(ភ្នំពេញ)៖ បុគ្គលិក សមណនិស្សិត និងនិស្សិតនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ចំនួន ១០០នាក់ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ បានចុះទស្សនកិច្ចសិក្សាឈ្វេងយល់អំពី​ព្រឹទ្ធសភា​នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា។

ក្នុងឱកាសនោះបុគ្គលិក សមណនិស្សិត និងនិស្សិត បានចូលស្តាប់ការធ្វើបទបង្ហាញស្តីពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ចរបស់ព្រឹទ្ធសភា ដែលបានដឹកនាំធ្វើបទបង្ហាញដោយលោក ម៉ម​ ប៊ុននាង ប្រធានគណៈ​កម្មការទី១០ ព្រឹទ្ធសភា និងការធ្វើបទបង្ហាញស្តីពីដំណើរការនីតិកម្មរបស់ព្រឹទ្ធសភារបស់លោក យិន យូរ៉ាន់ អគ្គនាយករងសេវាច្បាប់ និងសមូហភាពដែនដី។

បន្ទាប់ពីស្តាប់បទបង្ហាញរួចមក បុគ្គលិក សមណនិស្សិត និងនិសិ្សតនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានចុះទស្សនាសាលប្រជុំព្រឹទ្ធសភា និងអគារប្រវត្តិសាស្រ្តនានានៅក្នុងបរិវេណព្រឹទ្ធសភា និងអគារវិមាន ៧មករា បន្តទៀតផងដែរ។

សូមជម្រាបថា វិមានព្រឹទ្ធសភា គឺជាអតីតវិមានរដ្ឋចំការមន ដែលត្រូវបានផ្តួចផ្តើមគំនិតកសាងឡើងក្នុងទសវត្សរ៍ទី៥០ ដោយព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ ក្នុងពេលនោះ វិមានរដ្ឋចំការមន គឺជាទីកន្លែងសម្រាប់ទទួលបដិសណ្ឋារកិច្ចប្រមុខរដ្ឋនៃប្រទេសនានា ជាកន្លែងធ្វើការងារនិងជាព្រះរាជដំណាក់របស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះរាជដំណាក់របស់​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ និងព្រះរាជដំណាក់របស់ព្រះរាជបុត្រី នរោត្តម បុប្ជាទេវី។

ក្រៅពីនេះនៅក្នុងវិមានរដ្ឋចំការមន ក៏មានសាលបដិសណ្ឋារកិច្ច សាលរៀបចំពិធីជប់លៀង អគារការិយាល័យ កន្លែងស្នាក់នៅរបស់ភ្ញៀវ និងរោងភាពយន្តផងដែរ។ បច្ចុប្បន្នវិមានរដ្ឋចំការមន គឺជាកន្លែងធ្វើការរបស់ស្ថាប័នកំពូលៗចំនួន ៣ស្ថាប័ន គឺព្រឹទ្ធសភា ក្រុមប្រឹក្សាធម្មនុញ្ញ និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលមានអាសយដ្ឋាននៅតាមបណ្តោយមហាវិថីព្រះនរោត្តម ជាប់វិមាន៧មករា (គណបក្សប្រជាជនកម្ពុជា)៕