(ភ្នំពេញ)៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានថ្លែងថា សុខដុមនីយកម្មសង្គម ដែលរួមមានការលើកកម្ពស់ការយល់ដឹងនូវអន្តរសាសនា និងការអត់ឱនជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការកសាងសន្តិភាព និងអភិវឌ្ឍន៍ជាតិ, ក្រោមម្លប់សុខសន្តិភាពកម្ពុជាមានសុខដុមនីយកម្មសាសនា ធ្វើឱ្យកម្ពុជាមានវិបុលភាព សន្តិភាព និងសុខដុមរមនា។

សម្តេចប្រធានរដ្ឋសភា បានថ្លែងដូចនេះ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយលោក តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato (Dr.) Johari Abdul) ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី នៅវិមានរដ្ឋសភា ក្នុងឱកាសដែលលោកប្រធាន អញ្ជើញមកចូលរួមពិធីអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនិកឥស្លាមកម្ពុជានៅកម្ពុជា។

សម្តេចប្រធានរដ្ឋសភា បានបន្ថែមថា ពិធីអាហារស្រាយបួសនេះ បានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់សាមគ្គីភាព ការគោរពគ្នា និងការយោគយល់គ្នាក្នុងចំណោមសហគមន៍ដែលមានជំនឿសាសនាចម្រុះ ហើយវត្តមានរបស់ប្រធានរដ្ឋសភាម៉ាឡេស៊ីនៅក្នុងឱកាសនេះ កាន់តែញុំាងឱ្យស្មារតីនេះកាន់តែមានភាពបរិយាបន្ន ។

ការរៀបចំពិធីអាហារស្រាយបួសនេះជាគំនិតផ្តួចផ្តើមផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា តាំងពីពេលដែលសម្តេចនៅជានាយករដ្ឋមន្រ្តី ក្នុងគោលបំណងលើកកម្ពស់សាមគ្គីភាព ការយោគយល់គ្នា និងការរស់នៅជាមួយគ្នាប្រកបដោយក្តីមេត្តា ករុណា រវាងសហគមន៍ឥស្លាមនៅកម្ពុជា ក្រោមម្លប់សន្តិភាព ហើយក៏ជាការផ្តល់ឱកាសសម្រាប់សាសនិកឥស្លាមទាំងអស់ បានជួបប្រាស្រ័យទាក់ទងគ្នា កាន់តែជិតស្និទ្ធ ផ្លាស់ប្តូរគំនិតយោបល់ ចែករំលែកបទពិសោធន៍ល្អៗ និងពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែកដល់ការលើកស្ទួយសុខដុមនីយកម្ម វិស័យឥស្លាមសាសនានៅកម្ពុជា សំដៅរក្សានូវសុខសន្តិភាព ស្ថិរភាព និងសុវត្ថិភាព ទាំងផ្លូវកាយ ផ្លូវចិត្ត និងស្មារតី ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។

ការរៀបចំពិធីអាហារស្រាយបួសរបស់កម្ពុជាកន្លងមក មានការចូលរួមពីប្រធានរដ្ឋសភាថៃ លោក Wan Muhamadnoor Matha តំណាងអគ្គលេខាធិការអង្គការសហប្រតិបត្តិការឥស្លាម (OIC) និង អតីតថ្នាក់ដឹកនាំជាន់ខ្ពស់នៃបណ្ដាប្រទេសជិតខាងជាច្រើនក៏បានមកចូលរួមផងដែរ។

សម្តេចប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា វត្តមានឥស្សរជននយោបាយនិងថ្នាក់ដឹកនាំបរទេស ក្នុងពិធីអាហារស្រាយបួសនៅកម្ពុជាមិនត្រឹមជាការបង្ហាញពីសាមគ្គីភាពសាសនានៅកម្ពុជាប៉ុណ្ណោះទេ តែជាសាមគ្គីភាពសាសនាក្នុងតំបន់និងអន្តរជាតិ។ សម្តេចបានសង្កត់ធ្ងន់ថា សម្តេចជឿជាក់ថា មានតែការទទួលយកនូវភាពខុសគ្នា និងការផ្តល់តម្លៃនូវភាពចម្រុះទេ ទើបយើងអាចធ្វើឱ្យសង្គមជាតិមួយ មានវិបុលភាព សន្តិភាព និងសុខដុមរមនា។

នាឱកាសនោះដែរលោក តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាដ៏មមាញឹកជួបពិភាក្សាការងារ ជាមួយលោកនៅក្នុងឱកាសនេះ។ លោកបានថ្លែងអំណរគុណ និងចាត់ទុកជាកិត្តិយសធំធេងដែលបានចូលរួមពិធីពិសារអាហារស្រាយបួសនៅកម្ពុជា ដែលបានរៀបចំឡើងយ៉ាងអធិកអធម និងទាក់ទាញជាទីបំផុត មានអ្នកចូលរួមប្រមាណ ៦ ០០០នាក់ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

លោកប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា លោកបានជួបពិភាក្សា ផ្លាស់ប្តូរទស្សនយោបល់យ៉ាងច្រើនជាមួយសម្តេចធិបតីនាយករដ្ឋមន្រ្តី និងបានជួបពិភាក្សាជាមួយប្រជាពលរដ្ឋដែលបានចូលរួមកម្មវិធី ទំាងសាសនិកឥស្លាម និងពុទ្ធសាសនិក និងសាសនាផ្សេងៗទៀត។ ពលរដ្ឋទំាងអស់បានធ្វើដំណើរពីខេត្តផ្សេងៗគ្នាដើម្បីចូលរួមកម្មវិធីនេះ ដោយសារចង់ឃើញ ចង់ជួប ចង់ស្តាប់ប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី។

លោក តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល បានលើកឡើងថា សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលបានការគោរពការស្រឡាញ់ពីប្រជាពលរដ្ឋយ៉ាងច្រើនលើសលប់។ ជាមួយគ្នានេះ លោកក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា នៅលើគ្រប់វិស័យផងដែរ៕