(សៀមរាប)៖ លោក ហ៊រ រិទ្ធានូ អនុប្រធានក្រុមការងារគណបក្សចុះជួយ សង្កាត់ក្របីរៀល តំណាងលោកបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមជាមួយលោក សាខុន ប៉ូរិន ប្រធានបណ្តាញសង្គមស៊ីវិលកម្ពុជា(CCN) និងលោក ឈួន យ៉ែប ចៅសង្កាត់ក្របីរៀល នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីចែកចង្រ្កាន បង្កើនថាមពលព្រៃមាន់ ដែលជាអំណោយរបស់ក្រុមហ៊ុន Guangzhou Iceberg Environmental Consulting Services Co Ltd ជូនប្រជាពលរដ្ឋចំនួន៧៩៦គ្រួសារ នៅភូមិចំនួន៥ នៃសង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប។
ពិធីប្រគល់ជូនចង្រ្កានថាមពលខាងលើ បានបង្ហាញអំពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ចំពោះប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដើម្បីចូលរួមចំណែកកាត់បន្ថយការបំពុលបរិស្ថាន កាត់បន្ថយការប្រើប្រាស់អុសឬធ្យូង ចំណាយថវិកាតិច ចំណេញច្រើន និងជួយសម្រួលដល់ការធ្វើម្ហូបអាហាររបស់ប្រជាពលរដ្ឋផងដែរ៕