(ព្រះសីហនុ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ បានលើកឡើងថា កិច្ចការពារបូរណភាពទឹកដីកម្ពុជា មានផែនការច្បាស់លាស់ មិនមែនធ្វើតាមការនឹកឃើញនោះឡើយ ហើយការប្រើកម្លាំងទ័ព មិនមែនជាជម្រើសនោះឡើយ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារ​ទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ ក្នុងខេត្ដព្រះសីហនុ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «រឿងព្រំដែន មិនមែនជារឿងមួយថ្ងៃនោះទេ ហើយរឿងប្ដឹង និងរឿងលើកទ័ពទៅវៃ វាអត់ដោះស្រាយបញ្ហាអ្វីនោះទេ ជាពិសេសរឿងវៃគ្នា រវាងកងទ័ព និងកងទ័ព ហើយរឿងការប្រើច្បាប់បច្ចេកទេសអន្ដរជាតិ គឺយើងត្រូវបន្ដ ដើម្បីធានានូវផលប្រយោជន៍របស់យើង»

ទន្ទឹមគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា រឿងការការពារទឹកដី គឺជាការទទួលខុសត្រូវយូវអង្វែង តាំងពីអត់មាន បោះបង្គោលព្រំដែនសោះ ជាមួយប្រទេសវៀតណាម ខណៈបច្ចុប្បន្ននៅសល់តែ១៦ភាគរយតែប៉ុណ្ណោះ នឹងរូចរាល់ក្នុងការបោះបង្គោលព្រំដែន រវាងកម្ពុជា ជាមួយនឹងវៀតណាម។

សម្តេចបវរធិបតី បានលើកឡើងថា បើសិនជាអ្នកមានជេរថា បាត់ទឹកដី គឺមានតែខំកសាង ការពារទឹកដី តាមរយៈការវាស់វែងចរាចរ ដើម្បីការពារផ្ដល់ប្រយោជន៍របស់កម្ពុជា ដោយការបោះបង្គោលព្រំដែនឲ្យជាប់, ការការពារ ពង្រឹងការពារជាតិ និងការការពារ អភិវឌ្ឍន៍នៅតាមព្រំដែន ហើយត្រៀមលក្ខណៈ ការពារគ្រប់បែបយ៉ាងទាំងអស់។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ពេលដែលធ្វើការប្រយុទ្ធគ្នា នៅឆ្នាំ២០០៨-២០១១ គឺបានប្ដឹងទៅខាង ICJ នៅខាងព្រះវិហារ ហើយរាជរដ្ឋាភិបាល បានធ្វើការងារនេះអស់ហើយ ដោយដឹងថា វិធីសាស្ដ្រណាដែលត្រូវដើរ ដោយមិនត្រូវសម្លាប់ក្រឡារបស់ខ្លួននោះទេ៕