(បាត់ដំបង)៖ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាណន់ ដឹកនាំដោយ លោក ស្រេង សុខា អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខានិងសហការី នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សប្បុរសជន តាមរយៈអនុសាខាស្រុក ទៅជួយឧបត្ថម្ភជូនដល់គ្រួសារប្រជាពលរដ្ឋ ចំនួន ១គ្រួសារ ដែលមានជីវភាពខ្វះខាត និងមានជំងឺធ្ងន់ធ្ងរ ស្ថិតនៅភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ ។
នាឱកាសនោះ លោក ស្រេង សុខា បានពាំនាំមកនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខពី លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងជាពិសេសពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជូនចំពោះគ្រួសារអ្នកជំងឺដោយក្តីនឹករឭកបំផុត ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ចាស់ជរា ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនងាយរងគ្រោះ និង ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។
អំណោយ មនុស្សធម៌ដែលអនុសាខាស្រុកផ្តល់ជូនរួមមាន៖ អង្ករ ៥០គីឡូក្រាម មី១កេស ត្រីខ ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកសុទ្ធ១កេស និងថវិកាចំនួន ៥០ម៉ឺនរៀល ក្នុងនោះថវិកាអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាណន់ ២០០ ០០០រៀល និងថវិកា សប្បុរសជន ៣០០ ០០០រៀលផងដែរ៕