(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពី «ការពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ)» នៅទីស្ដីការក្រសួង។
ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង, អគ្គនាយក, ប្រធាននាយកដ្ឋានជំនាញ និងសិក្ខាកាមសរុប ១៣០នាក់ ដែលអញ្ជើញពីមន្ទីរអភិវឌ្ឍន៍ជនបទទាំង២៥ រាជធានី-ខេត្ត។
ថ្លែងទៅកាន់អង្គពិធី, លោក ឆាយ ឫទ្ធិសែន បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនាពេលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពមន្ត្រីរាជការក្រសួង ជាពិសេសមន្ត្រីនៅតាមមន្ទីរទាំង ២៥រាជធានី-ខេត្ត ដើម្បីឱ្យក្លាយទៅជាគ្រូបង្គោលសម្រាប់ផ្តល់ការបណ្តុះបណ្តាលបន្តដល់គណៈកម្មាធិការអភិវឌ្ឍន៍ភូមិ ហៅកាត់ថា (គ.អ.ភ) ឱ្យមានសមត្ថភាពកាន់តែខ្ពស់ ប្រកបដោយប្រសិទ្ធភាពនៅតាមគោលដៅ «ភូមិគំរូគន្លឹះ» ដែលក្រសួងបានកំណត់។
លោករដ្ឋមន្ត្រី បានសម្ដែងនូវការកោតសសើរចំពោះការយកចិត្តទុកដាក់ខ្ពស់របស់ថា្នក់ដឹកនាំ និងមន្ត្រីរាជការជំនាញ របស់នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានខិតខំប្រឹងប្រែងរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលនេះឡើង ដើម្បីជំរុញឱ្យការងារអភិវឌ្ឍន៍សហគមន៍នៅជនបទ ជាពិសេសការងារអភិវឌ្ឍន៍ «ភូមិគំរូគន្លឹះ» ដែលក្រសួង បាននិងកំពុងអនុវត្តសកម្មភាពនៅតាមបណ្ដាលភូមិគោលដៅសម្រេចបានលទ្ធផលល្អ។
ជាមួយគ្នានេះ លោក បានថ្លែងថា ការជំរុញចលនាអភិវឌ្ឍន៍ «ភូមិគំរូគន្លឹះ» នេះ ជាយន្តការអន្តរាគមន៍ដោយផ្ទាល់កម្រិតភូមិនិងគ្រួសារ ដែលមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការជាមូលដ្ឋានរបស់ប្រជាជននៅតំបន់ជនបទ ក្នុងការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅឱ្យប្រសើរឡើង ប្រកបដោយប្រសិទ្ធភាពនិងបរិយាបន្នទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។
លោក បានបន្តថា នេះក៏ជាយន្ដការមួយ ដើម្បីឈានទៅសម្រេចនូវផែនការយុទ្ធសាស្ដ្រ និងចក្ខុវិស័យរបស់ក្រសួង ជាពិសេសនឹងចូលរួមចំណែកសម្រេចឱ្យបាននូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរដ្ឋសភានីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។
ជាថ្មីម្ដងទៀត លោករដ្ឋមន្ដ្រី បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ ឱ្យខំប្រឹងប្រែងយកចិត្តទុកដាក់សិក្សារៀនសូត្រពីវគ្គបណ្តុះបណ្តាលនេះ ដើម្បីក្លាយជាគ្រូបង្គោលសម្រាប់ការងារអភិវឌ្ឍន៍សហគមន៍ រួមចំណែកសម្រេចឱ្យបាននូវចក្ខុវិស័យរបស់ក្រសួងអភិវឌ្ឍន៍ជនបទ៕