(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ជ.ក.) ជាមួយរដ្ឋបាលខេត្ត ក្រោមអធិបតីភាពលោក ជិន ម៉ាលីន អនុប្រធានប្រចាំការ នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ក្នុងគោលបំណង ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងគូភាគី សំដៅលើកកម្ពស់ គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទតាមរយៈការសម្រុះសម្រួលផ្សះផ្សាក្រៅប្រព័ន្ធតុលាការនៅកម្ពុជា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្ត។
លោក ជាម ច័ន្ទសោភ័ណ បានថ្លែងអំណគុណលោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និតជាមួយរដ្ឋបាលខេត្ត ដើម្បីជាដៃគូសហការជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅ ប្រព័ន្ធតុលាការ និងដើម្បីរួមចំណែកក្នុងការកាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ តាមរយៈយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលជាការចូលរួមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការ ដោះស្រាយវិវាទតាមរយៈការសម្រុះសម្រួល ផ្សះផ្សាក្រៅប្រព័ន្ធតុលាការ។
លោក ជាម ច័ន្ទសោភ័ណ បន្ថែមទៀតថា បណ្តឹងភាគច្រើនដែលរដ្ឋបាលខេត្តទទួលបានពីប្រជាពលរដ្ឋ នាពេលកន្លងមក គឺពាក់ព័ន្ធនឹងវិវាទដីធ្លី ដែលរដ្ឋបាលខេត្តទទួលបានក្នុងឆ្នាំ២០២៤ ទទួលពាក្យបណ្តឹងបាន ១៣៩ករណី ដោះស្រាយចប់ ៣២ករណី កំពុងដោះស្រាយ ៥៧ករណី បញ្ជូនទៅស្ថាប័នពាក់ព័ន្ធ ១៦ករណី ម្ចាស់ដកពាក្យបណ្តឹង ៥ មិនទាន់ដោះស្រាយ ២៩ករណី។
ដោយឡែក ក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៥ ពាក្យបណ្តឹងទទួលបាន ៨០ករណី បណ្តឹងដោះស្រាយចប់ ៤ករណី បញ្ជូនទៅស្ថាប័នពាក់ព័ន្ធ ៤៥ករណី ម្ចាស់ដកពាក្យបណ្តឹង ២ករណី និងមិនទាន់ដោះស្រាយចំនួន ១០ករណី។ រដ្ឋបាលខេត្ត ជំរុញពន្លឿនការដោះស្រាយករណីវិវាទដីធ្លី និង បានបង្កើតគណៈកម្មការសម្របសម្រួល និងដោះស្រាយទំនាស់ដីធ្លីខេត្តកំពង់ស្ពឺផងដែរ។
លោក ជិន ម៉ាលីន បានលើកឡើងថា ការចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ រវាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធ និងរដ្ឋបាលខេត្តកំពង់ស្ពឺ នាពេលនេះ គឺជាការបើកទំព័រថ្មីបន្ថែមទៀត នៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតរវាងវិស័យយុត្តិធម៌ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទតាមការសម្រុះសម្រួល ផ្សះផ្សា ក្រៅប្រព័ន្ធតុលាការ។
លោកបន្តថា តាមរយៈអនុស្សរណៈនេះ នឹងបង្កើនប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងព្រោះថាសំណុំរឿង ដែលបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់, រដ្ឋបាលខេត្តអាចយកសំណុំរឿងនោះមកឱ្យអាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការទទួលស្គាល់ និងរៀបចំចេញជាកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ក្នុងក្របខ័ណ្ឌនៃ អ.ដ.ក។
លើសពីនេះទៀត រដ្ឋបាលខេត្តក៏អាចបញ្ជូនសំណុំរឿងដែលទទួលបានពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្ត មកអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីជួយធ្វើការពិនិត្យ និងដោះស្រាយ។ ជាពិសេស កំណត់ហេតុកិច្ចព្រមព្រៀងបញ្ចប់វិវាទក្នុងក្របខណ្ឌ អ.ដ.ក នឹងមានអនុភាពស្មើនឹងសាលក្រមតុលាការ ដើម្បីបង្កើនប្រសិទ្ធភាពនៃការព្រមព្រៀងបញ្ចប់វិវាទគូភាគីក្រៅប្រព័ន្ធតុលាការ៕