(ភ្នំពេញ)៖ មិត្តភាពរវាងកម្ពុជា និងចិន ត្រូវបានចាក់ឫសគោលការណ៍បច្ចសីលាសន្តិសហវិជ្ជមាន ការគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីគ្នាទៅវិញទៅមក ការមិនឈ្លានពានគ្នាទៅវិញទៅមក ការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក សមភាព និងការផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក និងសន្តិសហវិជ្ជមាន។ ប្រទេសទាំងពីរកំពុងរួមគ្នាដោះស្រាយបញ្ហាប្រឈមរួម និងជាសកល ពង្រឹងទំនាក់ទំនងនៅគ្រប់កម្រិត និងគ្រប់វេទិកាទាំងអស់ និងលើកកម្ពស់ការយោគយល់គ្នាកាន់តែស៊ីជម្រៅ ដើម្បីធានាថាប្រទេសទាំងពីរបន្តសមិទ្ធផលដ៏អស្ចារ្យនៅថ្នាក់ជាតិ ថ្នាក់តំបន់ និងពិភពលោក។

ជាក់ស្តែងនាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ ម្សិលមិញ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី៤ ស្ដីពី «ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ: ទំព័រថ្មីនៃសហគមន៍កម្ពុជា-ចិន ដែលមានអនាគតរួមគ្នាក្នុងយុគសម័យថ្មី»។ ដែលជាវេទិកានេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងទ្វេភាគីរបស់យើង។ ចាប់តាំងពីត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៩ វេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន បានដើរតួនាទីជាមជ្ឈមណ្ឌលនៃកិច្ចសហប្រតិបត្តិការផ្នែកបញ្ញាញាណ និងជំរុញកិច្ចសន្ទនារវាងបញ្ញវន្ត អ្នករៀបចំគោលនយោបាយ និងអ្នកដឹកនាំគំនិតនៃប្រទេសទាំងពីរ និងទាំងក្នុងនិងក្រៅតំបន់។

ជាមួយគ្នានេះដែរ លោកសាស្រ្តាចារ្យបណ្ឌិត ចេន ចាន់មីន (Zhen Zhanmin) អនុប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន បានលើកឡើងថា ប្រទសចិន និងកម្ពុជា ជាមិត្តល្អ រួមសុខទុក្ខ និងជួយគ្នាទៅវិញទៅមក ហើយទំនាក់ទំនងទ្វេរភាគី បានរក្សានូវការអភិវឌ្ឍកម្រិតខ្ពស់អស់រយៈពេលជាយូរមកហើយ។ ជាពិសេសការកសាងសហគមន៍វាសនារួមកម្ពុជា និងចិន បានបន្តអភិវឌ្ឍន៍យ៉ាងស៉ីជម្រៅ ប្រមូលផ្តុំបទពិសោធន៍ដ៏មានតម្លៃ និងដើរតួជាគំរូក្នុងការកសាងសហគមន៍វាសនារួម សម្រាប់ប្រទេសជិតខាង និងមនុស្សជាតិ។

អនុប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន បានបន្ថែមថា ប្រទេសចិន បានយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយព្រះរាជវង្សានុវង្សកម្ពុជា ហើយមានឆន្ទៈធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងលទ្ធផលជាយុទ្ធសាស្ត្រ នៃទំនាក់ទំនងទ្វេរភាគីកម្ពុជា។ ចំណុចទាំងនេះបានគូសប្លង់មេ សម្រាប់ធ្វើឱ្យស៉ីជម្រៅ និងអភិវឌ្ឍន៍បន្ថែមទៀត នៃទំនាក់ទំនងរវាងកម្ពុជា និងចិន ហើយក៏បានផ្តល់នូវចក្ខុវិស័យ និងការកំណត់គោលដៅនៃកិច្ចពិភាក្សា

សម្រាប់លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា វេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី៤ គឺបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់កម្ពុជា និងចិន ក្នុងការប្រែក្លាយគំនិតដែលជាចក្ខុវិស័យទៅជាយុទ្ធសាស្ត្រជាក់ស្តែង ដែលផ្តល់អត្ថប្រយោជន៍ដល់សង្គម និងរួមចំណែកដល់ស្ថិរភាពតំបន់ និងពិភពលោក។

