(ភ្នំពេញ)៖ សភានៃព្រះរាជាណាចក្រកម្ពុជាមានព្រឹទ្ធសភា​ និងរដ្ឋសភា សហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពី «វឌ្ឍនភាព នៃវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈការអនុវត្តយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១» នៅថ្ងៃទី២៥ ខែមីនាឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកវេទិកាដ៏មានសារៈសំខាន់នេះ។ សម្តេចមានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង និងបានថ្លែងអរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ឧត្តមឧត្តមរបស់ លោក លោកស្រីទាំងអស់ ជាពិសេសវត្តមានរបស់ លោករដ្ឋមន្រ្តី និងសហការី ដែលបានអញ្ជើញមក វិមានរដ្ឋសភា ចូលរួមវេទិកាមួយនេះ។

សម្តេចប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា វេទិកាដ៏មានសារៈសំខាន់នេះ នឹងផ្ដល់នូវឱកាសដ៏មានតម្លៃជូនដល់ លោក លោកស្រី ទាំងអស់ ដែលសុទ្ធសឹងជា អ្នកតាក់តែងច្បាប់ អ្នកអនុម័តច្បាប់ អ្នកបង្កើតគោលនយោបាយ អ្នកអនុវត្តផ្ទាល់ និងអ្នកជំនាញ លើវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការចែករំលែកពីវឌ្ឍនភាពការងារ ពិភាក្សា និងផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ជំនាញ លើប្រធានបទនេះ ដែលរួមចំណែកដ៏សំខាន់ ក្នុងការអភិវឌ្ឍ និងគ្រប់គ្រងវិស័យនេះឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត៕