(ភ្នំពេញ)៖ លោក គី តិច ទេសរដ្ឋមន្ត្រី ទទួលបន្ទុកដឹកនាំ និងគ្រប់គ្រងក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានអញ្ជើញជាអធិបតីក្នុងពិធីបិទវេទិកាប្រកួតប្រជែងសមត្ថភាពស្ត្រីលើវិស័យច្បាប់ រដូវកាលទី២ វគ្គផ្តាច់ព្រ័ត្រ-Public Speaking នៅសណ្ឋាគារ Hyatt Regency Phnom Penh ដោយមានវត្តមានសមាជិកវិភាគទានច្បាប់ មេធាវីរាជរដ្ឋាភិបាល មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ក្រុមប្រឹក្សាគណៈមេធាវី មេធាវី និងអ្នកវិជ្ជាជីវៈច្បាប់ផ្សេងទៀត ប្រមាណជាង ២០០នាក់។

គួរបញ្ជាក់ថា វេទិកាប្រកួតប្រជែងសមត្ថភាពស្ត្រីលើវិស័យច្បាប់ រដូវកាលទី២ បានចាប់ផ្តើមដំណើរការចាប់ពីខែកក្កដា ឆ្នាំ២០២៤ ដោយមានការប្រកួតចំនួន ៤ដំណាក់កាល រួមមានវគ្គជម្រុះជុំទី១-Presentation Audition វគ្គជម្រុះជុំទី២-Presentation Battle វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ-Video Bid និងវគ្គផ្តាច់ព្រ័ត្រ-Public Speaking ក្នុងគោលបំណងលើកកម្ពស់ការអប់រំនិងផ្សព្វផ្សាយច្បាប់(ផ្នែករដ្ឋប្បវេណី) និងលើកកម្ពស់សមត្ថភាពស្ត្រីនិងសមភាពយេនឌ័រ តាមរយៈការជ្រើសរើសបេក្ខជនជានិស្សិតផ្នែកនីតិសាស្ត្រ ជាស្ត្រីឱ្យចូលរួមប្រកួតប្រជែង បង្ហាញនូវសមត្ថភាព ភាពក្លាហាន ទេពកោសល្យ ភាពឈ្លាសវៃ និងភាពបត់បែនរបស់ពួកគេទៅកាន់សាធារណជន ស្របពេលនៃការអបអរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» ក៏ដូចជាទិសស្លោករបស់វិភាគទានច្បាប់ «រួមគ្នាបង្កើនចំណេះដឹង ដើម្បីទាំងអស់គ្នា»

ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ ពីកម្មវិធីទទួលបានម្ចាស់ពានជ័យលាភីស្ត្រីឆ្នើមចំនួន ១រូប គឺបេក្ខជន អ៉ឹង អាយឃីម (តាមរយៈការបោះឆ្នោត ពីភ្ញៀវកិតិ្តយសចូលរួមដោយផ្ទាល់ ដែលសុទ្ធសឹងជាអ្នកច្បាប់) និងម្ចាស់ពានជ័យលាភីប្រជាប្រិយភាពចំនួន ១រូបគឺ បេក្ខជន ខុម ស្រីលាភ (តាមរយៈការទទួលបានចំនួន Shares វីដេអូ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត Video Bid លើផេកវិភាគទានច្បាប់ច្រើនជាងគេ)។

ថ្លែងក្នុងពិធីបិទវេទិកានេះ ទេសរដ្ឋមន្ត្រី គី តិច បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកស្រីមេធាវី ទេព បូផល ស្ថាបនិកវិភាគទានច្បាប់ លោកមេធាវី អ៊ីវ ប៉ូលី និងក្រុមការងារទាំងអស់ ដែលបានចំណាយពេលវេលា ថវិកា និងកម្លាំងកាយចិត្ត ចែករំលែកចំណេះដឹងច្បាប់រដ្ឋប្បវេណី តាមរយៈការបណ្តុះបណ្តាលនិងការរៀបចំវេទិកានេះឡើងមក។ លោកទេសរដ្ឋមន្ត្រី ជឿជាក់ថា ក្មួយៗដែលបានចូលរួមប្រកួតពិតជាបានដុះខាត់សមត្ថភាព និងបានទទួលនូវលទ្ធផលជាផ្លែផ្កាសម្រាប់ខ្លួនឯងនាពេលអនាគត៕