(កំពង់ធំ)៖ នៅពេលខ្លីខាងមុខ ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស នឹងប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលចាប់ផ្តើមពីថ្ងៃទី១៤-១៦ ខែមេសា ដើម្បីអបអរសាទរ ទទួលទេវតាឆ្នាំថ្មីដែលនឹងឈានចូលមកដល់។
ឆ្នាំនេះសម្រាប់ខេត្តកំពង់ធំ ពិតជាប្លែកក្រោមការដឹកនាំរបស់លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានរៀបចំសង្រ្កាន្តកំពង់ធំ ដែលមានភាពទាក់ទាញ និងរស់រវើកដោយបង្កើតជារចនាបទប្លែកៗដើម្បីធ្វើជាអន្ទាក់ និងរៀបចំជាធ្នាក់ ទាក់ចិត្តអ្នកទេសចរណ៍ចូលមកលេងកំសាន្ត។ ជាពិសេសបានបង្កើតនូវគំនិតឲ្យបណ្តាក្រុង/ស្រុកទាំង៩ ក្នុងខេត្តកំពង់ធំ របៀបចំជាស្តង់ថតរូបទុជាអនុស្សាវរីយ៍ផងដែរ។
ដោយទទួលបានឱកាស និងគំនិតផ្តួចផ្តើមនេះ ទើបណ្តាក្រុង/ស្រុកទាំង៩ បានរៀបចំតុបតែជាស្តង់បង្កើតផ្លង់ថត និងប្រធានបទប្លែកៗ កំពុងតែអង្រួនដូងចិត្តអ្នកមកទស្សនា មកលេងកំសាន្តតាមបណ្តោយដងស្ទឹងសែន។
ក្នុងចំណោមស្តង់ថតរូបទាំងអស់យើងក៏ឃើញមានប្រធានបទខ្លីមួយបានលើកឡើងថា «ស្រុកស្ទោងបេះដូងខ្ញុំ» ដែលជាការរៀបចំឡើងដោយរដ្ឋបាលស្រុកស្ទោង និងមានការសហការគ្នាយ៉ាងស្រស្រាក់ស្រស្រាំ រវាងប្រជាពលរដ្ឋ និងមន្ត្រីរាជការក្នុងស្រុក ក្នុងការរៀបចំឲ្យចេញជាស្តង់ថតរូបដ៏ស្រស់ស្អាត និងមានភាពទាក់ទាញនេះឡើង។
ក្នុងនោះផងដែរ លោក សួគ៌ ប៊ុនធង អភិបាលរងស្រុកស្ទោង ជាអ្នកដឹកនាំ និងរៀបចំប្លង់ថតរូប បានពន្យល់ពីរអត្តន័យ នៃប្រធានបទខ្លីក្នុងកិច្ចសម្ភាសន៍នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ថា «ស្ទោងបេះដូងខ្ញុំ» ជាតំណាងពីការ បង្ហាញពីទឹកចិត្តសហការគ្នាដោយទឹកចិត្ត ដោយបេះដូងទាំងមន្ត្រី ទាំងប្រជាពលរដ្ឋទាំងយុវជន និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឲ្យមកចូលរួមលេងសង្ក្រាន្តឆ្នាំថ្មីនិងថតរូបទុកជាអនុស្សាវរីយ៍តាមទីកន្លែងដែលបានរៀបចំ។
ជាមួយគ្នានេះ យុវជនដែលបានចូលរួមនៅក្នុងការរៀបចំទីកន្លែងថតរូបទុកជាអនុស្សាវរីយ៍ បានលើកឡើងថា ការរៀបចំរបស់រដ្ឋបាលខេត្ត និងស្រុកបានមើលឃើញពីរភាពស្រស់ស្អាត ប្លែកភ្នែក និងមានភាពទាក់ទាញយ៉ាងរស់រវើក ព្រមទាំងបង្កនូវបរិយាកាសដ៍សប្បាយរីករាយនេះឡើង ប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ធំ និងប្អូនមកលេងកំសាន្តបានកោតសរសើរនូវគំនិតផ្តួចផ្តើមរបស់អភិបាលខេត្ត និងការខិតខំប្រឹងប្រែកបង្កើតនូវស្តង់ថតរូប ដែលមានភាពទាក់ទាញរបស់រដ្ឋបាលក្រុង/ស្រុកទាំងអស់ ជាពិសេសស្រុកស្ទោងតែម្តង ព្រមទាំងអំពាវនាវឲ្យបងប្អូនចូលមកលេងកំសាន្ត និងថតរូបទុកជាអនុស្សាវរីយ៍ផងដែរ៕