(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ បានអនុញ្ញាតជូនគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank – ADB ) ដឹកនាំដោយលោក Anthony Gil ប្រធានស្តីទីការិយាល័យតំណាង ADB ប្រចាំនៅកម្ពុជា, លោក Sion Mortin តំណាងក្រុមការងារមកពីទីស្នាក់ការកណ្តាលធនាគារ ADB ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជំនួបនេះត្រូវបានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយស្និទ្ធស្នាល ដោយបានពិភាក្សាផ្លាស់ប្តូរយោបល់ជុំវិញការត្រៀមរៀបចំវេទិកាទាក់ទងនឹងពាណិជ្ជកម្មប្រកបដោយចីរភាពរបស់ ADB ដែលនឹងប្រព្រឹត្តឡើង​​នាពេលខាងមុខ, និយាមការថ្មីៗសម្រាប់ការតាក់តែង ឬកំណែទម្រង់ច្បាប់ និងគោលនយោបាយនានាឱ្យស្របតាមនិន្នាការសកល និងកត្តាពាក់ព័ន្ធផ្សេងទៀតដើម្បីជំរុញលើកកម្ពស់បរិយាកាសវិនិយោគ បង្កើនភាពប្រកួតប្រជែង និងទាក់ទាញវិនិយោគថ្មីៗ ឱ្យជ្រើសរើសកម្ពុជាជាទីតាំងបោះទុនក្នុងបរិការណ៍ពិភពលោក និងស្ថានភាពភូមិសាស្ត្រនយោបាយនាពេលបច្ចុប្បន្ន។

នៅក្នុងឱកាសនៃជំនួបពិភាក្សាការងារនេះលោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះគណៈប្រតិភូ ADB និងបានលើកឡើងអំពីច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ខណៈដែលត្រូវបាន​ទទួលស្គាល់ថា​ជាច្បាប់វិនិយោគសេរី និងប្រកបដោយការលើកទឹកចិត្តខ្ពស់សម្រាប់វិនិយោគិន បើធៀបទៅនឹងច្បាប់វិនិយោគ នៃបណ្តាប្រទេសនានានៅក្នុងតំបន់ ប៉ុន្តែកម្ពុជា​ក៏នៅតែមានតម្រូវការ ​ជាចាំបាច់ក្នុង​ការអភិវឌ្ឍគុណសម្បត្តិវិស័យពាក់ព័ន្ធសំខាន់ៗផ្សេងទៀត ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស (Foreign Direct Investment – FDI)។

លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ដើម្បីជាការសម្របសម្រួលដល់វិនិយោគិន ក្នុងការដាក់ពាក្យស្នើសុំវិនិយោគ និងដើម្បីចូលរួមជំរុញការអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ក៏ដូចជាគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ដែលអនុញ្ញាតឱ្យវិនិយោគមានលទ្ធភាពដាក់ពាក្យស្នើសុំវិនិយោគបានពីគ្រប់ទីកន្លែង និងពេលវេលាតាមរយៈប្រព័ន្ធអ៊ីនធឺណេត។

ជាមួយគ្នានេះគណៈប្រតិភូ ADB លើកឡើងអំពីយន្តការប្រព័ន្ធតាមដាន (Traceability) ដែលមានសមត្ថភាពក្នុងការតាមដានផលិតផល(ពិសេសផលិតផលកសិកម្ម) សម្ភារៈ ឬព័ត៌មានពាក់ព័ន្ធគ្រប់ដំណាក់កាល និងផ្តល់នូវភាពច្បាស់លាស់នៃការធ្វើដំណើររបស់ផលិតផល បង្កើនតម្លាភាព និងការយល់ដឹងអំពីខ្សែចង្វាក់ផ្គត់ផ្គង់ ដើម្បីធានាបាននូវផលិតផលដែលមានគុណភាពសមស្របតម្រូវការទីផ្សារនាំចេញ។

តាមរយៈជំនួបនេះដែរលោកឧបនាយករដ្ឋមន្ត្រី សង្ឃឹមថា ADB នឹងបន្តផ្តល់កិច្ចសហការឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមមួយកម្រិតទៀត ពិសេសលើការផ្តល់យោបល់ពាក់ព័ន្ធនឹងការរៀបចំគោលនយោបាយ ការគាំទ្រកំណែទម្រង់គោលនយោបាយ និងការរៀបចំយុទ្ធសាស្រ្តនានាដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀតក្នុងរយៈពេលពីរឆ្នាំខាងមុខ៕