(កណ្ដាល)៖ លោក គា ប៊ុនថន ប្រធានមន្ទីរអធិការកិច្ចខេត្តកណ្ដាល នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ បានចុះផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ដល់សិស្សានុសិស្សនៅវិទ្យាល័យ ហ៊ុន សែន ត្រើយស្លា ដោយមានការចូលរួមពីអាជ្ញាធរស្រុកស្អាង និងសិស្សានុសិស្សចំនួន២៦៥នាក់។
នៅចំពោះមុខសិស្សានុសិស្ស ប្រធានមន្ទីរ បានថ្លែងថា គ្រឿងញៀនកំពុងរាតត្បាតនៅពាសពេញពិភពលោក ហើយបានទន្ទ្រានចូលមកប្រទេសកម្ពុជា ដោយបានបង្កគ្រោះមហន្តរាយធ្ងន់ធ្ងរជាច្រើនចំពោះប្រជាពលរដ្ឋ ជាពិសេសយុវជន យុវនារី និងកុមារកម្ពុជា។ ដ៏រាបណាការចរាចរគ្រឿងញៀនខុសច្បាប់នៅតែកើតឡើង នោះផលវិបាកធ្ងន់ធ្ងរក៏នៅតែមានជានិច្ចចំពោះប្រទេសជាតិយើង ព្រោះថាវាបានបង្កឱ្យមានឧក្រឹដ្ឋកម្មផ្សេងៗទៀតជាច្រើន។
លោកបានបន្តថា គ្រឿងញៀន គឺជាបញ្ហាដ៏ស្មុគស្មាញដែលប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់យ៉ាងខ្លាំង ព្រមទាំងបានដាក់ចេញវិធានការនានា បង្រ្កាបឱ្យអស់នៅករណីជួញដូរ រក្សា និងប្រើប្រាស់គ្រឿងញៀននៅទូទាំងប្រទេស។
លោកបានបន្ថែមថា «ក្នុងនាមជាយុវជនដែលជាទំពាំងស្នងឫស្សី ត្រូវចូលរួមឱ្យបានផុសផុលនូវយុទ្ធនាការលុបបំបាត់ការ ជួញដូរ រក្សា និងប្រើប្រាស់គ្រឿងញៀននៅក្នុងមូលដ្ឋានដោយផ្តើមចេញពីយើងទាំងអស់គ្នា ជាពិសេសក្នុងករណីដែលដឹងអំពីព័ត៌មាននៃការចរាចរករណីជួញដូរ រក្សា និងប្រើប្រាស់គ្រឿងញៀននៅមូលដ្ឋាន ត្រូវរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ដើម្បីអន្តរាគមន៍បង្ក្រាបឱ្យបានទាន់ពេលវេលា»។
លោកថា «ក្នុងនាមយើងជាសិស្សានុសិស្ស យើងត្រូវចៀសឱ្យឆ្ងាយគ្រឿងញៀន និងត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីបញ្ហាគ្រឿងញៀន និងច្បាប់ចរាចរណ៍ទៅដល់ក្រុមគ្រួសារ មិត្តភក្តិ សហគមន៍ ឱ្យបានយល់ជ្រាប និងរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងទៅនឹងជួញដូរនិងចរាចរណ៍គ្រឿងញៀន និងគោរពច្បាប់ចរាចរឱ្យបានគ្រប់ៗគ្នា»។
លោក យ៉ែម ពន្លក មន្ត្រី នៃមន្ទីរអធិការកិច្ចខេត្តកណ្តាល ក៏បានពន្យល់ពីផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀននេះ វាគឺជាអន្ទាក់ប្រកបដោយគ្រោះថ្នាក់ សម្រាប់មនុស្សគ្រប់រូប ប្រសិនបើនរណាម្នាក់ធ្លាក់ចូលក្នុងអន្ទាក់ នេះហើយ អ្នកនោះកម្រនឹងដកខ្លួនរួចណាស់ ហើយរមែងតែងតែផ្តល់ផលអាក្រក់ចំពោះអ្នកប្រព្រឹត្ត គ្រួសារ សហគមន៍ និងសង្គមជាតិ។ ក្នុងន័យនេះមនុស្សដែលផុងខ្លួនជាទាសករគ្រឿងញៀន មិនអាចស្វែងរក អនាគតភ្លឺស្វាងបានទេ មិនតែប៉ុណ្ណោះពួកគេនឹងបាត់បង់នូវក្តីស្រឡាញ់ គ្មានគោលដៅក្នុងជីវិត បាត់បង់សតិបញ្ញា ស្មារតី ក្លាយខ្លួនជាមនុស្សឯកោ វិកលចរិក និងឈានទៅរកសេចក្តីស្លាប់ដោយឥតន័យ»។
លោក សេង វុធ អភិបាលរងស្រុកស្អាង បានសំណូមពរឪពុកម្តាយ ឬអាណាព្យាបាល ត្រូវចេះតាម ដានសកម្មភាពកូន ទាំងអត្តចរិក ទាំងការសិក្សា ប្រសិនបើមានការសង្ស័យ ឬដឹងថា កូនរបស់ខ្លួន ប្រើប្រាស់គ្រឿងញៀន គួរតែសហការ និងរាយការណ៍ជូនអាជ្ញាធរ ដើម្បីមានវិធានការទប់ស្កាត់។
ជាងនេះទៅទៀត សិស្សានុសិស្ស ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន ពេលសេពគប់មិត្តភក្តិ ត្រូវមានការប្រុងប្រយ័ត្ន ហើយជាពិសេសត្រូវខិតខំរៀនសូត្រ ដើម្បីក្លាយខ្លួនទៅជាមិត្តល្អ សិស្សល្អ កូនល្អ និងដើម្បីធ្វើជាទំពាំងដ៏ល្អ ក្នុងការស្នងឫស្សីនាពេលអនាគត៕