(ឧត្តរមានជ័យ)៖ បុរសម្នាក់ ត្រូវបានកម្លាំងនគរបាលក្រុងសំរោង ខេត្តឧត្តរមានជ័យ ឃាត់ខ្លួន បន្ទាប់ពីបុរសជាជនសង្ស័យ បានប្រើប្រាស់អំពើហិង្សាវាយដំទៅលើប្រពន្ធ និងដុតផ្ទះខ្លួនឯងចោល។

លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង បានថ្លែងប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ភាន់ ជា អាយុ៤២ឆ្នាំ មានប្រពន្ធឈ្មោះ វី ស៊ីណែត អាយុ៣២ឆ្នាំ រស់នៅភូមិកូនដំរី សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

លោកអធិការក្រុង បានថ្លែងបញ្ជាក់ទៀតថា មុនពេលកើតហេតុកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ប្តីប្រពន្ធនេះបាននាំគ្នាទៅលេងផ្ទះបងប្រុសនៅក្នុងភូមិ ហើយក៏បានឈ្លោះទាស់ទែងគ្នា ពេលនោះប្រពន្ធក៏បានជិះម៉ូតូ ទៅប្ដឹងមេភូមិ ហើយនៅយប់នោះដែរប្រពន្ធក៏បានទៅសម្រាកផ្ទះអ្នកស្គាល់គ្នាមួយយប់ លុះព្រឹកឡើង ប្រពន្ធក៏បានងើបត្រឡប់ទៅផ្ទះវិញ ស្រាប់តែឃើញផ្ទះត្រូវភ្លើងឆេះគ្មានសល់ ភ្លាមនោះប្រពន្ធបំរុង ជិះម៉ូតូទៅផ្ទះមេភូមិដើម្បីប្រាប់រឿងហេតុ ស្រាប់តែឃើញប្តីនៅទីនោះនិយាយថា អញដុតផ្ទះកាលពីយប់មិញ ក៏បានកើតជាជម្លោះឈ្លោះប្រកែកគ្នាទៀត ដោយប្ដីបានស្ទុះទៅវាយតប់ប្រពន្ធចំនួន៣ដៃត្រូវចំផ្ទៃមុខ។

ក្រោយហេតុការណ៍កើតឡើងជនសង្ស័យជាប្តី ត្រូវបានសមត្ថកិច្ចនគរបាលក្រុងសំរោង ឃាត់ខ្លួន ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