(បន្ទាយមានជ័យ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញចុះពិនិត្យការងារវារីវប្បកម្មក្នុងកសិដ្ឋានផលិតកូនត្រី ជា សុភិន នៅឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
សូមជម្រាបជូនថា លោក ជិន សុជា ជាម្ចាស់កសិដ្ឋានផលិតកូនត្រីរូបនេះមានផ្ទៃដីសរុបចំនួន ៤ហិកតា មានស្រះសរុបចំនួន ៤៧ស្រះ សម្រាប់ចិញ្ចឹមពូជត្រី រួមមាន៖ ត្រីក្រាញ់ ត្រីអណ្តែង ត្រីរ៉ស់ ត្រីឆ្ពិន ត្រីឆ្លាំង និងត្រីទីឡាបព្យាក្រហម។ លោក បានបន្តថា នៅឆ្នាំក្រោយ កសិដ្ឋានមានគោលបំណងពង្រីកបន្ថែមពូជត្រីចំនួន៣បន្ថែមទៀត ដូចជា៖ ត្រីតាឱន ត្រីកេះ និងត្រីកន្ធរ។
លោក ជិន សុជា បានស្នើសុំ រដ្ឋមន្រ្តីក្រសួងកសិកម្ម ក្នុងការផ្តល់មេពូជត្រីកេះ និងត្រីឆ្លាំង សម្រាប់ដំណើរការស្រាវជ្រាវពង្រីកអាជីវកម្មលើការផលិតកូនត្រី ២ប្រភេទនេះ ដែលមានតម្រូវការទីផ្សារល្អ និងមានភាពធន់ខ្ពស់។
ជាការឆ្លើយតប លោករដ្ឋមន្ត្រី បានទទួលសំណើរខាងលើនេះដោយឱ្យម្ចាស់កសិដ្ឋានសហការជាមួយរដ្ឋបាលជលផល ក្នុងការទទួលបានមេពូជត្រីតាមចំនួនដែលត្រូវការ ចំនេញពេលវេលា និងដោះស្រាយបញ្ហាទឹកសម្រាប់ផលិតកម្មវារីវប្បកម្មផងដែរ។
លើសពីនេះ លោក ឌិត ទីណា បានផ្តល់អនុសាសន៍ណែនាំដល់ម្ចាស់កសិដ្ឋានត្រូវជំរុញការផ្សព្វផ្សាយពាណិជ្ជកម្ម ដើម្បីលក់បានតម្លៃខ្ពស់នូវផលិតផលវារីវប្បកម្ម និងអាចពិនិត្យលទ្ធភាពពង្រីកការវិនិយោគបន្ថែម ដោយផ្តោតទៅលើពូជដែលមានតម្លៃខ្ពស់ក្នុងទីផ្សារ សំដៅទទួលបានផលចំនេញសេដ្ឋកិច្ចពិតប្រាកដ៕