(ភ្នំពេញ)៖ វិស័យអាកាសចរណ៍ស៊ីវិលរបស់កម្ពុជា គ្រោងនឹងទទួលបានការជំរុញដ៏សំខាន់មួយ ជាមួយនឹងការចុះហត្ថលេខាលើគម្រោងជំនួយឥតសំណង ក្នុងគោលបំណងពង្រឹងប្រព័ន្ធបណ្តុះបណ្តាលអាកាសចរណ៍ស៊ីវិល នៅវិទ្យាស្ថានជាតិអាកាសចរណ៍ស៊ីវិលកម្ពុជា (NICA) នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៥នេះ។

ពិធីចុះហត្ថលេខា រវាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ការិយាល័យកម្ពុជា និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) ត្រូវបានចុះហត្ថលេខាដោយ លោកស្រី Choi Moonjung នាយិកានៃការិយាល័យ ទីភ្នាក់ងាកយកា ប្រចាំប្រទេសកម្ពុជា និងលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជាមានប្រសាសន៍ថា តាមរយៈការពង្រឹងប្រព័ន្ធបណ្តុះបណ្តាលរបស់ NICA បាននិងកំពុងវិនិយោគលើអនាគតនៃអ្នកជំនាញអាកាសចរណ៍ និងធានាថា ពួកគេត្រូវបានបំពាក់ដោយជំនាញចាំបាច់ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា។ បន្ថែមពីនេះ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងភាពជាដៃគូដ៏សប្បុរសរបស់ ទីភ្នាក់ងារKOICA។

ជាមួយគ្នានេះ លោកស្រី Choi Moonjung នាយិកាប្រចាំប្រទេសនៃការិយាល័យ KOICA ប្រចាំកម្ពុជាបានមានប្រសាសន៍ថា គម្រោងនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញសម្រាប់វិស័យអាកាសចរណ៍ស៊ីវិល ដែលរួមចំណែកដល់កំណើន និងវិបុលភាពនៃប្រទេសកម្ពុជាទាំងមូល។ លោកស្រីបន្តថា លោកស្រីមានមោទនភាពក្នុងការធ្វើជាដៃគូជាមួយ SSCA និង NICA លើគំនិតផ្តួចផ្តើមដ៏សំខាន់នេះ។

គម្រោងពង្រឹងប្រព័ន្ធបណ្តុះបណ្តាលអាកាសចរណ៍ស៊ីវិល នៅវិទ្យាស្ថានជាតិអាកាសចរណ៍ស៊ីវិលនៅកម្ពុជា នឹងផ្តោតលើការពង្រឹងសមត្ថភាពរបស់ វិទ្យាស្ថានជាតិអាកាសចរណ៍ស៊ីវិលនៅកម្ពុជា (NICA) ដើម្បីផ្តល់កម្មវិធីបណ្តុះបណ្តាលដែលមានគុណភាពខ្ពស់ និងទទួលស្គាល់ជាអន្តរជាតិសម្រាប់អ្នកជំនាញអាកាសចរណ៍ស៊ីវិលនៅកម្ពុជា។

គំនិតផ្តួចផ្តើមនេះ នឹងដោះស្រាយការកើនឡើងនៃតម្រូវការ សម្រាប់បុគ្គលិកជំនាញក្នុងវិស័យអាកាសចរណ៍ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សដើម្បីធានាបាននូវសុវត្ថិភាព និងប្រសិទ្ធភាពក្នុងការធ្វើដំណើរតាមផ្លូវអាកាស។ ជាមួយគ្នានេះ គម្រោងនេះតំណាងឲ្យការបោះជំហានទៅមុខយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងបន្តរបស់យើងក្នុងការអភិវឌ្ឍវិស័យអាកាសចរណ៍ស៊ីវិលដ៏រឹងមាំ និងនិរន្តរភាពនៅកម្ពុជា។

សូមជម្រាបថា គម្រោងដែលមានថវិកាសរុបចំនួន ១២លានដុល្លារអាមេរិកដែលជាជំនួយឥតសំណងរបស់សាធារណៈរដ្ឋកូរ៉េ នឹងត្រូវបានអនុវត្តចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៩ ដោយមានធាតុផ្សំសំខាន់ៗដូចជា៖

ទី១៖ ការអភិវឌ្ឍន៍កម្មវិធីសិក្សា, ការធ្វើទំនើបកម្ម និងធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាបណ្តុះបណ្តាលឲ្យស្របតាមស្តង់ដារអន្តរជាតិ និងការអនុវត្តល្អបំផុត

ទី២៖ ការបណ្តុះបណ្តាលគ្រូ, ពង្រឹងជំនាញបច្ចេកទេសរបស់គ្រូ នៅNICA

ទី៣៖ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ, ការធ្វើឲ្យប្រសើរឡើងនូវកន្លែងបណ្តុះបណ្តាល និងការផ្តល់ឧបករណ៍ទំនើបៗ

ទី៤៖ ការកសាងសមត្ថភាព, ការពង្រឹងសមត្ថភាពស្ថាប័នរបស់ NICA ក្នុងការគ្រប់គ្រង និងផ្តល់កម្មវិធីបណ្តុះបណ្តាលប្រកបដោយប្រសិទ្ធភាព

ទី៥៖ ការផ្តល់អ្នកជំនាញ, អ្នកជំនាញកូរ៉េនឹងត្រូវបានបញ្ជូន ដើម្បីជួយសម្រួលដល់ការអភិវឌ្ឍន៍ប្រព័ន្ធបណ្តុះបណ្តាល នឹងចែករំលែកចំណេះដឹង និងបទពិសោធន៍។

គម្រោងនេះត្រូវបានគេរំពឹងថា នឹងមានឥទ្ធិពលយ៉ាងសំខាន់ទៅលើសុវត្ថិភាព ប្រសិទ្ធភាព និងនិរន្តរភាពនៃវិស័យអាកាសចរណ៍ស៊ីវិលរបស់កម្ពុជា។ តាមរយៈការវិនិយោគលើការអភិវឌ្ឍន៍ធនធានមនុស្ស គម្រោងនេះ នឹងរួមចំណែកដល់កំណើនរយៈពេលវែងនៃឧស្សាហកម្មនេះ និងលើកកំពស់កម្ពុជាឲ្យក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ក្នុងតំបន់៕