(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ បានអនុញ្ញាតជូនអគ្គកុងស៊ុលកិត្តិយសចំនួន៨រូប ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងទេសចរណ៍។

អគ្គកុងស៊ុលកិត្តិយសចំនួន ៨រូបរួមមាន៖ លោក Salah ESSA កុងស៊ុលកិត្តិយសប្រទេសស៊ីប លោក Markus GRINDLING កុងស៊ុលកិត្តិយសប្រទេសអូទ្រីស លោក Aurelio FLACCO កុងស៊ុលកិត្តិយសប្រទេសអ៊ីតាលី លោក Torsten MUNTHER កុងស៊ុលកិត្តិយសប្រទេសអាល្លឺម៉ង់ លោកស្រី SENG Takakneary កុងស៊ុលប្រទេសមិចស៊ិចកូ លោក Gerhard Jan Lennips កុងស៊ុលកិត្តិយសប្រទេសហូឡង់ លោកស្រី KIM Tol Tan កុងស៊ុលកិត្តិយសប្រទេសស៊ុយអែត និងលោក Andrew J. Booth Obe កុងស៊ុលកិត្តិយសប្រទេសអង់គ្លេស។

ជំនួបនេះព្រមទាំងបានផ្លាស់ប្តូរទស្សនៈគ្នាលើការអភិវឌ្ឍ និងទាក់ទាញភ្ញៀវទេសចរពីបណ្តាប្រទេសទាំង៨ រួមទាំងបញ្ហាប្រឈម ផលិតផលទេសចរណ៍ថ្មីៗ និងការអភិវឌ្ឍហេដ្ឋារចនាសម័ន្ធគាំទ្រលើវិស័យទេសចរណ៍ផងដែរ។

ក្នុងជំនួបប្រកបដោយផ្លែផ្កានេះ កុងស៊ុលកិត្តិយស បានកោតសរសើរ និងវាយតម្លៃខ្ពស់អំពីកត្តាសុខសន្តិភាពនៅកម្ពុជា និងសុវត្ថិភាពល្អប្រសើរដែលបានផ្តល់ជូនអ្នកទេសចរជាតិនិងអន្តរជាតិមកទស្សនាកម្ពុជា ដោយបានចាត់ទុកថាកម្ពុជាជាប្រទេសមានសុវត្ថិភាពដ៏ល្អសម្រាប់ទស្សនា៕