(បាត់ដំបង)៖ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសំឡូត ដឹកនាំដោ លោកស្រី ឌី សាម៉េត តំណាងលោក សើ សាម៉េត អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខា និងសហការី នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សប្បុរសជន តាមរយៈអនុសាខាស្រុក ទៅជួយឧបត្ថម្ភជូនដល់គ្រួសារប្រជាពលរដ្ឋ ចំនួន ២គ្រួសារ ក្នុងនោះរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ចំនួន ១គ្រួសារ និងរងគ្រោះដោយរន្ទះបាញ់ចំនួន ១គ្រួសារ កំពុងសម្រាក់ព្យាបាលនៅគេហដ្ឋានស្ថិតនៅភូមិអន្លង់ពួក ឃុំតាសាញ ស្រុកសំឡូត។
នាឱកាសនោះ លោកស្រី ឌី សាម៉េត បានពាំនាំមកនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខពី លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងជាពិសេសពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជូនចំពោះគ្រួសារអ្នកជំងឺដោយក្តីនឹករឭកបំផុត ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ចាស់ជរា ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនងាយរងគ្រោះ និង ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។
អំណោយ មនុស្សធម៌ដែលអនុសាខាស្រុកផ្តល់ជូនរួមមាន៖ អង្ករ ២៥គីឡូក្រាម ទឹកត្រី ១យួរ ទឹកស៊ីវ ១យូរ ត្រីខ ១យួរ និងមី ១កេសផងដែរ៕