(កណ្តាល)៖ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំពិធីអបអរសាទរខេត្តកណ្ដាល ទទួលបានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នៅសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ ក្រោមអធិបតីភាពលោម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត, លោក គួច ចំរើន អភិបាលខេត្ត, លោក លោកស្រី ប្រតិភូអមដំណើរ អភិបាលរងរាជធានី-ខេត្ត អាជ្ញាធរក្រុង-ស្រុកទាំង១៣ នៃខេត្តកណ្ដាល មន្ទីរជុំវិញខេត្ត កងកម្លាំងមានសមត្ថកិច្ច មន្ត្រីរាជការ និងប្រជាពលរដ្ឋជាច្រើនរូប។

នាឱកាសនោះលោក ឆាយ ឫទ្ធិសែន បានអបអរសាទរខេត្តកណ្ដាល ទទួលបានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) និងបានកោតសរសើរចំពោះរដ្ឋបាលខេត្តកណ្ដាល ដែលបានខិតខំ ទទួលបានសមិទ្ធផលនានា នាពេលកន្លងមកទាំងគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្ដាប់ធ្នាប់ សេដ្ឋកិច្ច និងវប្បធម៌។

លោកថា «យើងសង្កេតឃើញការផ្លាស់ប្ដូរកម្រិតជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋកាន់តែមានជីវភាពប្រសើរឡើង ជាពិសេសការកែលម្អលក្ខខណ្ឌការរស់នៅ តាមរយៈការលើកកម្ពស់ការផ្ដល់សេវាទឹកស្អាត និងអនាម័យ ដែលបានធ្វើឱ្យប្រជាពលរដ្ឋបានផ្លាស់ប្ដូរទម្លាប់ពីការផឹកទឹកគ្មានសុវត្ថិភាព មកផឹកទឹកស្អាតជួយទ្រទ្រង់សុខភាព ពីការបន្ទោសបង់ពាសវាលពាសកាល មកប្រើប្រាស់បង្គន់អនាម័យត្រឹមត្រូវ និងមានរបៀបរស់នៅប្រកប ដោយភាពស៊ីវិល័យ»

លោករដ្ឋមន្រ្តី បន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយសមត្ថភាពខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដាក់ចេញគោលនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានបាវចនា ៥ គឺ «កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព» និងមានអាទិភាពគន្លឹះចំនួន ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ក្នុងគោលដៅប្រែក្លាយកម្ពុជាជាប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោករដ្ឋមន្ត្រីបន្ថែមថា ឈរលើស្មារតីនេះ ក្រសួងអភិវឌ្ឍន៍ជនបទ នឹងបន្តអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទឆ្នាំ២០២៤-២០២៨ ដោយឈរលើទស្សនៈវិស័យ នៃគោលនយោបាយ «កសាងតំបន់ជនបទកម្ពុជា ប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន ទាំងផ្នែកសេដ្ឋកិច្ច សង្គមនិងវប្បធម៌» សំដៅធានាបាននូវប្រាក់ចំណូលគ្រួសារប្រកបដោយចីរភាព និងមានសុខុមាលភាពកាន់តែប្រសើរឡើង។

ដើម្បីសម្រេចបាននូវគោលនយោបាយ និងគោលបំណង នៃគោលនយោបាយខាងលើ ក្រសួងអភិវឌ្ឍន៍ជនបទ បានកំណត់នូវយុទ្ធសាស្ត្រអាទិភាពចំនួន៥គឺ៖

*ទី១៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ប្រកបដោយភាពធន់
*ទី២៖ លើកកម្ពស់សុខភាព អនាម័យ និងបរិស្ថានរស់នៅរបស់សហគមន៍ជនបទ
*ទី៣៖ អភិវឌ្ឍសហគមន៍ជនបទ ឌីជីថល និងចលនាភូមិគំរូ
*ទី៤៖ ពិពិធកម្មសេដ្ឋកិច្ចជនបទ និងនវានុវត្តន៍ការងារ
*ទី៥៖ ពង្រឹងស្ថាប័នតាមរយៈការរៀបចំគោលនយោបាយហិរញ្ញវត្ថុ ឌីជីថល និងសហប្រតិបត្តិការ។

លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានឱ្យដឹងថា ស្ថានភាពអនាម័យខេត្តកណ្ដាល មានការវិវឌ្ឍន៍កាន់តែល្អពីមួយឆ្នាំទៅមួយឆ្នាំ។ គិតត្រឹមឆ្នាំ២០២៤ ខេត្តកណ្ដាលមានខ្នងផ្ទះសរុបចំនួន ២៧០៣០០ ខ្នងផ្ទះ ដែលមានអ្នកស្នាក់នៅជាក់ស្ដែងសរុបចំនួន ២៦៨០៩២ខ្នងផ្ទះ។ ខ្នងផ្ទះដែលបានប្រើប្រាស់បង្គន់ដែលមានការកែលម្អ ស្មើនឹង ១០០% ក្នុងនោះ ខ្នងផ្ទះប្រើប្រាស់បង្គន់កែលម្អផ្ទាល់ខ្លួនមាន ២៦៤ ៥៥៨ ខ្នងផ្ទះ ស្មើនឹង ៩៨,៧% ខ្នងផ្ទះប្រើបង្គន់រួម មានចំនួន ៣ ៥៣៤ ខ្នងផ្ទះ ស្មើនឹង ១,៣%។ ចំនួន ក្រុង-ស្រុក ODF+ មានចំនួន ១៣ ក្រុង-ស្រុក ស្មើនឹង ១០០% ចំនួន ឃុំ-សង្កាត់ ODF+ មានចំនួន ១២៧ ឃុំ-សង្កាត់ ស្មើនឹង ១០០% ចំនួន ភូមិ ODF+ មានចំនួន ១ ០១០ ភូមិ ស្មើនឹង ១០០%។

លោកអភិបាលខេត្តបន្តថា ចំពោះសមិទ្ធផលលេចធ្លោលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ គឺការសម្រេចបានស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នៅឆ្នាំ២០២២ ខេត្តកណ្ដាលទទួលបានជ័យ លាភីជាខេត្ត ODF ហើយនៅឆ្នាំ២០២៣ រដ្ឋបាលខេត្តកណ្ដាល តាមរយៈក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ជនបទខេត្ត (PWG-RWSSH) បានសហការយ៉ាងស្វិតស្វាញជាមួយមន្ទីរ-អង្គភាព រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ អង្គការដៃគូ ជាពិសេសអង្គការវ័តធឺអេត (WaterAid) បានប្តេជ្ញាចិត្តរួមគ្នាជំរុញខេត្តកណ្ដាល ធ្វើយ៉ាងណាឱ្យសម្រេចបានស្ថានភាព ODF+ យ៉ាងយូរនៅតឹ្រមដំណាច់ឆ្នាំ២០២៤ ប្រកបដោយភាពជោគជ័យ៕