(បន្ទាយមានជ័យ)៖ គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានចុះបង្ក្រាបទីតាំង ចំនួន២ ដែលលួចលាក់ប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអនឡាញ ក្រោមការគ្រប់គ្រងរបស់ក្រុមឧក្រិដ្ឋជនជនជាតិថៃ ប្រមាណ៧នាក់ នៅភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីបានស៊ើបអង្កេតស្រាវជ្រាវ និងឃ្លាំមើលសកម្មភាពសង្ស័យនៅទីតាំងខាងលើមួយរយៈកន្លងមក។
ការឈានទៅបង្ក្រាបទីតាំងទាំងពីរខាងលើនេះ ធ្វើឡើងដោយទទួលបានគោលការណ៍ណែនាំពីលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងការចង្អុលដឹកនាំដោយផ្ទាល់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។
ក្នុងប្រតិបត្តិការឆ្មក់ចូលទីតាំងខាងលើសមត្ថកិច្ចបានរកឃើញជនជាតិថៃ សរុបចំនួន៦៣នាក់ (ស្រី៣០នាក់) ក្នុងនោះមានកុមារចំនួន២នាក់ និងបានរកឃើញសម្ភារៈវត្ថុតាងដូចជា កុំព្យូទ័រចំនួន៣៣គ្រឿង និងទូរស័ព្ទដៃចំនួន៦៥គ្រឿង សម្រាប់ធ្វើសកម្មភាពបទល្មើសតាមប្រព័ន្ធអនឡាញខុសច្បាប់ រួមទាំងអត្តសញ្ញាណប័ណ្ណថៃ ចំនួន៦៥ច្បាប់ និងលិខិតឆ្លងដែនថៃ ចំនួន២ច្បាប់។
តាមរយៈទិន្នន័យ ក្នុងវត្ថុតាងសមត្ថកិច្ចកំណត់បានថា ក្រុមនេះកំពុងត្រៀមរៀបចំប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអនឡាញ ដោយប្រើប្រាស់ទឹកដីកម្ពុជាធ្វើសកម្មភាពទៅប្រទេសដទៃផ្សេងទៀត។ ក្នុងចំណោមពលរដ្ឋថៃទាំង៦៣នាក់ សមត្ថកិច្ចបានរកឃើញ១០នាក់ កំពុងធ្វើសកម្មភាពរៀបចំ សម្ភារៈមធ្យោបាយដើម្បីប្រព្រឹត្តបទល្មើស តាមប្រព័ន្ធអនឡាញខុសច្បាប់ដោយស្ម័គ្រចិត្ត និង៤៦នាក់ កំពុងរស់នៅក្នុងស្ថានភាពដោយបិទសិទ្ធិសេរីភាពដើរហើរ ប៉ុន្តែមិនមានសញ្ញាណរងគ្រោះដោយអំពើហិង្សា ឬអំពើជួញដូរមនុស្សនោះឡើយ។
ក្នុងនោះដែរ សមត្ថកិច្ចបានកំណត់ជនជាតិថៃចំនួន៧នាក់ (ស្រី១នាក់) ជាមេក្លោងជាប់ពាក់ព័ន្ធនឹងសកម្មភាពល្មើសខាងលើ។
ជនជាតិថៃចំនួន៥៦នាក់ នគរបាលជាតិកម្ពុជា នឹងស្នើសុំកិច្ចសហការជាមួយនគរបាលភូមិន្ទថៃ ដើម្បីសម្របសម្រួលរៀបចំបែបបទបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា ផ្អែកតាមសំណូមពរពីអ្នកទាំងនោះ។ ដោយឡែកចំពោះជនសង្ស័យ៧នាក់ផ្សេងទៀត កំពុងបន្តនីតិវិធីនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ៕