(ព្រះវិហារ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ របាយការណ៍ជាតិស្តីពីការអនុវត្តអនុសញ្ញាអន្តរជាតិ ស្តីពីការលុបបំបាត់រាល់ទម្រង់ នៃការរើស អើងពូជសាសន៍ (ICERD) នៅខេត្តព្រះវិហារ។

ពិធីនេះ ស្ថិតក្រោមវត្តមានលោក កែវ រ៉េមី ទេស រដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដោយមានការចូលរួមពីសំណាក់ លោក មិន ស៊ីថា អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ អយ្យការ ពន្ធនាគារ មន្ត្រីរាជការ អង្គការសង្គមស៊ីវិល ស្ថាប័នពាក់ព័ន្ធ និងជាពិសេស អ្នកនាំពាក្យតាមអង្គភាពនីមួយៗនៃរដ្ឋបាលខេត្តព្រះវិហារ។

លោក មិន ស៊ីថា អភិបាលរងខេត្តព្រះវិហារ បានសម្ដែងនូវក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជាដែលបានរៀបចំសិក្ខាសាលា ផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការអនុវត្តអនុសញ្ញាអន្តរជាតិលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ (ICERD) ដ៏មានសារៈសំខាន់នេះនៅខេត្តព្រះវិហារ។

លោកថា សិក្ខាសាលានេះមិនត្រឹមតែជាវេទិកាដ៏មានតម្លៃសម្រាប់ការចែករំលែកចំណេះដឹង និងបទពិសោធន៍ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱកាសដ៏សំខាន់ សម្រាប់ការពិភាក្សា និងស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីលុបបំបាត់រាល់ទម្រង់ នៃការរើសអើងពូជ សាសន៍នៅកម្ពុជាផងដែរ។

នៅក្នុងឱកាសនេះ លោកទេសរដ្ឋមន្ដ្រី កែវ រ៉េមី បានថ្លែងថា សិក្ខាសាលានាឱកាសនេះ ត្រូវបានរៀបចំឡើង ក្រោមកិច្ចសហការរវាងគណ:កម្មាធិការសិទ្ធមនុស្សកម្ពុជា  ជាមួយរដ្ឋបាលខេត្ត ព្រះវិហារ ដែលជាវេទិកាដ៏សំខាន់មួយធ្វើឡើង ក្នុងគោលបំណងសំខាន់ចំនួន៤ រួមមាន៖
ទី១៖ បង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលក្នុងការការពារ និងលើក កម្ពស់សិទ្ធមនុស្សនៅកម្ពុជា,
ទី២៖ បង្ហាញនូវការអនុវត្តយ៉ាងទៀតទាត់ចំពោះកាតព្វកិច្ច អន្ដរ ជាតិ របស់រាជរដ្ឋាភិបាល ក្នុងនាមជារដ្ឋសមាជិករបស់អង្គការសហប្រជាជាតិ,
ទី៣៖ បញ្ជ្រាបការយល់ដឹងឱ្យកាន់តែច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលលើវិស័យសិទ្ធិមនុស្ស  
និងទី៤៖ ជំរុញការចូលរួមរាល់អង្គភាពនានា នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តនូវ សេចក្ដីសង្កេតសន្និដ្ឋាន នៃរបាយការណ៍ជាតិ ស្ដីពីការអនុវត្តអនុសញ្ញាអន្តរជាតិ ស្ដីពីការលុបបំ បាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ (ICERD)។

បន្ថែមពីនេះ សិក្ខាសាលានេះ ក៏ជាឱកាសដ៏ល្អមួយសម្រាប់អ្នកចូលរួមទាំងអស់បាន លើកឡើងជាសំណួរ និងផ្លាស់ប្តូរយោបល់ និងពិភាក្សាលើបញ្ហាប្រឈម និងដំណោះស្រាយ នានាពាក់ព័ន្ធ នឹងការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍នៅកម្ពុជា និងជាវេទិកា ផ្ដល់នូវចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃដល់អ្នកចូលរួមទាំងអស់ ដើម្បីរួមគ្នាលើកកម្ពស់សិទ្ធិមនុស្ស និងភាពសុខដុមរមនាក្នុងសង្គម៕