(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិគាំពារសង្គម នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ បានរៀបចំពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការប្រតិបត្តិស្តីពីយន្តការជំរុញការចុះបញ្ជីក្នុងប្រព័ន្ធសន្តិសុខសង្គម ឆ្នាំ២០២៤-២០២៦»។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ ស្ថាប័នស្រាវជ្រាវ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធ ប្រមាណជាង១០០នាក់។
ផែនការប្រតិបត្ដិស្ដីពីយន្ដការជំរុញការចុះបញ្ជីក្នុងប្រព័ន្ធសន្ដិសុខសង្គម ឆ្នាំ២០២៤-២០២៦ ត្រូវបានរៀបចំដោយ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ដើម្បីបម្រើជាឧបករណ៍គោនយោបាយមួយសម្រាប់ចូលរួម ជំរុញពង្រីកការគ្របដណ្ដប់កិច្ចគាំពារផ្នែកសន្ដិសុខសង្គមទៅដល់កម្មករនិយោជិត និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យទទួលបានអត្ថប្រយោជន៍ពីរបបសន្ដិសុខសង្គម និងអន្ដរាគមន៍ដទៃទៀតរបស់រាជរដ្ឋាភិបាល ប្រកបដោយសមធម៌ និងបរិយាបន្ន ក្នុងស្មារតី «មិនបោះពលរដ្ឋណាម្នាក់»។
លោក ស្រេង សោភ័ណរស្មី ប្រធានក្រុមការងាររៀបចំផែនការប្រតិបត្ដិ ស្ដីពីយន្ដការជំរុញការចុះបញ្ជីក្នុងប្រព័ន្ធសន្ដិសុខសង្គម ឆ្នាំ២០២៤-២០២៦លើកឡើងថា អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម បានទទួលការអនុញ្ញាតពីអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម, ធ្វើការសម្របសម្រួលជាមួយនឹងភាគីពាក់ព័ន្ធ ប្រមូលធាតុចូលបន្ថែម ដើម្បីរៀបចំផែនការប្រតិបត្ដិនេះឱ្យមានសង្គតិភាព និងគ្រប់ជ្រុងជ្រោយដែលអាចអនុវត្ដបានប្រកបដោយប្រសិទ្ធភាព។
លោកស្រី ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្ដិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម បានសង្កត់ធ្ងន់ថា ផែនការប្រតិបត្ដិនេះ ជាកាតាលិករជំរុញឱ្យនិយោជក កម្មករ និយោជិត បុគ្គលស្វ័យនិយោជន៍ ក៏ដូចជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទទួលបានអត្ថប្រយោជន៍ពីរបបសន្ដិ-សុខសង្គម និងអន្ដរាគមន៍ដទៃទៀតរបស់រាជរដ្ឋាភិបាលតាមរយៈប្រព័ន្ធគាំពារសង្គម។ វិធានការដែលបានកំណត់នៅក្នុងផែនការប្រតិបត្ដិនេះនឹងអាចត្រូវបន្ដអនុវត្ដនៅឆ្នាំបន្ទាប់ ឬមានការកែសម្រួលបន្ថែមផ្អែកតាមលទ្ធផលនៃការវាយតម្លៃជាក់ស្ដែង ឬតាមការចាំបាច់ហើយវិធានការទាំងនេះក៏ជួយសម្រួលដល់ដំណើរការនៃពង្រីករបបសន្ដិសុខសង្គមដល់ក្រុមគោលដៅដទៃទៀត ស្របតាមយុទ្ធសាស្រ្ដជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨, ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ ២០២៤ -២០៣៥, និងផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកល ឆ្នាំ២០២៤-២០៣៥។
លោករដ្ឋមន្ត្រី ហែម វណ្ណឌី បានវាយតម្លៃខ្ពស់ចំពោះអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលបានរៀបចំផែនការប្រតិបត្ដិរហូតលេចចេញជារូបរាងឡើង។
លោករដ្ឋមន្រ្តី បានបន្តថា ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រព័ន្ធគាំពារសង្គមជាមូលដ្ឋានគ្រឹះរឹងមាំដែលមានភាពប្រទាក់ក្រឡា និងបំពេញគ្នាទៅវិញទៅមកក្នុងការចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ និងសុខុមាលភាពពលរដ្ឋគ្រប់រូប។
លោករដ្ឋមន្ត្រី ហែម វណ្ណឌី បានស្នើឱ្យ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ពិនិត្យ តាមដាន និងវាយតម្លៃអំពីវឌ្ឍនភាពនៃការអនុវត្ដផែនការប្រតិបត្ដិ និងផ្ដល់ការគាំទ្រចាំបាច់នានា និងក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធ ផ្ដល់កិច្ចសហការខ្ពស់ក្នុងការអនុវត្ដផែនការប្រតិបត្ដិ ឆ្ពោះទៅសម្រេចបាននូវគោលដៅរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