លោកបណ្ឌិត គិន ភា បានគូសបញ្ជាក់ថា វេទិកានេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹង និងការព្រងីកចំណងមិត្តភាពយូរអង្វែងរវាងកម្ពុជា និងចិន ការជំរុញវិបុលភាពរួម និងការរៀបចំអនាគតដ៏ត្រចះត្រចង់។ វេទិកានេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងទ្វេភាគី។ ចាប់តាំងពីត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៩ វេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន បានដើរតួនាទីជាមជ្ឈមណ្ឌលនៃកិច្ចសហប្រតិបត្តិការផ្នែកបញ្ញាញាណ និងជំរុញកិច្ចសន្ទនារវាងបញ្ញវន្ត អ្នករៀបចំគោលនយោបាយ និងអ្នកដឹកនាំគំនិតនៃប្រទេសទាំងពីរ និងទាំងក្នុង និងក្រៅតំបន់។

លោកបណ្ឌិត គិន ភា បានរម្លឹកថា កម្ពុជា និងចិនបានចងភ្ជាប់ដោយចំណងប្រវត្តិសាស្ត្រដ៏ស៊ីជម្រៅប្រកបដោយការគោរពគ្នាទៅវិញទៅមក និងសាមគ្គីភាព។ ការណ៍នេះអាចឆ្លុះបញ្ចាំងតាមរយៈការគាំទ្ររបស់ប្រទេសចិនក្នុងអំឡុងពេលនៃកិច្ចខិតខំប្រឹងប្រែងកសាងសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា និងការបន្ស៊ីគ្នារវាងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់ចិន និងយុទ្ធសាស្ត្រចតុកោណគ្រប់ដំណាក់កាល និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

ដោយឡែកលោកបណ្ឌិត ឃី សុវណ្ណរតនា រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងចិន នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៥៨ ប្រទេសទាំងពីរ បានអភិវឌ្ឍន៍ទំនាក់ទំនងនេះយ៉ាងរឹងមាំ និងលើវិស័យជាច្រើន ជាពិសេសកិច្ចសហប្រតិ​បត្តិការលើវិស័យសំខាន់ៗរួមមាន៖ នយោបាយ សេដ្ឋកិច្ច យោធា និងវប្បធម៌ជាដើម។

លោកបបណ្ឌិត ឃី សុវណ្ណរតនា បានឱ្យដឹងថា៖ «ទំនាក់ទំនងនេះបានបញ្ជាក់ពីភាពរឹងមាំនៃប្រទេសទាំងពីរ ភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា និងចិន បានផ្តល់ផលប្រយោជន៍ទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ចទៅវិញ ទៅមក។ បច្ចុប្បន្នចិន ជាដៃគូពាណិជ្ជកម្មធំបំផុត ជាអ្នកវិនិយោគបរទេសធំជាងគេ និងជាអ្នកផ្តល់ជំនួយអភិវឌ្ឍន៍ដ៏សំខាន់របស់កម្ពុជា»

ត្រង់ចំណុចនេះ ត្រូវបានលោកបណ្ឌិត ឃី សុវណ្ណរតនា បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរបស់កម្ពុជា និងចិន មានសារៈសំខាន់ណាស់ក្នុងការសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ របស់កម្ពុជាដើម្បីប្រែក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ដោយផ្តោតលើវិស័យផលិតថាមពល និងហេដ្ឋារចនាសម្ព័ន្ធ។ កិច្ចសហការនេះនឹងអាចពង្រឹងសមត្ថភាពផ្នែកឧស្សាហកម្ម ជំរុញការបង្កើតថ្មី និងបង្កើតឱកាសការងារដោយស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់ប្រទេសចិន។ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់កម្ពុជា ដែលផ្តល់សារសំខាន់សម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍកម្ពុជា។

កន្លងទៅថ្មីៗនេះ នៅខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម កិច្ចប្រជុំកំពូលមហាអនុតំបន់ទន្លេមេគង្គ (GMS) លើកទី៨ កិច្ចប្រជុំកំពូលយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច Ayeyawady-Chao Phraya-Mekong (ACMECS) លើកទី១០ និងកិច្ចប្រជុំកំពូលកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម (CLMV) លើកទី១១ ទីក្រុងគុនមីង ប្រទេសចិន។

បើតាមលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជា បានប្រកាន់នូវនយោបាយមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសទាំងពីរ ជាពិសេសកម្ពុជា បានប្រកន់យកគោលការណ៍ចិនតែមួយ។

