(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប សហការជាមួយអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា បានបើកយុទ្ធនាការ «គ្រប់គ្រាន់» ដើម្បីកុមារកម្ពុជាទទួលបាន ជីវជាតិគ្រប់គ្រាន់ អាហារគ្រប់គ្រាន់ និងផ្សព្វផ្សាយពីផលិតផលត្រីកែច្នៃ និងផលិតផលកសិកម្មក្នុងស្រុក។

ពិធីនេះធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ក្រោមវត្តមានរបស់លោក ភឹង ចិន្តារ៉េត សមាជិកក្រុមប្រឹក្សាខេត្ត, លោក លី សារី  អភិបាលរងខេត្ត និងលោក ជេនេស អ៊ីម៉ានូអែល ហ្គីនទីញ នាយកប្រចាំប្រទេសនៃអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា ដោយមានការចូលរួមពីលោក លោកស្រី ជាសមាជិកក្រុមការងារដឹកនាំសម្របសម្រួល វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ​ខេត្ត​សៀមរាប អាជ្ញាធរក្រុង-ស្រុក ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពអ្នកពាក់ព័ន្ធ ចៅសង្កាត់ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និងអង្គការដៃគូជាច្រើនចូលរួមផង​ដែរ។

ក្នុងកិច្ចស្វាគមន៍លោក ជេនេស អ៊ីម៉ានូអែល ហ្គីនទីញ បានលើកឡើងថា បច្ចុប្បន្នអង្គការទស្សនៈពិភពលោក បានសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធ ក្នុងការឆ្លើយតបយ៉ាងសកម្ម ទៅនឹងសុខុមាលភាពកុមារកម្ពុជា នៅតាមមូលដ្ឋាន និងសហគមន៍ ឲ្យបានសមស្របតាមរាជរដ្ឋាភិបាល។

លោកបន្តថា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដើម្បីកំណើនការងារសមធម៌ ប្រសិទ្ធភាព ចីរភាព និងកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ សំដៅបន្តពង្រឹងតួនាទី និងការអភិវឌ្ឍវិស័យកសិកម្មឲ្យទំនើប សម្បូរបែប និងមានភាពធន ដែលគាំទ្រដល់ការអភិវឌ្ឍជនបទសំដៅធានាសន្តិសុខស្បៀង និងសុវត្ថិភាពស្បៀង បង្កើនតម្លៃបន្ថែមខ្ពស់ ព្រមទាំងជំរុញការប្រកួតប្រជែង និងលើកកម្ពស់គុណភាពជីវភាពនៅជនបទ។

លោកបានបន្ដថា តាមការបង្ហាញ បាយ និងស្ករ បានគ្រប់ដណ្តប់ជិត ៨០% នៃបរិមាណកាឡូរី ដែលធ្វើឲ្យរបបអាហារខ្វះសារធាតុចិញ្ចឹមសំខាន់ៗ ប្រហែល ៤២% នៃកុមារ អាយុ ៦-២០ខែ ទទួលបានរបបអាហារដែលអាចទទួលយកបានតិចតួចបំផុត។

លោក លី សារី បាន​លើកឡើងថា ក្នុងនាមរដ្ឋបាលខេត្ត បានគាំទ្រ និងផ្ដល់កិច្ចសហការដល់អង្គការទស្សនៈពិភពលោក ដើម្បីរៀបចំពិធីសម្ពោធយុទ្ធនាការគ្រប់គ្រាន់ ក្រោមពាក្យស្លោក ជីវជាតិគ្រប់គ្រាន់ អាហារគ្រប់គ្រាន់ ដល់កុមារទូទាំងប្រទេស ដើម្បីអំពាវនាវឲ្យមានការវិនិយោគ ភាពជាម្ចាស់ និងការប្តេជ្ញាចិត្តពីភាគីពាក់ព័ន្ធ ដើម្បីកែលម្អរបបអាហារដែលមានសុខភាព និងជម្រុញការប្ដេជ្ញាចិត្ត ក្នុងចំណោមភាគីពាក់ព័ន្ធនានា។

