(ភ្នំពេញ)៖ លោកបណ្ឌិត សាន់តូ ដារម៉ូស៊ូម៉ារតូ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា បានជួបសម្តែងការគួរសមជាមួយ លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ដើម្បីជាផ្នែកនៃជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់សិទ្ធិដល់ស្ត្រី និងបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នារវាងប្រទេសទាំងពីរក្នុងការជំរុញគោលនយោបាយបញ្ជ្រាបយេនឌ័រ និងការដោះស្រាយបញ្ហាប្រឈមរបស់ស្ត្រី។ ជំនួបនេះបានធ្វើឡើងនៅទីស្ដីការក្រសួងកិច្ចការនារី នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។
នៅក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានសម្តែងការអបអរសាទរចំពោះទិវាអន្តរជាតិនារី ដែលទើបតែប្រារព្ធនៅថ្ងៃទី៨ ខែមីនា ដែលជាថ្ងៃបុណ្យជាតិនៅកម្ពុជា។ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីបានកោតសរសើរចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាចំពោះសមភាពយេនឌ័រ និងសិទ្ធិ ក៏ដូចជាពង្រឹងសមត្ថភាពរបស់ស្ត្រី។ លោកឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់បន្ថែមអំពី សមិទ្ធិផលរបស់កម្ពុជាក្នុងការជំរុញអត្រាការចូលរួមកម្លាំងពលកម្មជាស្ត្រី (LFPR) ឱ្យដល់កម្រិតកំពូលនៅក្នុងតំបន់។
វឌ្ឍនភាពជាច្រើនត្រូវបានធ្វើឡើងផងដែរ នៅប្រទេសឥណ្ឌូនេស៊ីក្នុងវិស័យនេះ។ ទោះជាយ៉ាងណាក៏ដោយ លោកឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានទទួលស្គាល់ថា នៅតែមានបញ្ហាប្រឈមទាក់ទងនឹងយេនឌ័រ ដូចជាបទដ្ឋានអយ្យកោ ដែរបានចាក់ឫសយ៉ាងជ្រៅ និងផ្នត់គំនិតយេនឌ័រ ដែរជាប់រហូតមក ជាពិសេសនៅតាមតំបន់ជនបទ ដែលរារាំងដល់ការចូលរួមពេញលេញរបស់ស្ត្រីក្នុងការដឹកនាំ និងការសម្រេចចិត្ត។
លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា៖ «ខ្ញុំមានកិត្តិយសក្នុងការស្វែងយល់បន្ថែមពីប្រទេសកម្ពុជាអំពីបញ្ហាប្រឈមដែលខ្លួនជួបប្រទះ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែង ដែលខ្លួនកំពុងធ្វើដើម្បីលើកកម្ពស់ការបញ្ជ្រាបយេនឌ័រ និងការពង្រឹងអំណាចតួនាទីរបស់ស្ត្រី»។
ជាមួយគ្នានេដែរ លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានលើកឡើងពីបទដ្ឋានវប្បធម៌ជាបញ្ហាប្រឈមមួយក្នុងការបញ្ជ្រាបយេនឌ័រ។ សង្គមតែងតែការពារស្ត្រីហួសហេតុ ដែលនាំឱ្យមានការកំណត់ឱកាសសម្រាប់ស្ត្រីទៅវិញ។ ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងកិច្ចការនារីកម្ពុជាបានដាក់ចេញនូវផែនការសកម្មភាពរយៈពេលមធ្យមមួយឈ្មោះ «នារីរតនៈ» ដែលមានន័យថា «ស្ត្រីជាសម្បត្តិ ដែលជាត្បូងពេជ្រដ៏មានតម្លៃ»។ គំនិតផ្តួចផ្តើមនេះមានគោលបំណងផ្លាស់ប្តូរការយល់ឃើញរបស់សង្គមចំពោះស្ត្រី និងផ្តល់សិទ្ធិអំណាចឱ្យពួកគេទទួលយកតួនាទីកាន់តែច្រើននៅក្នុងគ្រប់ទិដ្ឋភាពនៃជីវិត។
ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី និងរដ្ឋមន្ត្រីក្រសួងកិច្ចការនារីកម្ពុជាបានឯកភាពថា មានឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ ទាំងតាមរយៈយន្តការទ្វេភាគី និងតំបន់។ កិច្ចសហប្រតិបត្តិការនេះអាចត្រូវបានបង្កើតឡើងតាមរយៈទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងក្រសួងលើកកម្ពស់សមត្ថភាពស្ត្រី និងការការពារកុមារឥណ្ឌូនេស៊ី និងក្រសួងកិច្ចការនារីកម្ពុជា។ ឯកអគ្គរដ្ឋទូត សាន់តូ ប្ដេជ្ញាក្នុងការគាំទ្រអន្តរកម្ម និងកិច្ចសហប្រតិបត្តិការនេះ។
ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីបានស្នើ ឱ្យមានការសហការតាមមធ្យោបាយនានា រួមទាំងការផ្លាស់ប្តូរការអនុវត្តល្អបំផុតតាមរយៈកម្មវិធីពង្រឹងសមត្ថភាព។ ហើយក៏មានសក្ដានុពលដ៏ធំផងដែរក្នុងការពង្រឹងទំនាក់ទំនងរវាងសហគ្រិនស្ត្រី ដោយយល់ឃើញថាស្រ្តីគឺជាអ្នកជំរុញនូវវឌ្ឍភាពនៃឧស្សាហកម្មខ្នាតតូច និងមធ្យម MSMEs នៅក្នុងប្រទេសទាំងពីរ។ លោកឯកអគ្គរដ្ឋទូត សាន់តូ ក៏បានលើកទឹកចិត្តស្ត្រីកម្ពុជាបន្ថែមទៀតឱ្យបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសឥណ្ឌូនេស៊ី តាមរយៈកម្មវិធីអាហារូបករណ៍ និងកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំនៅក្នុងវេទិកាក្នុងតំបន់ដូចជាអាស៊ាន៕