(ព្រះសីហនុ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ស្នេហ៍មិនឈ្នះស្និទ្ធនោះទេ ដូចនេះកុំរវល់ដេកឈឺចិត្តនឹងគេ គេថារឿងអ្វីយើងប្រឹងធ្វើរឿងនោះ ​ឱ្យចេញជាលទ្ធផលផលជាក់ស្តែង ​ឱ្យពលរដ្ឋបានឃើញ និងទទួលស្គាល់នូវអ្វីដែលយើងបានធ្វើជាក់ស្តែង។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ នាឱកាសដែលសម្តេចអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់​ជាផ្លូវការនូវអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារ​ទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ការដឹកនាំប្រទេសជៀសមិនផុតពីការរិះគន់ទេនោះទេ គ្មានពីណាដែលគ្រប់គ្នាល្អឥតខ្ចោះ នឹងមានការគោរពស្រលាញ់នោះទេ ទស្សនៈវាខុសគ្នា ប៉ុន្តែអ្វីដែលសំខាន់គឺការធ្វើពិតប្រាកដ ទោះមានអ្នកថាអីក៏ថាចុះ តែអ្វីដែលយើងធ្វើ គឺធ្វើមិចឱ្យប្រជាពលរដ្ឋដែលនៅគៀកជាមួយយើងបានផលជាក់ស្តែង និងទទួលស្គាល់នូវអ្វីដែលយើងបានធ្វើ ដែលនេះហើយដែលខ្ញុំថាស្នេហ៍មិនឈ្នះស្និទ្ធនោះទេ»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា បើចង់ផ្ចាញ់អ្នកដែលថាឱ្យយើង គឺមានតែខិតខំធ្វើជាក់ស្តែងដើម្បីឱ្យបានមនុស្សរាប់ម៉ឺននាក់ជួយធ្វើជាសាក្សីឱ្យយើងបាន តែបើយើងរវល់តែតូចចិត្ត​នឹងវាសនាតូចចិត្តនឹងគេដែលចេះតែថាឱ្យយើងនោះ គឺយើងមិនបានជោគជ័យនោះឡើយ ដូចនេះបើគេចង់និយាយអ្វីឱ្យគេនិយាយចុះ យើងមិនចាំបាច់ខ្វល់នោះទេ។

ជាមួយគ្នានោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានប្រៀបធៀបអ្នកដែលចេះតែថាឱ្យសម្តេចនឹងមិនបានជួយអ្វីនោះ «ជាសំលេងរំខាន» ហើយសម្រាប់សំណើរ ក្តីកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋ «ជាសំលេងពិតប្រាកដ» ដូចនេះសម្តេចមិនចាំបាច់ស្តាប់សំលេងរំខាននោះទេ គឺស្តាប់តែសំលេងពិតប្រាកដបានហើយ។

ជាមួយគ្នានោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ដើម្បីឱ្យអ្នកថាសប្បាយចិត្ត ទាល់តែយើងអ្នកធ្វើនេះឈឺចិត្ត តែបើឱ្យថាគេហត់ និងឈឺចិត្តខ្លួនឯង គឺមានតែយើងកុំឈឺក្បាល ប៉ុន្តែយើងស្តាប់នូវការលើកពីបញ្ហាកង្វល់របស់ប្រជាពលរដ្ឋពិតប្រាកដ ហើយធ្វើជូនពួកគាត់ឱ្យបានជាសមិទ្ធផលជាក់ស្តែង។ សម្តេចបញ្ជាក់ដែរថា សម្តេចគ្មានពេលទៅឈឺចិត្តជាមួយអ្នកដែលចេះតែថានោះទេ មានតែពេលស្តាប់កង្វល់របស់ប្រជាពលរដ្ឋ និងតម្រូវការរបស់ពលរដ្ឋ និងខិតខំដោះស្រាយជូនប្រជាពលរដ្ឋ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដែរថា «ជាក់ស្តែងថ្ងៃនេះសម្ពោធសាលា នៅសប្តាហ៍នេះសម្ពោធកំពុងផែទេសចរកំពត [..] និងបន្តដើរម្ពោធទៀត ថាឱ្យកាន់តែច្រើនទៅ ថាហើយឈឺខ្លួនឯង ចាំខ្ញុំទៅសម្ពោធផ្គើនទៀត ហើយនឹងបន្តដើរសម្ពោធសមិទ្ធផល​ផ្សេងៗជាច្រើនទៀត»