(ភ្នំពេញ)៖ លោកស្រី ឡុង សូនីតា អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា ការពិនិត្យជាសកលតាមកាលកំណត់ (UPR) ជាយន្តការពិសេសរបស់អង្គការសហប្រជាជាតិដែលផ្ដល់ជាវេទិកាសម្រាប់រដ្ឋជាសមាជិកទាំង ១៩៣ប្រទេស ធ្វើការសន្ទនាបែបស្ថាបនា ក្នុងគោលដៅចែករំលែក ឬផ្លាស់ប្តូរនូវឧត្តមានុវត្តន៍ បទពិសោធល្អៗ ចំណុចខ្វះខាត ឬបញ្ហាប្រឈមផ្សេងៗ ដើម្បីធានានូវការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សជាសកលរវាងរដ្ឋដែលជាសមាជិកអង្គការសហប្រជាជាតិ។

ដោយឡែកអនុសាសន៍ទាំង២៣២ ដែលកម្ពុជាបានទទួលយកពីការពិនិត្យជាសកលតាមកាលកំណត់ជុំទី៤នេះ ភាគច្រើនលើសលប់បានជំរុញ និងលើកទឹកចិត្តឱ្យកម្ពុជាបន្តការអភិវឌ្ឍលើគ្រប់វិស័យរបស់ខ្លួនបន្តទៀតពាក់ព័ន្ធនឹងសិទ្ធិនយោបាយ សិទ្ធិពលរដ្ឋ សិទ្ធិវប្បធម៌ សិទ្ធិសេដ្ឋកិច្ច និងសិទ្ធិសង្គមកិច្ច។

ក្នុងឱកាសអញ្ជើញបិទសិក្ខាសាលាថ្នាក់ជាតិ ស្តីពី «ការផ្សព្វផ្សាយនិងតាមដានបន្ត អនុសាសន៍ដែលទទួលបានពីការពិនិត្យជាសកលតាមកាលកំណត់(UPR) ជុំទី៤» នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ លោកស្រី ឡុង សូនីតា បានលើកឡើងយ៉ាងដូច្នេះថា៖ «ដែលនេះជាសក្ខីកម្មដ៏រឹងមាំបញ្ជាក់ថា កម្ពុជាកំពុងដើរលើមាគ៌ាដ៏ត្រឹមត្រូវក្នុងការកសាង និងអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព ដែលនាំទៅដល់ការធានាបាននូវការប្រើប្រាស់សិទ្ធិ និងសេរីភាពជាមូលដ្ឋានកាន់តែទូលំទូលាយ និងប្រសើរឡើងក្រោមម្លប់នៃសន្តិភាព តាមរយៈយុទ្ធសាស្រ្តឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន និងការដឹកនាំប្រកបដោយភាពស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១»

មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារូបនេះ បានបន្តថា ដើម្បីសម្រេចបាននូវសមិទ្ធផលមួយដ៏ល្អប្រសើរ ទាមទារនូវកិច្ចសហប្រតិបត្តិការពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការផ្តល់ជាមតិយោបល់ប្រកបដោយភាពស្ថាបនា ការវាយតម្លៃគ្រប់ជ្រុងជ្រោយដោយគ្មានភាពលំអៀង ប្រកាន់ខ្ជាប់នូវវិធីសាស្ត្រដែលមានតុល្យភាព និងទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយដើម្បីគាំទ្រដំណើរការលទ្ធិប្រជាធិបតេយ្យមួយ ដែលស្របជាមួយស្ថេរភាពនយោបាយ និងសន្តិសុខសាធារណៈក្នុងបរិបទប្រទេសកម្ពុជាផ្ទាល់។

សិក្ខាសាលាថ្នាក់ជាតិនៅថ្ងៃនេះជាការផ្សព្វផ្សាយនូវអនុសាសន៍ UPR ផង ហើយក៏ផ្ដល់ឱកាសជូនដល់តំណាងស្ថាប័ននីតិប្បញ្ញត្តិ រដ្ឋាភិបាល សង្គមស៊ីវិល និងដៃគូអភិវឌ្ឍ ចូលរួមពិភាក្សាគ្នាអំពីអនុសាសន៍និងផែនការនៃការអនុវត្តអនុសាសន៍ទាំងនោះ។ កិច្ចពិភាក្សារយៈពេលពេញមួយថ្ងៃនេះ ពិតជាបានដើរតួនាទីសំខាន់ណាស់សម្រាប់ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ អាចទទួលបាននូវមតិយោបល់ និងធាតុចូលនានា សម្រាប់ដឹកនាំអនុវត្តអនុសាសន៍ទាំងអស់ ព្រមជាមួយនឹងការរៀបចំកសាងផែនការអនុវត្តដែលដើរទន្ទឹមនឹងកិច្ចពិគ្រោះយោបល់ផងដែរ។

លោកស្រី ឡុង សូនីតា បានថ្លែងអំណរគុណ និងសម្តែងការកោតសរសើរខ្ពស់ចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធដែលបានខិតខំអនុវត្តយ៉ាងសកម្មនូវអនុសាសន៍ដែលកម្ពុជាបានទទួលយក និងបានបញ្រ្ជាបអនុសាសន៍ទាំងនោះទៅក្នុងឯកសារច្បាប់ គោលនយោបាយ និងផែនការសកម្មភាពនានា។ លើសពីនេះ កិច្ចសហការរវាងស្ថាប័ននីតិប្បញ្ញត្តិ ក្រសួង ស្ថាប័ន បណ្តាអង្គភាពផ្សេងៗ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍ និងបណ្តាដៃគូការងារតាមស្ថានទូត បានចូលរួមយ៉ាងសំខាន់ក្នុងការសម្រេចនូវគោលបំណងនៃយន្តការ UPR តាមរយៈការអនុវត្តអនុសាសន៍ទាំងនោះដែលរួមចំណែកអភិវឌ្ឍសង្គម ក៏ដូចជាការសម្រេចនូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ដែលសមស្របនឹងនឹងនិន្នាការមិនទុកជនណាម្នាក់ចោលនោះឡើយ។

លោកស្រី ឡុង សូនីតា បានថ្លែងអំណរគុណដល់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដែលតែងតែផ្តល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយនឹងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងដំណើរការនៃការអភិវឌ្ឍ ការអនុវត្ត ការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស តួយ៉ាងដូចជាការគាំទ្រ ក្នុងការរៀបចំសិក្ខាសាលានាថ្ងៃនេះផងដែរ៕