(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ។
អគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការដែលរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ អគារដែលសម្ពោធដាក់ឱ្យប្រើប្រាស់នេះ រួមមាន៖ អគារសិក្សាចំនួន ២ខ្នង ៣ជាន់ ស្មើនឹង៦០បន្ទប់ អគារទីចាត់ការ ១ខ្នង ៣បន្ទប់ អគារស្នាក់នៅ (សិស្ស គ្រូ) ២ខ្នង ស្មើនឹង៤០បន្ទប់។
វិទ្យាល័យ ហ៊ុន សែន វាលរេញ ជាគ្រឹះស្ថានអប់រំសាធារណៈ ត្រូវបានកសាងក្នុងឆ្នាំ១៩៩៦ ដើម្បីរួមចំណែកបណ្តុះបណ្តាលកូនចៅប្រជាពលរដ្ឋនៅក្នុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្រោមការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាគណៈគ្រប់គ្រងរបស់សាលាផ្ទាល់ បានធ្វើឱ្យវិទ្យាល័យមានការវិវឌ្ឍន៍ល្អប្រសើរជាបន្តបន្ទាប់ទាំងការផ្តល់សេវាអប់រំ និងបរិស្ថានសាលារៀន។
ក្រោមការខិតខំផ្តល់សេវាអប់រំ និងលើកកម្ពស់បរិស្ថាន ក្នុងកម្មវិធីប្រកួតប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលប្រចាំឆ្នាំ២០២៤ វិទ្យាល័យ ហ៊ុន សែន វាលរេញ ទទួលបានជ័យលាភីចំណាត់ថា្នក់លេខ៥ផងដែរ។ ការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាឆ្នាំកន្លងទៅនេះ វិទ្យាល័យ ហ៊ុន សែន វាលរេញ មានសិស្សប្រឡងជាប់និទ្ទេស A ចំនួន ៤នាក់ផងដែរ។
វិទ្យាល័យ ហ៊ុន សែន វាលរេញ បានរួមចំណែកបណ្តុះបណ្តាលនូវធនធានមនុស្សជាច្រើនក្នុងរយៈពេលជាង៣០ឆ្នាំមកនេះ។ ក្នុងឆ្នាំសិក្សា ២០២៤-២០២៥ វិទ្យាល័យមានគ្រូបង្រៀនសរុបចំនួន ៩០នាក់ ស្រី ២៤នាក់ សិស្សសរុបចំនួន ២,១៧៩នាក់ ស្រី ១,១៧៤នាក់។
សូមបញ្ជាក់ថា នៅក្នុងខេត្តព្រះសីហនុ អគារដែលជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់ជូនវិស័យអប់រំ មានចំនួនសរុប ៩៤អគារ ស្មើនឹង ១,១០៣បន្ទប់ ក្នុងនោះនៅក្នុងវិទ្យាល័យមានចំនួន ១៣អគារ ស្មើនឹង ២៨៤បន្ទប់ នៅក្នុងអនុវិទ្យាល័យមានចំនួន ៤អគារ ស្មើនឹង ៥៣បន្ទប់ និងនៅក្នុងសាលាបឋមសិក្សាមានចំនួន ៤៣អគារ ស្មើនឹង ៤៣០បន្ទប់ អគារទីចាត់ការមានចំនួន ២០អគារ ស្មើនឹង ៦០បន្ទប់ អគារស្នាក់នៅមានចំនួន ១១អគារ ស្មើនឹង ២៤០បន្ទប់ អគារកាត់ដេរមានចំនួន ២អគារ ស្មើនឹង ៤បន្ទប់ និងនៅសាលាគរុកោសល្យ-វិក្រឹត្យការខេត្តមានចំនួន ១អគារ ស្មើនឹង៣២បន្ទប់។
គិតមកដល់បច្ចុប្បន្ននេះអគារដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់រួចមានចំនួន ៤២អគារ ស្មើនឹង ២២២បន្ទប់ ហើយដោយឡែកអគារដែលមិនទាន់បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមានចំនួន ៥២អគារ ស្មើនឹង ៨៨១បន្ទប់៕