(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ក្រុមហ៊ុន អាយអិនជី ហូលឌីង បានចាប់ផ្ដើមលើកធ្នឹមស្ពានបេតុងអាម៉េទី២នៃគម្រោងស្ថាបនាមហាវិថី ឈុន គង់ ប៉ែកខាងកើតនៃតំបន់អភិវឌ្ឍន៍ទីក្រុងរណប អុឹង ស៊ីធី (ING City) ដោយមានវត្តមាន ករុណាសីលវិសុទ្ធិ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ចាយ គង់ ជាមាតាបង្កើតរបស់អ្នកឧកញ៉ា  អុឹង ប៊ុនហ៊ូវ ប្រធានអគ្គនាយកក្រុមហ៊ុន អាយអិនជី ហូលឌីង និងលោកអគ្គនាយកក្រុមហ៊ុនអញ្ជើញចុះពិនិត្យការដ្ឋានដោយផ្ទាល់។

គួរបញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ កំណាត់មហាវិថី ឈុន គង់ ប៉ែកខាងលិច បានបញ្ចប់ការសាងសង់ស្ទើរ១០០% ក្នុងនោះរួមមាន ការអ៊ុតបេតុងកៅស៊ូ ACប្រវែង២.០០០ម៉ែត្រ គូសគំនូសចរាចរណ៍ ការដំឡើងអំពូលភ្លើងបំភ្លឺផ្លូវ និងការសាងសង់ស្ពានបេតុងអាម៉េទី១ និងបានដាក់ឱ្យប្រើប្រាស់ជាសាធារណៈដំណាក់ការទី១។ រីឯកំណាត់មហាវិថី ឈុន គង់ ប៉ែកខាងកើត ក្រុមហ៊ុន អាយអិនជី ហូលឌីង បាននិងកំពុងបន្តការសាងសង់ស្ពានបេតុងអាម៉េទី២ ដើម្បីតភ្ជាប់កំណាត់ប៉ែកខាងកើត និងឈានទៅដំណាក់កាលចុងក្រោយនៃការសាងសង់ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅក្នុងខែមិថុនា ឆ្នាំ២០២៥។

សូមបញ្ជាក់ផងដែរថា នៅលើមហាវិថី ឈុន គង់ នឹងត្រូវសាងសង់ស្ពានបេតុងអាម៉េឆ្លងកាត់ចំនួន២កន្លែង ដែលមានបណ្ដោយប្រវែង៤០ម៉ែត្រ ទទឹង២០,៨៦ម៉ែត្រ ដោយស្ពានទី១ (នាប៉ែកខាងលិច) ឆ្លងកាត់ប្រឡាយរលួស ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ជើងឯក ខណ្ឌដង្កោនិងស្ពានទី២ (នាប៉ែកខាងកើត) ឆ្លងកាត់ប្រឡាយស្ទឹងជ្រៅ ស្ថិតក្នុងភូមិសាស្រ្តសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

មហាវិថី ឈុន គង់ ត្រូវបានប្រារព្ធពិធីបើកការដ្ឋានស្ថាបនា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ។ មហាវិថី ឈុន គង់ គឺជាផ្លូវមេទី៣ នៅក្នុងចំណោមបណ្តាញផ្លូវសរុបចំនួន ៦១ខ្សែក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណប ING City ដែលទទួលសិទ្ធិអភិវឌ្ឍន៍ដោយក្រុមហ៊ុនក្នុងស្រុកដ៏ធំមួយគឺ ក្រុមហ៊ុន អាយអិនជី ហូលឌីង របស់អ្នកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ។ ផ្លូវមេចំនួន២ខ្សែទៀត រួមមាន ផ្លូវមេទី១ គឺមហាវិថី សម្តេចតេជោ ហ៊ុន សែន និងផ្លូវមេទី២ គឺមហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង។ មហាវិថី ឈុន គង់ ជាមហាវិថីមួយខ្សែស្ថិតនៅចំកណ្ដាលទទឹងនៃតំបន់អភិវឌ្ឍន៍ទីក្រុងរណប ING City តភ្ជាប់ពីផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ឆ្ពោះទៅកាន់ផ្លូវជើងឯក(ផ្លូវលេខ២១៧) មានប្រវែង ៤.០០០ម៉ែត្រ គិតត្រឹមព្រំប្រទល់នៃតំបន់អភិវឌ្ឍន៍ និងមានលំហផ្លូវប្រវែង៥០ម៉ែត្រ ក្នុងនោះទំហំ២០ម៉ែត្រជាតួផ្លូវសម្រាប់យានជំនិះ និងចិញ្ចើមផ្លូវទំហំ ១៥ម៉ែត្រសងខាង។ មហាវិថីមួយនេះ នឹង ដើរតួនាទីយ៉ាងសំខាន់ជួយដោះស្រាយភាពកកស្ទះចរាចរណ៍ សម្រួលដល់ការដឹកជញ្ជូនទំនិញ ពិសេសជួយឱ្យប្រជាពលរដ្ឋចំណេញទាំងពេលវេលា និងថវិកាជាច្រើន។ល។

