(ភ្នំពេញ)៖ នាថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៥ ឧកញ៉ា តែ តាំងប៉ ប្រធាន សម្ព័ន្ធសមាគមសហគ្រាសធុនតូច និង មធ្យមកម្ពុជា បានអញ្ជើញចូលរួម ពិធីចុះអនុស្សណៈនៃការយោគយល់គ្នាស្ដីពី «ការជំរុញការចាប់យកឌីជីថលរបស់ធុរកិច្ចនៅកម្ពុជា» រៀបចំដោយ គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) សម្ព័ន្ធសមាគមសហគ្រាសធុនតូច និង មធ្យមកម្ពុជា, សមាគមសហគ្រិនស្ត្រីកម្ពុជា, និង សមាគមសហគ្រិនវ័យក្មេងកម្ពុជា។

ដោយមានការអញ្ជើញចូលរួម ឧកញ៉ា ប៉ិច បូឡែន ប្រធាន សមាគមសហគ្រិនវ័យក្មេងកម្ពុជា លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា និងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ. នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

សូមជម្រាបថា អនុស្សរណៈនៃការយោគយល់ស្តីអំពី ការជំរុញការចាប់យកផ្នែកឌីជីថលរបស់ធុរកិច្ចនៅកម្ពុជា ដែលនេះបង្ហាញឲ្យឃើញនូវចក្ខុវិស័យ និងការបោះជំហានទៅមុខ នៃសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។ ដោយរាជរដ្ឋាភិបាល វិស័យសហគ្រាសធុនតូច និងមធ្យម វិស័យកសិកម្ម ពាណិជ្ជកម្ម សេវាកម្ម ដឹកជញ្ជូន និងវិស័យផ្សេងៗទៀតកាន់តែវិវត្តន៍ទៅមុខឥតឈប់ឈរលើការចាប់យកប្រព័ន្ធឌីជីថល ដើម្បីបង្កើតនូវភាពងាយស្រួល និងតម្លារភាព ក្នុងការអភិវឌ្ឍន៍ខ្លួនឲ្យកាន់តែរហ័សតាមសម័យទំនើបរៀងៗខ្លួន។ ហើយបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់គាំទ្រក្នុងការជម្រុញវិស័យសេដ្ឋកិច្ចឌីជីថលនេះអោយកាន់តែទូលំទូលាយផងដែរ។