(ភ្នំពេញ)៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ បានប្រកាសប្ដេជ្ញាចិត្តយ៉ាងដាច់ណាត់ ក្នុងការបន្ដរក្សាឲ្យដាច់ខាតនូវសុខសន្ដិភាពដែលកម្ពុជាកំពុងមាននាពេលបច្ចុប្បន្ន ហើយបន្ដរហូតដល់ថ្ងៃអនាគតជារៀងរហូត។

ការប្រកាសជំហរដាច់ណាត់ក្នុងការរក្សាសន្ដិភាពរបស់កម្ពុជា ពីសំណាក់លោកសន្ដិបណ្ឌិត នេត សាវឿន ធ្វើឡើងនាឱកាសអញ្ជើញជាអធិបតីតំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រសួងសង្គមកិច្ច អតីយុទ្ធជន និងយុវនីតិសម្បទា។

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានអះអាងថា ដោយសារនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ទើបកម្ពុជាធានាបាននូវសុខសន្ដិភាពពេញលេញ ក្នុងរយៈពេលជាង២៦ឆ្នាំមកនេះ ហើយរាជរដ្ឋាភិបាលបន្ដវេន ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បន្ដធានានូវសុខសន្ដិភាព សុវត្ថិភាពជូនប្រជាពលរដ្ឋបន្ដទៀត។

លោកសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី បានថ្លែងយ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលនីតិកាលទី៧ បានដោះស្រាយយ៉ាងទន់ភ្លន់ ម៉ឺងម៉ាត់ ប៉ុន្ដែរក្សាបានសេចក្ដីសុខជូនប្រជាពលរដ្ឋ យើងប្ដេជ្ញាចិត្តនយោបាយឈ្នះឈ្នះទើបជាង២៦ឆ្នាំកម្ពុជាមានសន្ដិភាពពេញលេញ ប៉ុន្ដែរាជរដ្ឋាភិបាលមិនមែនសម្រាប់២៦ឆ្នាំនោះទេ។ ពីថ្ងៃនេះទៅអនាគត កម្ពុជាត្រូវសន្ដិភាពរហូត នេះជារឿងមួយដែលយើងប្ដេជ្ញាចិត្តទាំងអស់គ្នា»

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានសង្កត់ធ្ងន់ដែរថា កម្ពុជាមានភ័ព្វសំណាងទ្វេដង ដែលមានសម្តេចតេជោ ហ៊ុន សែន ជាអគ្គមគ្គុទេសឯក បិតាស្ថាបនិកសន្តិភាពនៅកម្ពុជា និងមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជាអ្នកបន្តវេនដ៏ឧត្តុង្គឧត្តមបំផុត ដែលបន្តនូវមរតកសន្តិភាព និងដឹកនាំនាវាកម្ពុជាឆ្ពោះទៅវិបុលភាព។

លោកគូសបញ្ជាក់ថា ឆ្នាំ២០២៤ គឺជាសមរភូមិមួយ ដែលពោរពេញទៅដោយបញ្ហាប្រឈម និងភាពតានតឹង ដូចជា សង្គ្រាមសកល សង្គ្រាមពាណិជ្ជកម្ម រួមទាំងព្យុះភ្លៀង នៃការវិវត្តភូមិសាស្ត្រនយោបាយដ៏តានតឹងបំផុត និងជាពិសេសក្រុមទុច្ចរិត ក៏បានរៀបចំផែនការខ្មៅងងឹត នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលផងដែរ។ នេះគឺជាវិញ្ញាសារធំៗ សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ ហើយទីបំផុតពិភពលោកទាំងមូលបានឃើញយ៉ាងច្បាស់អំពីសមត្ថភាព នៃការដឹកនាំដ៏មោះមុតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានទទួលជោគជ័យក្នុងឆ្នាំ២០២៤កន្លងទៅ។

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានរំលេចឡើងអំពីភាពជោគជ័យសំខាន់ៗរបស់រាជរដ្ឋាភិបាលបន្ដវេនរបស់កម្ពុជា ក្នុងឆ្នាំ២០២៤កន្លងទៅនេះ រួមមាន ការរក្សាបានសន្តិភាព សន្តិសុខ និងភាពសុខដុមរមនាជូនពលរដ្ឋ, សម្រេចបានកំណើនសេដ្ឋកិច្ចជាង៦% ក្នុងស្ថានភាពសេដ្ឋកិច្ចសកលដ៏លំបាក, ការកសាងហេដ្ឋារចនាសម្ព័ន្ធ, ការធ្វើបរិវត្តកម្ម និងកំណែទម្រង់ជាច្រើនវិស័យ ជាពិសេសគោលនយោបាយគាំពារសង្គមដ៏មានប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព ដែលមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាសេនាធិការស្រាប់៕