(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ឱកាសអញ្ជើញសម្ពោធអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ៖
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីរីករាយបានអញ្ជើញមកសម្ពោធសមិទ្ធផលជាអគារសិក្សា អគារស្នាក់នៅរបស់គ្រូ សិស្ស និងសមិទ្ធផលនានានៅតាមសាលាក្នុងខេត្តព្រះសីហនុ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខេត្តព្រះសីហនុ ដែលជាខេត្តជាប់សមុទ្រ និងមានកំពង់ផែសម្រាប់ដឹកជញ្ជូនទំនិញ មានសក្តានុពលផ្នែកសេដ្ឋកិច្ចធំណាស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើទោះបីមានខេត្តមានសក្តានុពលសេដ្ឋកិច្ចធំយ៉ាងណាក៏ដោយ បើគ្មានធនធានមនុស្សមិនអាចជំរុញសក្តានុពលសេដ្ឋកិច្ចបាននោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខេត្តព្រះសីហនុ សម្រេចបានវឌ្ឍនភាពប្រកបដោយមោទនភាព សម្រាប់វិស័យអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្ស។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអបអរសាទរចំពោះវិទ្យាល័យ ហ៊ុន សែន វាលរេញ ដែលទទួលបានចំណាត់ថ្នាក់លេខ៥ ក្នុងការវាយតម្លៃ និងទទួលស្គាល់ជាអង្គភាព ផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំប្រចាំឆ្នាំ២០២៤។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរលោកស្រី អ៊ុច សោភា ប្រធានមន្ទីរ អប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ ត្រូវបានទទួលស្គាល់ជាប្រធានមន្ទីរគំរូឆ្នាំសិក្សា ២០២៣-២០២៤ និង ទទួលបណ្ណសរសើរជាប្រធានមន្ទីរដែលបានមានស្នាដៃល្អ ក្នុងការដឹកនាំគ្រប់គ្រង និង ជំរុញសាលារៀនគំរូ ក្នុងឆ្នាំសិក្សា ២០២២-២០២៣។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានកំណត់យកអាទិភាព គន្លឹះចំនួន ៥ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយមានបញ្ចកោណយុទ្ធសាស្ត្រទី ១ ផ្ដោតជាចម្បងលើការអភិវឌ្ឍមូលធនមនុស្ស ដែល ជាមូលដ្ឋានចាំបាច់មិនអាចខ្វះបាន សម្រាប់ជំរុញពិពិធកម្ម, កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចជាតិ ប្រកបដោយបរិយាបន្ន និងភាពធន់។ ក្នុងន័យនេះ រាជរដ្ឋាភិបាលផ្តោត លើអាទិភាពចំនួន៥ សម្រាប់កសាងមូលធនមនុស្សរឹងមាំ រួមមាន៖
ទី១. ការពង្រឹងគុណភាព វិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា
ទី២. ការបណ្តុះបណ្តាលជំនាញបច្ចេកទេស
ទី៣. ការលើកកម្ពស់សុខភាព និង សុខុមាលភាពប្រជាជន
ទី៤. ការពង្រឹងប្រព័ន្ធគាំពារសង្គម និង ប្រព័ន្ធស្បៀង
ទី៥, ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ប្រកប ដោយសីលធម៌ សមធម៌ និងបរិយាប័ន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្រ ផែនការសកម្មភាពវិធានការចាំបាច់នានា និង កំណត់នូវក្របខ័ណ្ឌសមិទ្ធកម្ម ដែលរួមមាន សូចនាករគន្លឹះគោលដៅ និង វិធីសាស្រ្តវាស់វែងវឌ្ឍនភាព ដើម្បីពង្រឹងគុណភាពអប់រំសាលារដ្ឋចាប់ពីថ្នាក់មត្តេយ្យ រហូតដល់មធ្យមសិក្សា ប្រកបដោយស័ក្ដិសិទ្ធភាព ប្រសិទ្ធភាព និង សមិទ្ធកម្ម តាមរយៈទី១. ការពង្រឹងអភិបាលកិច្ចសាលារៀន, ទី២. ការពិនិត្យកែលម្អកម្មវិធីសិក្សា និងរៀបចំកម្មវិធីសិក្សា និង សកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹងវិន័យ សីលធម៌ និង ឥរិយាបថសិស្ស ទី៣. ការយកចិត្តទុកដាក់លើសុខភាពសិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និង ការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា និង ទី៤. ការ ជំរុញនិងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និង សហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និង សហគមន៍ដើម្បីការអប់រំ» ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងជំនួបជាមួយប្រធានធានាគារពិភពលោក ក៏ដូចជាបណ្តាប្រទេសអភិវឌ្ឍន៍នានា បានមើលឃើញដូចកម្ពុជាផងដែរ គន្លឹះខ្លាំងនៃកិច្ចអភិវឌ្ឍប្រទេសគ្មានអ្វីសំខាន់ជាងធនធានមនុស្សនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កំពុងគិតគូរឱ្យមានការតម្រង់ទិសសម្រាប់សិស្សរៀនថ្នាក់ទី៩ តើត្រូវរៀនបន្ត ឬរៀនជំនាញវិជ្ជាជីវៈបច្ចេកទេស? ទោះរៀនជំនាញវិជ្ជាជីវៈបច្ចេកទេស ក៏អាចទទួលបានសញ្ញាបត្រកម្រិតបាក់ឌុបផងដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសម្រេចធ្វើបែបនេះ ដើម្បីឱ្យសិស្សមានជម្រើសច្រើនក្នុងការសិក្សា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចគ្រោងអញ្ជើញចុះជួបមន្ត្រីរាជការតាមខេត្ត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កុំដេកលំបាកចិត្តរឿងគេចោទ។ តែត្រូវប្រឹងធ្វើលើរឿងអ្វីដែលគេចោទ។ បើគេចោទថាមិនយកចិត្តទុកដាក់លើកិច្ចការបូរណភាពទឹកដី គឺត្រូវប្រឹងដាក់ចេញកម្មវិធីនានាក្នុងកិច្ចការពារបូរណភាពទឹកដី។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្នេហ៍មិនឈ្នះស្និទ្ធ កុំរវល់ដេកឈឺចិត្តនឹងគេ។ គេថារឿងអ្វី យើងប្រឹងធ្វើរឿងនោះឱ្យចេញជាលទ្ធផល ឱ្យពលរដ្ឋបានឃើញ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ណាស់ចំពោះជីវភាពរបស់កងទ័ព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចការពារបូរណភាពទឹកដីកម្ពុជា មានផែនការច្បាស់លាស់ មិនមែនធ្វើតាមការនឹកឃើញនោះឡើយ។ ការប្រើកម្លាំងទ័ពមិនមែនជាជម្រើសនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចនឹងអញ្ជើញសម្ពោធសមិទ្ធផលនានារបស់ជាតិ ដើម្បីបង្ហាញទៅអ្នកដែលថារាជរដ្ឋាភិបាលមិនបានធ្វើអ្វី។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំសិស្សឱ្យប្រឹងប្រែងកសាងខ្លួន ដើម្បីក្លាយជាធនធានរបស់ជាតិ កុំឱ្យក្លាយជាបន្ទុករបស់ជាតិ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង ១០៖២១នាទី នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