬដាក់បញ្ចាំនៅធនាគារភ្លាមៗ ហើយត្រូវប្រើប្រាស់បណ្ណកម្មសិទ្ធិនេះប្រកបដោយការទទួលខុសត្រូវ។

បន្ថែមពីនេះ លោកស្រី បានបញ្ជាក់ថា ទំនាក់ទំនងរវាងអចលនទ្រព្យនិងធនាគារគឺមានភាពស្អិតរមួត តាមរយៈការដាក់ទ្រព្យបញ្ចាំដើម្បីបានប្រាក់កម្ចី ហើយការឡើងឬចុះនៃតម្លៃអចលនទ្រព្យក៏មានផលប៉ះពាល់ដល់ធនាគារដែរ។ លោកស្រី បានឯកភាពក្នុងការធ្វើកិច្ចសហការជាមួយក្រសួង ក្នុងកម្រិតសមស្របណាមួយដើម្បីជំរុញឱ្យសេដ្ឋកិច្ចជាតិដំណើរការល្អផងដែរ៕