(ក្រចេះ)៖ មន្ទីររ៉ែ និងថាមពលខេត្តក្រចេះ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកអូរគ្រៀងសែនជ័យ បង្រ្កាបទីតាំងធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់មួយកន្លែង ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន៤នាក់ដើម្បីទៅសួរនាំ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥។ ការធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់នេះ នៅក្នុងទីតាំងចំការស្វាយចន្ទីមួយកន្លែង ស្ថិតក្នុងភូមិអូរពោ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។
ប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងខាងលើនេះ គឺត្រូវបានអ្នកជំនាញធ្វើអាជីវកម្មរ៉ែមាស បែបអាណាធិបតេយ្យ ប្រមូលទិញអាចម៌ដីរ៉ែ ពីរណ្តៅដីនៅចំណុចត្រពាំងក្របី ស្រុកសំបូរ ទៅលក់ទៅឲ្យថៅកែជនជាតិចិនដើម្បីយកទៅ ចម្រាញ់ យកមាសដោយប្រើសារធាតុគីមី នៅក្នុងទីតាំងចំកាស្វាយចន្ទីខាងលើ។
ការធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់នៅចំណុចទីតាំងខាងលើ ពួកគេបានប្រើប្រាស់អាងទឹកគីមី ដើម្បីចម្រាញ់យកមាស ហើយទីតាំងនោះគឺត្រូវបានព័ទ្ធរបងហ៊ុំជិត និងដាក់ប៉ារ៉ាស់បិទផ្លូវមិនឲ្យមានអ្នកចេញចូលសេរីនោះឡើយ។
ក្រោយពីមានសេចក្តីរាយការណ៍, មន្ត្រីជំនាញមន្ទីររ៉ែ បានសហការជាមួយសមត្ថកិច្ចស្រុកអូរគ្រៀងសែនជ័យ ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្តក្រចេះ បានចុះទៅពិនិត្យមើលដល់ទីតាំងជាក់ស្ដែង និងបាននាំខ្លួនថៅកែជនជាតិចិនពីរនាក់ កម្មករម្នាក់ និងម្ចាស់ដីម្នាក់ទៀតបញ្ជូនទៅខេត្តដើម្បីបន្តការសួរនាំ។
មន្ត្រីជំនាញនៃមន្ទីរ៉ែ និងថាមពលខេត្តក្រចេះ បានឲ្យដឹងថា ករណីនេះ គឺបានឃាត់ខ្លួនមនុស្ស៤នាក់ បញ្ជូនទៅតុលាការដើម្បីធ្វើការសាកសួរ និងអនុវត្តនីតិវិធីច្បាប់ ដោយពិន័យអន្តរកាល។ ចំពោះទីតាំងធ្វើអាជីវកម្មរ៉ែនោះ មន្ត្រីជំនាញតម្រូវឲ្យម្ចាស់ទីតាំងសំអាតបរិស្ថានឡើងវិញ ដោយដាក់ថ្នាំបន្សាប ហើយកាយលុបទីតាំងនោះឲ្យត្រឡប់ដូចដើមធម្មតាវិញ៕