(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពី ការដាក់ឱ្យអនុវត្តមុខងារគ្រប់គ្រង ការរាយការណ៍អំពីទំនិញនាំចេញ ក្នុងប្រព័ន្ធគ្រប់គ្រងសន្និធិគយ បណ្តោះអាសន្ន (CTSM) នៅសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិភ្នំពេញ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។
សេចក្ដីជូនដំណឹង បានឲ្យដឹងថា ដើម្បីចូលរួមលើកកម្ពស់និងជំរុញកិច្ចសម្រួល ពាណិជ្ជកម្មតាមផ្លូវទឹក ក្នុងការរាយការណ៍អំពីទំនិញ និងការពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ ទំនិញនាំចេញតាមនាវា ឱ្យកាន់តែមានប្រសិទ្ធភាព និងឆាប់រហ័ស អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រេចដាក់ឱ្យអនុវត្តមុខងារ គ្រប់គ្រងការរាយការណ៍ អំពីទំនិញនាំចេញតាមផ្លូវទឹក ក្នុងប្រព័ន្ធគ្រប់គ្រងសន្និធិគយបណ្ដោះអាសន្ន (CTSM) ជាផ្លូវការ នៅសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិភ្នំពេញ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ តទៅ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា នីតិវិធីលម្អិតនៃការអនុវត្តមុខងារនេះ មាននៅក្នុងសៀវភៅមគ្គុទេសក៍ មុខងាររាយការណ៍ទំនិញ សម្រាប់បែបបទនាវាចេញ ដែលអាចរកបានក្នុងគេហទំព័រផ្លូវការ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