(កំពង់ឆ្នាំង)៖ ដោយទទួលបានការគាំទ្រពីរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានរៀបចំប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ មានប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ក្រោមអធិបតីភាពលោក ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត លោក យិន សាវ៉េន អភិបាលរងតំណាងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពី តំណាងកងកម្លាំងទាំងបីប្រភេទ លោក លោកស្រី ប្រធានមន្ទីរ អនុប្រធានមន្ទីរជុំវិញខេត្ត អង្គការ សមាគម តំណាងធនាគារ មីក្រូហិរញ្ញវត្ថុ យុវជនកាយឫទ្ធិខេត្ត យុវជនកាកបាទក្រហមកម្ពុជាខេត្ត យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណ ៣៥០នាក់។

លោកអភិបាលរងខេត្ត បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៦ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនីតិកាលទី៧ មានចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែគាំទ្រ លើកទឹកចិត្ត និងបានផ្តល់អាទិភាពខ្ពស់ដោយចាត់ទុកថាវប្បធម៌ គឺជាព្រលឹងជាតិ និងជាអត្តសញ្ញាណជាតិខ្មែរ ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ព្រមទាំងជាមូលដ្ឋានគ្រឹះក្នុងការផ្សះផ្សាសង្គម ឱ្យចេះរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុមរមនា និងគ្មានការរើសអើង។ លោកបានបន្តថា កម្ពុជាជាប្រទេសមួយដែលសម្បូរទៅដោយ សម្បត្តិបេតិកភណ្ឌវប្បធម៌ទាំងរូបី និងអរូបី ដែលបុព្វបុរសរបស់យើងបានកសាង និងបន្សល់ទុកសម្រាប់អ្នកជំនាន់ក្រោយ។

លោក យិន សាវ៉េន ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី សិស្ស និស្សិត ដែលតែងតែចូលរួមគាំទ្រដល់កិច្ចការអភិរក្ស លើកស្ទួយ និងអភិវឌ្ឍន៍វប្បធម៌ជាតិ។ ជាពិសេស ក្នុងឱកាសនៃការប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានសហការជាមួយរដ្ឋបាលខេត្ត ដោយរៀបចំដំណើរការប្រកបដោយភាពរលូន និងអធិកអធមក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ។

ប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» គឺមានចាប់តាំងពីឆ្នាំ២០១៥ រហូតមកទល់ពេលនេះ ដើម្បីធ្វើជារបៀបវារៈនៃការរៀបចំប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ក្នុងគោលបំណងជំរុញឱ្យប្រជាជន មហាជនទូទៅ ជាពិសេសយុវជនដែលជាសសរទ្រូងរបស់ជាតិ និងជាអ្នកបន្តវេនបង្កើនការស្រឡាញ់ និងការទទួលយកនូវចំណេះ សំដៅលើកកម្ពស់ការអភិរក្ស បំផុសស្មារតីចូលរួមក្នុងការផ្ទេរជំនាញបច្ចេកទេសសិល្បៈវប្បធម៌ និងការអភិវឌ្ឍវប្បធម៌ជាតិ ដែលជាមូលដ្ឋាននៃសាមគ្គីភាពនិងភាពសុខដុមរបស់សង្គមជាតិ។ ម្យ៉ាងវិញទៀត តម្លៃមហាសាលនៃវប្បធម៌ជាតិ គឺជាប្រភពធនធានមិនចេះរីងស្ងួតប្រកបដោយសក្តានុពលខ្ពស់ ក្នុងការរួមចំណែកតាមរយៈការបង្កើតសេវាកម្ម និងផលិតផលវប្បធម៌សម្រាប់គោលដៅពាណិជ្ជកម្ម និងទេសចរណ៍ ដើម្បីចូលរួមចំណែកអភិវឌ្ឍផ្នែកសេដ្ឋកិច្ចសង្គម៕