យោងតាមប្រសាសន៍ លោក អ៉ឹង ស៊ីវខូវ អគ្គនាយកក្រុមហ៊ុន អាយអិនជី ហូលឌីងតាមគម្រោងការស្ថាបនាមហាវិថី ឈុន គង់  នឹងត្រូវចំណាយថវិកាសរុបជិត២២លានដុល្លារអាមេរិក និងបានប្រើប្រាស់ដីសរុបប្រមាណ ២០ហិកតា ដោយក្នុងនោះបានប្រើប្រាស់ដីកម្មសិទ្ធិរបស់ក្រុមហ៊ុន អាយអិនជី ហូលឌីង ទំហំសរុបប្រមាណ ១៥ហិកតា។

លោកបានបន្តទៀតថា ក្រុមហ៊ុនបានយកចិត្តទុកដាក់ខ្លាំងលើគុណភាពផ្លូវ (ស្របតាមបទដ្ឋានរបស់ក្រសួងសាធារណៈការនិងដឹកជញ្ជូន) ក្នុងគោលបំណងនៃការប្រើប្រាស់បានយូរអង្វែង រាប់បញ្ចូលទាំងការចាក់បំពេញដីលើកជាតួផ្លូវ ដោយបានប្រើប្រាស់មាឌដីសរុប ១លាន ៣សែន ម៉ែត្រគូប ជាប្រភេទដីអំបិល និង ការស្ថាបនាគ្រឹះដោយបានប្រើប្រាស់ល្បាយថ្មមិចប្រមាណ ៨៥.១២០ ម៉ែត្រគូប ជាពិសេសការក្រាលកៅស៊ូបេតុងកម្រាស់ស្តង់ដារ១០សង់ទីម៉ែត្រ។ គិតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនបានបញ្ចប់ទាំងស្រុងលើការចាក់បំពេញដីលើកជាតួមហាវិថីនិងការងារគ្រឹះមហាវិថីផងដែរ ជាពិសេសការស្ថាបនាមហាវិថី និងស្ពានប៉ែកខាងលិច ត្រូវបានបញ្ចប់ស្ទើទាំងស្រុង និងបានដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្នផងដែរ ដើម្បីជួយសម្រួលចរាចររបស់ប្រជាពលរដ្ឋពីមហាវិថី សម្ដេចតេជោ ហ៊ុន សែន ទៅផ្លូវជើងឯក(ផ្លូវលេខ២១៧)។

លោក អុឹង ស៊ីវខូវ បានលើកឡើងដោយសុទិដ្ឋិនិយមថា តំបន់អភិវឌ្ឍន៍ទីក្រុងរណប ING City ស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ ជាតំបន់ដែលកំពុងមានការអភិវឌ្ឍខ្លាំងបើធៀបនឹងតំបន់នានាក្នុងរាជធានីភ្នំពេញ និងទទួលបាននូវការវិនិយោគយ៉ាងគំហុក ក្លាយទៅជាតំបន់នៃចរន្តសេដ្ឋកិច្ច ពាណិជ្ជកម្មចម្រុះ និងការអភិវឌ្ឍយ៉ាងរីកចម្រើនគួរឱ្យកត់សម្គាល់ និងទាក់ទាញខ្លាំងបំផុតសម្រាប់ការវិនិយោគទាំងក្រុមហ៊ុនក្នុងស្រុកនិងក្រៅស្រុក ដោយសារមានគម្រោងធំៗជាច្រើនកំពុងតែលេចចេញរូបរាងឡើងជាបន្ដបន្ទាប់នៅតាមបណ្ដោយមហាវិថី សម្ដេចតេជោ ហ៊ុន សែន រួមមាន ផ្សារទំនើបតូចធំ ខុនដូរ គម្រោងលំនៅដ្ឋានសាលារៀន និងអគារពាណិជ្ជកម្មជាច្រើន ជាពិសេសគឺ គម្រោង «អាកាសយានដ្ឋានអន្តរជាតិតេជោ» លំដាប់ថ្នាក់ 4F ដែលនឹងទាក់ទាញអ្នកវិនិយោគកាន់តែខ្លាំង។

លោកបានបញ្ជាក់បន្ថែមថា តំបន់អភិវឌ្ឍន៍ទីក្រុងរណប ING City អាចលេចចេញជារូបរាងបាន ដោយសារប្រទេសជាតិមានសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកប ដោយភាពឈ្លាសវៃ និងប៉ិនប្រសប់បំផុតរបស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណៈបក្សប្រជាជនកម្ពុជា ជាស្ថាបនិកសន្តិភាព និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្តថែរក្សាសុខសន្តិភាពជូនប្រទេសជាតិ និងបានបង្កនូវបរិយាកាសធុរកិច្ចយ៉ាងល្អប្រសើរជូនដល់វិស័យឯកជន ក្នុងការរួមចំណែកកសាង និងអភិវឌ្ឍវិស័យសេដ្ឋកិច្ច-សង្គមកម្ពុជា។ ក្រុមហ៊ុន អាយអិនជី ហូលឌីង ប្ដេជ្ញាចិត្តក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក្រោមទិសស្លោក «មានផ្លូវ មានស្ពាន មានសង្ឃឹម», ដែលរាជរដ្ឋាភិបាល តែងបានចាត់ទុកផ្លូវ និងស្ពាន គឺជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់បំផុត ហើយក៏ជាកាតាលីករនៃជីវភាពរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ៕