លោកបន្តថា យុទ្ធសាស្ត្រសន្តិសុខភាពស្បៀងជាតិ ឆ្នាំ២០២៤-២០២៨ ដើម្បីលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយស្តី អំពីសុវត្ថិភាពចំណីអាហារ របបអាហារដែលមានសុខភាពល្អ ការជ្រើសរើសអាហារ និងទម្លាប់នៃការបរិភោគឲ្យបានសមស្របដូចជាបន្លែបៃតង ដែលជួយផ្ដល់អាហារូបត្ថម្ភដល់កុមារ។

លោកបញ្ជាក់ថា តាមការព្យាករណ៍ ការកើនឡើងនៃតម្លៃអាហារ ១០% នៅឆ្នាំ២០៣០ និង២០% នៅឆ្នាំ២០៥០ ដោយសារការកើនឡើងនៃថ្លៃដើម ធាតុចូលកសិកម្ម វិបត្តិហិរញ្ញវត្ថុសកល សង្គ្រាម និងការប្រែប្រួលអាកាសធាតុ ដែលធ្វើឲ្យប្រជាពលរដ្ឋដែលងាយរងគ្រោះអាចជួបការលំបាកកាន់តែខ្លាំង ក្នុងការទទួលបានអាហារដែលមានជីវជាតិ។ កត្តាទាំងនេះ រួមចំណែកដល់អសន្តិសុខស្បៀង និងគម្រាមកំហែងដល់ស្ថានភាពអាហារូបត្ថម្ភរបស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ជាពិសេសស្ត្រី និងកុមារ។

លោកបានបន្តថា ការដោះស្រាយបញ្ហាប្រឈម តម្រូវឲ្យមានវិធីសាស្ត្រ មានលក្ខណៈចម្រុះ និងបរិយាបន្ន តាមរយៈការលើកកម្ពស់ភាពចម្រុះនៃរបបអាហារ ការធ្វើឲ្យប្រសើរឡើងនូវ លទ្ធភាពទទួលបានអាហារដែលមានជីវជាតិ ការធ្វើពិពិធកម្មកសិកម្ម និងការអនុវត្តគោលនយោបាយដែលកាត់បន្ថយផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុលើការធ្វើផលិតកម្ម និងតម្លៃម្ហូបអាហារ។

លោក លី សារី បន្ថែមថា ដើម្បីឆ្លើយតបបញ្ហាទាំងនេះ រាជរដ្ឋាភិបាល បានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើបញ្ហាទាំងនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញចូលរួមក្នុងទិវាអាហារូបត្ថម្ភជាតិលើកទី១១ កាលពី ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ ដែលមានខ្លឹមសារសំខាន់ៗ គឺត្រូវជំរុញឲ្យប្រជាពលរដ្ឋឲ្យដាំដុះ និងចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ តាមសហគមន៍ និងតាមសាលារៀន ដើម្បីបង្កើនភាពមានស្បៀង ឲ្យបានគ្រប់គ្រាន់ទាំងបរិមាណ គុណភាព សុវត្ថិភាព និងធានាឲ្យមានប្រភពស្បៀងអាហារចម្រុះមុខ។

ជាមួយនេះលោកបញ្ជាក់ថា ស្បៀងអាហារដែលមានអត្ថប្រយោជន៍ដល់សុខភាព មានដូចជា៖ គ្រាប់ធញ្ញជាតិ បន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត ដែលសម្បូរទៅដោយសារជាតិចិញ្ចឹម និងបរិភោគទឹកមានសុវត្ថិភាព និងប្រតិបត្តិអនាម័យ ដើម្បីទទួលបានអាហារូបត្ថម្ភ និងមានសុខភាពល្អ ជាពិសេសត្រូវបង្កើនចលនាយុវជនយល់ដឹងពីរបៀបធ្វើម្ហូបអាហារខ្មែរ និងលើកកម្ពស់ការបរិភោគអាហារចម្រុះបែបប្រពៃណីខ្មែរ ដោយប្រើប្រាស់អំបិល ស្ករ ខ្លាញ់ និងសារធាតុបន្ថែម រសជាតិផ្សេងៗទៀតក្នុងកម្រិតសមល្មម និងគាំទ្រដល់ម្ហូបអាហារខ្មែរ ដែលសម្បូរសារជាតិ និងមានសុវត្ថិភាព៕