(កំពង់ចាម)៖ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ បានប្រារព្ធពិធីអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»។
បន្ទាប់ពីការរាំរបាំ និងការសម្ដែងល្ខោនបាសាក់ រៀបចំដោយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងថា ទិវាវប្បធម៌ជាតិ ជាទិវាមួយដ៏មានសារៈសំខាន់របស់ប្រជាជាតិកម្ពុជាក៏ជាឱកាសមួយដែលមាន តម្លៃបំផុត ដើម្បីចូលរួមបំផុសនូវមនសិការស្រលាញ់សិល្បៈ វប្បធម៌ទំនៀមទម្លាប់ប្រពៃណី និងកេរដំណែលដូនតាជាច្រើនទៀត ដែលជាដួងព្រលឹង និងអត្តសញ្ញាណជាតិ សម្រាប់ប្រជាជនខ្មែរគ្រប់រូប ក្នុងគោលបំណងធានាឱ្យ បាននូវការអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ប្រកបដោយចីរភាព និងបរិយាបន្ន ស្របតាមគោលនយោបាយជាតិស្ដីពីវិស័យវប្បធម៌ និងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
អភិបាលខេត្ត បានបន្តថា ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ ដល់ការលើកកម្ពស់តម្លៃចំពោះវប្បធម៌ អរិយធម៌ជាតិ ដ៏ឧត្តុងឧត្តមនេះ រាជរដ្ឋាភិបាលកម្ពុជាសម្រេចរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ក្នុងគោលបំណងជំរុញ លើកទឹកចិត្តប្រជាជនខ្មែរទូទាំងក្នុង និងក្រៅប្រទេស ជាពិសេសយុវជនបន្តវេនឱ្យចូលរួមកាន់តែសកម្មថែមទៀតក្នុងសកម្មភាពវប្បធម៌ ដោយបង្កើនការយល់ដឹងអំពីតម្លៃ ដ៏មហាសាល នៃសម្បត្តិវប្បធម៌ជាតិ ក្នុងន័យលើកកម្ពស់ស្មារតីមោទនភាពជាតិ មនសិការស្នេហាជាតិ ភាពជាម្ចាស់នៃកេរដំណែលនៃវប្បធម៌ជាតិ និងភាពជាប្រជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន៕