(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ លោក ហ៊ឹម ច័ន្ទដេត អនុប្រធាននាយកដ្ឋានទទួលបន្ទុករួមនៃនាយកដ្ឋានគ្រប់គ្រងគុណភាពទឹក នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានដឹកនាំមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដោយមានការចូលរួមពីលោក ឡោ សុខន អភិបាលរងនៃអភិបាលស្រុកកំពង់ត្រាច តំណាងមន្ទីរបរិស្ថានខេត្តកំពត រដ្ឋបាលឃុំឫស្សីស្រុកខាងលិច និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យនៅទីតាំងរងការបំពុលពីការបង្ហូរសំណល់រាវរបស់ Casino Knhom ដែលស្ថិតនៅឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។

ក្រុមការងារបានពិនិត្យឃើញមានបញ្ហាបរិស្ថានដូចខាងក្រោម៖

ទី១- កាស៊ីណូបានបញ្ចេញសំណល់រាវ បង្កជាកិ្លនស្អុយ ប៉ះពាល់ដល់ ៩គ្រួសារដែលស្ថិតនៅភូមិលក ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត
២- ការបង្ហូរសំណល់ទឹកកខ្វក់របស់កាស៊ីណូបានបង្កផលប៉ះពាល់ដល់ទឹកព្រែកចាក ដោយស្ថានភាពទឹកព្រែកចាកចាប់ពីខាងលើចំណុចប្រសព្វរវាងប្រឡាយបង្ហូរសំណល់ទឹកកខ្វក់ជាមួយព្រែកចាក ប្រមាណ៥០ម៉ែត្រ និងខាងក្រោមប្រមាណ៤៥០ម៉ែត្រ ទឹកមានស្ថានភាពពណ៌ខ្មៅ និងមានក្លិនស្អុយ
៣- កាស៊ីណូមិនទាន់មានប្រព័ន្ធប្រព្រឹត្តិកម្មសំណល់ទឹកកខ្វក់នៅឡើយទេ
៤- កាស៊ីណូមិនទាន់បានរៀបចំទីតាំងទុកដាក់សំរាមសំណល់រឹងបានត្រឹមត្រូវនៅឡើយ
៣- បញ្ចេញសំណល់រាវ សំណល់រឹង ពុំមានលិខិតអនុញ្ញាតពីក្រសួងបរិស្ថាន
៤- ដំណើរការអាជីវកម្ម ដោយពុំបានរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងកិច្ចសន្យាការពារបរិស្ថាន។

ក្រសួងបរិស្ថានបានដាក់ចេញវិធានការអនុវត្តចំពោះក្រុមហ៊ុន៖

១- ក្រុមហ៊ុនត្រូវបញ្ឈប់ការបង្ហូរសំណល់រាវចេញពីទីតាំងកាស៊ីណូ ចូលទៅប្រភពទឹកសាធារណៈ (ព្រែកចាក) ជាបណ្តោះអាសន្ន រហូតបញ្ចប់ការសាងសង់អាងប្រព្រឹត្តិកម្ម និងទទួលបានការអនុញ្ញាតពីក្រសួងបរិស្ថាន។
២- អនុវត្តពិន័យអន្តរកាលលើករណី៖

*ការបញ្ចេញសំណល់រាវពុំបានធ្វើការសម្អាតត្រឹមត្រូវ និងលើសកម្រិតកំណត់ស្តង់ដារបញ្ចេញ ល្មើសទៅនឹងមាត្រា១៥៦ មាត្រា១៦០ មាត្រា២៨៧ មាត្រា២៨៩ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ, មាត្រា៤ មាត្រា៦ នៃអនុក្រឹត្យស្តីពីការ ត្រួតពិនិត្យការបំពុលទឹក និងមាត្រា៩ថ្មី នៃអនុក្រឹត្យស្តីពីការកែសម្រួល មាត្រា៤ មាត្រា៩ មាត្រា១១ មាត្រា១២ មាត្រា១៣ មាត្រា១៧ និងតារាងឧបសម្ព័ន្ធ២ ឧបសម្ព័ន្ធ២ ឧបសម្ព័ន្ធ៣ ឧបសម្ព័ន្ធ៤ និងឧបសម្ព័ន្ធ៥ នៃអនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលទឹក និងត្រូវរៀបចំប្រព័ន្ធប្រព្រឹត្តិកម្មសំណល់រាវ ដាក់ឱ្យដំណើរការតាមលក្ខណៈបច្ចេកទេស មានសមត្ថភាពសម្អាតឆ្លើយតបតាមស្តង់ដារបញ្ចេញសំណល់រាវ ដោយប្រើប្រាស់ក្រុមហ៊ុន ផ្តល់សេវាវិស្វកម្មបរិស្ថាន ដែលទទួលបានការអនុញ្ញាតពីក្រសួងបរិស្ថាន។

*បង្កឱ្យមានការបំពុលទឹកព្រែកចាក ល្មើសទៅនឹងមាត្រា១៥៦ មាត្រា១៦០ មាត្រា២៨៧ មាត្រា២៩០ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ, មាត្រា៤ មាត្រា៦ នៃអនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលទឹក និងមាត្រា៩ថ្មី នៃអនុក្រឹត្យស្តីពី ការកែសម្រួលមាត្រា៤ មាត្រា៩ មាត្រា១១ មាត្រា១២ មាត្រា១៣ មាត្រា១៧ និងតារាង ឧបសម្ព័ន្ធ២ ឧបសម្ព័ន្ធ២ ឧបសម្ព័ន្ធ៣ ឧបសម្ព័ន្ធ៤ និងឧបសម្ព័ន្ធ៥ នៃអនុក្រឹត្យស្តីពីការ ត្រួតពិនិត្យការបំពុលទឹក និងកាស៊ីណូត្រូវធ្វើការស្ដារសម្អាតទីតាំងដែលទទួលរងការបំពុលឱ្យមានភាពល្អប្រសើរឡើងវិញ។

*បញ្ចេញសំណល់រាវ សំណល់រឹង ពុំមានលិខិតអនុញ្ញាតពីក្រសួងបរិស្ថាន ល្មើសទៅនឹងមាត្រា១៧៣ មាត្រា២៨៦ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ
*ដំណើរការអាជីវកម្ម ដោយពុំបានរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងកិច្ចសន្យាការពារបរិស្ថាន ល្មើសនឹងមាត្រា៦៦៨ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ និងត្រូវរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន។

៣- ត្រូវផ្តល់សំណងការខូចខាតផលប៉ះពាល់បរិស្ថាន និងសុខភាពសាធារណៈ ទៅតាមការគណនាជាក់ស្តែងរបស់មន្ត្រីជំនាញ និងអនុលោមតាមក្រមបរិស្ថាននិងធនធានធម្មជាតិ។

៤- ក្រុមហ៊ុនត្រូវធ្វើការស្ដារសម្អាត ប្រព័ន្ធព្រែកចាក ដែលទទួលរងការបំពុល ឱ្យមានភាពល្អប្រសើរឡើងវិញ៕