(កំពង់ស្ពឺ)៖ វិទ្យាល័យអង្គមេត្រី ស្ថិតនៅភូមិអង្គមេត្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កំពុងរងការជន់លិចដោយទឹកប្រភពចេញពីលូតាមដងផ្លូវជាតិ៤១ បែកខាងលើដែលមានប្រភពចេញពីរោងចក្រជាច្រើន បង្កក្លិនស្អុយសាយភាយពេញក្នុងសាលា ដែលបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសុខភាពសិស្ស។
លោក ហ៊ី ពិធូ នាយកសាលាវិទ្យាល័យអង្គមេត្រី បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ថា លោកបានរាយការណ៍ជូនថ្នាក់លើមួយជំហានហើយ តែមិនទាន់ចំណាត់ការណាមួយនៅឡើយទេ ហើយទឹកក៏បានកាន់តែកើនឡើងចូលក្នុងទីធ្លាសាលា។
លោកនាយកសាលា បានបញ្ជាក់ថា ទឹកមានសភាពក្លិនស្អុយពណ៌ខ្មៅ ហើយបើសិស្សហ៊ានប៉ះពាល់កើតរមាស់ដៃជើងទៀតផង ជាពិសេសទឹកដក់យូរបែបនេះបណ្តាលខូចខាតយ៉ាងធ្ងន់ធ្ងរដល់បេតុងគ្រឹះសាលា និងជញ្ជាំងសាលា ដែលផលវិបាកនេះ និងបន្តកើតទៀតបើសិនជាមន្ទីរពាក់ព័ន្ធ និងសមត្ថកិច្ចមិនជួយចាត់វិធានការទប់ស្កាត់ ករណីបង្ហូរទឹកស្អុយនេះឲ្យបានទេ។
ប្រជាពលរដ្ឋរស់តាមដងផ្លូវជាតិលេខ៤១ ក៏បានអះអាងថា តាមពិតប្រភពទឹកនេះកាលដើមឡើយមិនហូរមកក្នុងសាលាទេ តែក្រោយមកខាងរោងចក្រ បានដាក់លូរំដោះទឹកចេញពីរោងចក្រផ្នែកខាងលើរបស់រោងចក្រ តែគ្មានប្រភពបង្ហូរទឹកចេញទៅណាឡើយ ទើបទឹកស្អុយបានហូមកចូលក្នុងបរិវេនសាលាបែបនេះ ដោយក្នុងទីធ្លាសាលាទាបជាងផ្លូវ។ បើគ្មានវិធានការទេ ទឹកស្អុយនឹងរំខានដល់ការសិក្សារបស់សិស្សក្នុងវិទ្យាល័យនេះទាំងស្រុង នៅថ្ងៃខាងមុខឆាប់ៗនេះ៕