(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ បានរៀបចំពិធីអបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ក្រោមប្រធានបទ «យវជនដើម្បីវប្បធម៍ជាតិ» ក្រោមវត្តមានលោក ស៉ឹម វុទ្ធា អភិបាលរងខេត្តឧត្តរមានជ័យ តំណាងលោក មាន ចាន់យ៉ាដា អភិបាលខេត្ត ដោយមានការចូលរួមពីលោក លោកស្រីជា ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ មន្ត្រីរាជការ សិស្សានុសស្ស ជាច្រើនរូបទៀត។
លោកអភិបាលរងខេត្តឧត្តរមានជ័យ បានថ្លែងថា ពិធីនាពេលនេះធ្វើឡើងក្នុងគោលបំណងបំផុសស្មារតី ស្រឡាញ់ លើកស្ទួយ និងចូលរួមអភិរក្សថែរក្សា មរតកវប្បធម៌ជាតិ ដល់មហាជន ពិសេសយុវជនដែល ជាទំពាំងស្នងឫស្សី ដោយជំរុញឱ្យមានការ បង្កើតនូវការដឹងគុណចំពោះបុព្វការីជន ដែលបានខិតខំប្រឹងប្រែងកសាងសម្បត្តិវប្បធម៌ជាតិ ដ៍សំបូរបែបប្រកបដោយសក្តានុពល ក្នុងការរួមចំណែកអភិវឌ្ឍសង្គម និងភាពសុខសាន្តរបស់ប្រជាជន និងប្រជាជាតិយើង។
លោកអភិបាលរងខេត្តឧត្តរមានជ័យ បានថ្លែងបញ្ជាក់ទៀតថា ជាការពិតណាស់ «យុវជនជាទំពាំងស្នងឫស្សី» ត្រូវតែយល់ដឹងឱ្យកាន់តែច្បាស់អំពីតម្លៃពិតនៃមរតកវប្បធម៌ជាតិ ដែលជាប្រភពចំណេះដឹងមិនចេះរីងស្ងួត ក្នុងការបង្កើតនូវ ផលិតផលភាពការងារ និងជាកាលានុវត្ត ក្នុងការចុលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ ឱ្យប្រកបដោយប្រសិទ្ធភាពខ្ពស់។
ការស្រឡាញ់ និងស្មារតីចូលរួមកាន់តែសកម្ម ក្នុងការថែរក្សាមរតកវប្បធម៌ជាតិ រូបី និងអរូបីនៅលើទឹកដី «ព្រះរាជាណាចក្រនៃវប្បធម៌» ឱ្យបានស្ថិតស្ថេរគង់វង្ស ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិរក្ស អភិវឌ្ឍមរតកវប្បធម៌ជាតិ តាមរយៈការចូលរួមថែរក្សា និងបង្កើតឱ្យមានស្នាដៃច្នៃប្រឌិតឈរលើមូលដ្ឋានគ្រឹះវប្បធម៌ជាតិ បង្កើតឱ្យមានសេវាកម្មផលិតផលវប្បធម៌ ជាចលករក្នុងការជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋានតាមរយៈវិស័យទេសចរណ៍ និងពាណិជ្ជកម្មលក្ខណៈវប្បធម៌ប្រពៃណី។
លោកបានថ្លែងបញ្ជាក់ទៀតថា ដើម្បីចូលរួមកាន់តែសកម្មក្នុងសកម្មភាព ថែរក្សាការពារមរតកវប្បធម៌ជាតិយើង យុវជនត្រូវខិតខំទទួលយកនូវចំណេះដឹងជំនាញ បច្ចេកទេស អំពីមរតកមនុស្សរស់នៅ តាមមូលដ្ឋានខ្លួនក្តី តាមរយៈការសិក្សាស្រាវជ្រាវក្តី ដោយយកចិត្តទុកដាក់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងគោលបំណងចងក្រងរក្សាទុក ឱ្យបានគង់វង្សអំពីប្រភពសម្បត្តិវប្បធម៌ជាតិ ដែលជាទ្រព្យសម្បត្តិមរតករួម របស់ប្រជាជាតិយើង ជាគោលដៅផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅថ្ងៃអនាគតជាសកល និងផ្ទេរបន្តដល់យុវជនជំនាន់ក្រោយដើម្បីបន្តវេន។
លោកថ្លែងសង្កត់ធ្ងន់ថា «ទិវាវប្បធម៌ជាតិ៣មីនា» គឺជាទិវាជាតិដ៍សំខាន់មួយរបស់ប្រជាជាតិខ្មែរ ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់រៀបចំធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងរលឹកគុណូបការៈ និងស្នាដៃដ៏ធំធេងរបស់ បុព្វបុរសយើង ដែលបានបន្សល់ទុកនូវមរតកវប្បធម៌មានតម្លៃនេះ ដល់យើងគ្រប់ៗគ្នាជាកូនចៅជំនាន់ក្រោយ និងជាទិវាបង្កើននូវក្តីស្រឡាញ់ ព្រមទាំងបំផុសស្មារតីចូលរួមថែរក្សាការពារ សម្បត្តិវប្បធម៌ជាតិឱ្យបានគង់វង្ស ស្ថិតស្ថេរជានិរន្ត៍។ លោកថា «វប្បធម៌រក្សាជាតិ បើវប្បធម៌រលត់ ជាតិរលាយហើយ»។
ក្នុងនាមលោក មាន ចាន់យ៉ាដា លោកបានថ្លែងណែនាំដល់មន្ទីរវប្បធម៍ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ អនុវត្តភារកិច្ចមួយចំនួនដូចខាងក្រោម៖
*បន្តជំរុញកិច្ចស្រាវជ្រាវរុករកស្ថានីយ៍បុរាណ ដែលពុំទាន់បានចុះបញ្ជីរសារពើភណ្ឌដែលនៅសេសសល់
*បន្តសកម្មភាពចុះវាស់វែងគូសគំនូសប្លង់ សាលកប័ត្រកាន់កាប់តាមទីទួល ស្រះ ត្រពាំង ស្ពាន និងប្រាសាទនានានៅក្នុងខេត្ត ដើម្បីធ្វើប្លង់កម្មសិទ្ធិ
*បន្តកិច្ចសិក្សាស្រាវជ្រាវរុករកចុះបញ្ជីមរតកវប្បធម៌អរូបី ជាអាទ៍៖ ទំនៀមទម្លាប់ ប្រពៃណី របាំបុរាណ និងសល្បៈហត្ថកម្មជាដើម
*បន្តកិច្ចពង្រីកកិច្ចសហប្រតិបត្តិការណ៍ ជាមួយកម្លាំងទាំង៣ប្រភេទ និងអាជ្ញាធរមានសមត្ថកិច្ចក្នុងការទប់ស្កាត់បទល្មើសបេតិកភណ្ឌ៕