(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានចេញសេចក្តីជូនដំណឹងស្តីពី សិក្ខាសាលាផ្សព្វផ្សាយលើកទី២ ស្តីពី «ការរៀបចំយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត»។ នេះបេីតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។
សេចក្ដីជូនដំណឹង បានឲ្យដឹងថា អគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងក្រុមការងារបញ្ញាសិប្បនិម្មិត ក.ប.ទ. នឹងរៀបចំសិក្ខាសាលាលើកទី២ ស្ដីពី ការរៀបចំយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត ក្រោមប្រធានបទ កិច្ចពិភាក្សានៃសហគមន៍អ្នកបច្ចេកទេសបញ្ញាសិប្បនិម្មិត ដើម្បីផ្សព្វផ្សាយសេចក្តីព្រាង យុទ្ធសាស្ត្រជាតិស្តីពីបញ្ញសិប្បនិម្មិត, ប្រវត្តិស្រាវជ្រាវបញ្ញាសិប្បនិម្មិតនៅកម្ពុជា, ពិភាក្សាអំពីឱកាស បញ្ហាប្រឈម និងដំណោះស្រាយដើម្បីគាំទ្រសហគមន៍អ្នកបច្ចេកទេសបញ្ញាសិប្បនិម្មិត និងប្រមូលធាតុចូលបន្ថែមពីសហគមន៍អ្នកបច្ចេកទេស ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ៨៖៣០នាទីព្រឹក ដល់ម៉ោង ១២៖០០នាទីរសៀល នៅសាលប្រជុំ Conference Hall ជាន់ទី៣ អាគារ Innovation Center នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។
ទន្ទឹមនេះផងដែរ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងអនុញ្ញាតឱ្យអ្នកជំនាញនិងអ្នកបច្ចេកទេសបញ្ញាសិប្បនិម្មិតនិងវិទ្យាសាស្ត្រទិន្នន័យ ព្រមទាំងនិស្សិតមកពីគ្រប់ស្ថាប័នចូលរួមសិក្ខាសាលានេះដោយផ្ទាល់ ដោយតម្រូវឱ្យធ្វើការចុះឈ្មោះជាមុនតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/aiworkshoppublic ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតពេញកន្លែងដែលបានកំណត់៕