(ព្រះវិហារ)៖ អាជ្ញាធរស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៃកម្ពុជា និងអាជ្ញាធរស្រុកណាំយឺន ខេត្តអ៊ូប៊នរាជធានី នៃប្រទេសថៃ បានជួបប្រជុំពិភាក្សាការងារមួយចំនួន ក្នុងទិសដៅដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែល្អប្រសើរថែមទៀត រវាងស្រុកជាប់ព្រំដែន នៃប្រទេសទាំង២។
កិច្ចប្រជុំនេះ បានធ្វើឡើងនៅក្នុងទឹកដីថៃ នៅអគារពហុបំណង បរិវេណផ្សារអានម៉ាប្រទេសថៃ ដោយភាគីកម្ពុជាដឹកនាំដោយលោក ចិន ខន្តី អភិបាលស្រុកជាំក្សាន្ត និងមន្ត្រីពាក់ព័ន្ធ ដោយឡែកភាគីថៃ ដឹកនាំដោយលោក អាទិត្យ ប៊ុតសបា អភិបាលស្រុកណាំយឺន និងមន្ត្រីពាក់ព័ន្ធ។ កិច្ចប្រជុំនេះ បានធ្វើឡើងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥។
កិច្ចប្រជុំនាឱកាសនេះ ភាគីកម្ពុជា និងភាគីថៃ បានឯកភាពគ្នា បន្តទប់ស្កាត់ការឆ្លងដែនខុសច្បាប់ ការជួញដូរអាវុធជាតិផ្ទុះ ការឆបោកតាមរយៈប្រព័ន្ធទូរស័ព្ទ វិធានការពង្រឹងសុខភាព អនាម័យ ទប់ស្កាត់ការដុតភ្លើងព្រៃ ការលួចឆ្លងដែនកាប់ឈើ និងបរបាញ់សត្វព្រៃ ពិសេសបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែន អំពើភាវរៈកម្ម និងគ្រឿងញៀន។
នៅក្នុងឱកាសនេះដែរ លោកអភិបាលស្រុកណាំយឺន នៃប្រទេសថៃ បានធ្វើការសំណូមពរ ដល់លោកអភិបាលស្រុកជាំក្សាន្ត នៃកម្ពុជា សុំឱ្យប្រើប្រាស់បណ្ណឆ្លងដែន ចំពោះអាជីវករ អ្នកអូសរទេះដឹកទំនិញ និងប្រជាពលរដ្ឋខ្មែរ ក្នុងការចេញ ចូល ឆ្លងកាត់ផ្សារអានសេះ អានម៉ា ដោយធ្វើការអនុវត្តចាប់ពីដើមខែមេសា ឆ្នាំ២០២៥នេះតទៅ។
ជាការឆ្លើយតបលោក ចិន ខន្តី អភិបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៃកម្ពុជា បានថ្លែងដោយមិនទាន់ធ្វើការឯកភាពជាមួយភាគីថៃនោះទេ ដោយលោករង់ចាំការសម្រេចពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។
ប៉ុន្តែលោកក៏បានធ្វើការសំណូមពរទៅភាគីថៃវិញដែរ ឱ្យពិនិត្យលទ្ធភាពក្នុងការប្រើប្រាស់លិខិតឆ្លងដែន (BODRER PASS) ងាយស្រួលក្នុងការគ្រប់គ្រងជាង ហើយក៏ប្រើប្រាស់បានរយៈពេលយូរថ្ងៃ ក្នុងការធ្វើដំណើរឆ្លងការព្រំដែន របស់ប្រជាពលរដ្ឋនៃប្រទេសទាំង២ផងដែរ។
ជាមួយគ្នានេះដែរ លោកអភិបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក៏បានថ្លែងស្នើសុំទៅលោកអភិបាលស្រុកណាំយឺន ប្រទេសថៃ សុំឱ្យបង្កើនចំនួនថ្ងៃបើកច្រក ចេញ ចូល ផ្សារអានម៉ា អានសេះ ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋ រស់នៅតាមព្រំដែននៃប្រទេសទាំង២ ធ្វើការដោះដូរទំនិញគ្នាទៅវិញទៅមកបានទាន់ពេលវេលា៕