លោកបណ្ឌិត សុខ ទូច បានរម្លឹកថា នៅពេលស្ថានភាពរីករាលដាលនៃជំងឺកូវីដ១៩ គឺមានតែប្រទេសចិនមួយប៉ុណ្ណោះ បានចូលមកជួយកម្ពុជា ដែលប្រទេសដទៃមិនអាចជួយកម្ពុជាបានគឺទី១៖ ការផ្តល់ជំនួយជាវ៉ាក់សាំង សម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជា, ទី២៖ ផ្តល់ជាម៉ាស់។ គេនៅចាំបានយ៉ាងច្បាស់ថា កាលពីខែកុម្ភៈ ឆ្នាំ ២០២០ ក្នុងខណៈពេលដែលជំងឺកូវីដ១៩ បានចាប់ផ្តើមផ្ទុះរាលដាលខ្លាំងនៅប្រទេសចិន ដែលប្រទេសមួយចំនួនបានជម្លៀសប្រជាពលរដ្ឋចេញពី ប្រទេសចិនឬផ្អាកជើងហោះហើរជាមួយចិននោះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានក្លាយជាថ្នាក់ដឹកនាំបរទេសរូបដំបូងបង្អស់ ដែលទៅបំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងបរិបទកូវីដ ដែលនាំឱ្យប្រជាជនទូទាំងប្រទេសចិនមានក្តីរំភើប និងនាំគ្នាបង្ហោះសារតាមបណ្តាញទំនាក់ទំនងសង្គម ដើម្បីថ្លែងអំណរគុណចំពោះសមានចិត្ត របស់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ដោយបាននាំគ្នាហៅសម្តេចតេជោថា «បុរសសង្ហាដើរបញ្ច្រាសទិស» ហើយពាក្យថា «មិត្តដែកថែប» បានត្រូវប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រទេសទាំងពីរ ។

៣ឆ្នាំក្រោយមក ពោលគឺនៅដើមឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានធ្វើដំណើរទស្សនកិច្ចជាថ្មីម្តងទៀតលើទឹកដីចិន។ ក្នុងកិច្ចជំនួបជាមួយលោក ស៊ី ជីនភីង ប្រធានរដ្ឋចិន ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកម្ពុជានិងចិន បានឯកភាពគ្នាស្តីពីការអភិវឌ្ឍក្របខណ្ឌ កិច្ចសហប្រតិបត្តិការដោយផ្តោតសំខាន់លើវិស័យចំនួន៦ រួមមាន៖ នយោបាយ, ផលិតកម្ម, កសិកម្ម, ថាមពល, សន្តិសុខ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ពោលគឺ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» ដើម្បីឆ្ពោះទៅរកការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងកម្រិតថ្មីមួយទៀត។

ផ្តើមចេញពីចំណងមិត្តភាពជិតពីរពាន់ឆ្នាំ ដល់ការបង្កើតចំណងការទូត រហូតដល់ការក្លាយជា «មិត្តដែកថែប» និងឆ្ពោះទៅរកកិច្ចសហប្រត្តិបត្តិការត្បូងពេជ្រ ទំនាក់ទំនងរវាងកម្ពុជានិងចិនបានវិវឌ្ឍរីកចម្រើនជាលំដាប់ ភាគីទាំងពីរមានទំនុកចិត្តខ្ពស់ខាងយុទ្ធសាស្ត្រ និងនយោបាយទៅវិញទៅមក យុទ្ធសាស្ត្រអភិវឌ្ឍន៍មានភាពស៊ីចង្វាក់គ្នាខ្ពស់ ព្រមទាំងផ្តល់ការគាំទ្រទៅវិញទៅមកលើកិច្ចការអន្តរជាតិ បញ្ហាយកចិត្តទុកដាក់រួម និងបញ្ហាស្នូលនៃសមភាគី គោរពអធិបតេយ្យភាពរវាងគ្នានិងគ្នាយ៉ាងប្រាកដប្រជា ធ្វើឱ្យដួងចិត្តនៃប្រជាជនតភ្ជាប់គ្នាយ៉ាងស្អិតល្មួត។ ដំណើរឆ្ពោះទៅរកការរួមគ្នាកសាងសហគមន៍រួមវាសនាកម្ពុជា-ចិន ក្នុងយុគសម័យថ្មីមានភាពរលូន ដែលក្លាយជាគំរូភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសធំ និងប្រទេសតូច ក៏ដូចជាចំណងមិត្តភាពដែលមានជោគវាសនារួម៕