(ភ្នំពេញ)៖ លោក Bradley Few នាយកប្រតិបត្តិការអភិវឌ្ឍស្ប៉េស្បាល់អូឡាំពិកអាស៊ីប៉ាស៊ីហ្វិក បានកោតសរសើរ និងអបអរសាទរ ចំពោះភាពរីកចម្រើននៃវិស័យកីឡាស្ប៉េស្យាល់អូឡាំពិកកម្ពុជា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាល ដែលបានចូលរួមគាំទ្រ និងផ្ដល់នូវការលើកទឹកចិត្ត ដល់កីឡាករ-កីឡាបញ្ញាខ្សោយនៅកម្ពុជា។

ការសាទរនេះ ធ្វើឡើងក្នុងមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នេះ នៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។ មហាសន្និបាតនេះ មានការចូលរួមពីលោក សែម សុខា រដ្ឋលេខាធិការ និងជាអនុប្រធាន តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ជា សុមេធី រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា។

លោក Bradley Few ថា នេះជាលើកដំបូង ដែលលោកបានចូលរួមមហាសន្និបាត ។ លោកពិតជាមានសេចក្ដីសោមនស្សរីករាយ ចំពោះបុព្វហេតុឆ្ពោះទៅរកភាពប្រសើរឡើងនៃជីវិតរបស់អត្តពលិកជាជនបញ្ញាខ្សោយដោយការរួមគ្នាដើម្បីអបអរសាទរ សមិទ្ធផល និងព្រឹត្តិការណ៍សំខាន់ៗ នៃការសម្រេចបាននូវសមិទ្ធផលរបស់គណៈកម្មាធិការជាតិយ៉េស្យាល់អូឡាំពិកកម្ពុជា ដែលជាអង្គការមួយ បានបោះជំហានយ៉ាងខ្លាំងក្នុងការលើកកម្ពស់ការចូលរួមស្មើមុខស្មើមាត់រវាងជនបញ្ញាខ្សោយ និងជនមិនបញ្ញាខ្សោយក្នុងសហគមន៍។

លោកបន្ដថា «ខ្ញុំពិតជាមានការអបអរសាទរជាខ្លាំងដល់គណៈកម្មាធិការប្រតិបត្តិ នៃគណៈកម្មាធិការជាតិស្ប៉ូស្យាល់អូឡាំពិកកម្ពុជា។ គិតចាប់តាំងពីឆ្នាំ២០១៥ មក កម្មវិធីនេះ បានរីកចម្រើនយ៉ាងខ្លាំង ដោយបានបង្កើនចំនួនអត្ថពលិកបញ្ញាខ្សោយពី ២ពាន់ ទៅ ៧ពាន់នាក់ ដែលជាការកើនឡើងគួរឲ្យកត់សម្គាល់ ស្មើនឹង ២៥០%។ ជាមួយនឹងការប្តេជ្ញាចិត្ត ការវិនិយោគត្រឹមត្រូវ និងភាពជាដៃគូដ៏រឹងមាំជាមួយស្ប៉េស្យាល់អូឡាំពិកអាស៊ីប៉ាស៊ីហ្វិក ខ្ញុំជឿជាក់យ៉ាងមុតមាំថា យើងអាចធ្វើបានកាន់តែប្រសើរឡើង។ យើងទាំងអស់គ្នាមានឆន្ទៈក្នុងការចូលរួមទ្វេដងក្នុងរយៈពេល ៥ឆ្នាំខាងមុខ ដើម្បីធានាថាកីឡាករ-កីឡាការិនីបញ្ញាខ្សោយ កាន់តែច្រើនត្រូវបានចូលរួមសកម្មភាពសុខភាព និងលេងកីឡា»

មន្ដ្រីជាន់ខ្ពស់កីឡាស្ប៉េស្យាល់អូឡាំពិកអាស៊ីប៉ាស៊ីហ្វិកខាងលើបន្ថែមទៀតថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះរដ្ឋាភិបាលកម្ពុជា ដែលបានចូលរួមគាំទ្រកីឡាករ-កីឡាការិនីបញ្ញាខ្សោយ ជាមួយនឹងការផ្តល់ថវិកាសម្រាប់រាល់ការប្រកួតកម្រិតជាតិ និងពិភពលោក និងបានផ្តល់ប្រាក់លើកទឹកចិត្ត បន្ទាប់ពីពួកគេទទួលបានជ័យលាភីត្រលប់មកផ្ទះវិញ។ យើងនឹងចាំស្វាគមន៍ប្រតិភូកីឡាស្ប៉េស្យាល់អូឡាំពិកកម្ពុជាម្តងទៀត នៅការប្រកួតកីឡាយ៉េស្យាល់អូឡាំពិកពិភពលោករដូវក្តៅ នាឆ្នាំ២០២៧ នៅទីក្រុង Santiago ប្រទេសឈីលី»

«ការផ្តល់ថវិកាគាំទ្រ គឺពិតជាមានសារៈសំខាន់សម្រាប់កម្មវិធីកីឡារបស់យើង ដើម្បីបន្តនិរន្តរភាពការងារប្រចាំថ្ងៃ និងលើកកម្ពស់ចលនារបស់យើង។ យើងសង្ឃឹមថា គណៈកម្មាធិការជាតិស្បៃស្យាល់អូឡាំពិកកម្ពុជា អាចរៀបចំព្រឹត្តិការណ៍ដើម្បីរៃអង្គាសប្រាក់សម្រាប់គាំទ្រសកម្មភាព និងធានានូវនិរន្តរភាពការងារ ទៅថ្ងៃមុខយូរអង្វែងទៀតដើម្បីបុព្វហេតុជនបញ្ញាខ្សោយទូទាំងប្រទេសកម្ពុជា»។ លោក Bradley Few បន្ថែម។

ជាមួយគ្នា លោក សែម សុខា ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកគណៈកម្មាធិការប្រតិបត្តិគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា ដែលបានខិតខំលើកស្ទួយជួយលើវិស័យពិការភាព ជាពិសេសការងារកីឡាស្ប៉េស្បាល់អូឡាំពិកកម្ពុជា ដែលជានិច្ចកាលគណៈកម្មាធិការជាតិយ៉េស្យាល់អូឡាំពិកកម្ពុជា តែងតែយកចិត្តទុកដាក់ពង្រីកចលនាស្ប៉េស្យាល់អូឡាំពិកដល់បណ្តាខេត្តនានា និងបណ្តុះបណ្តាលមន្ត្រីជំនាញ ដើម្បីវាយតម្លៃប្រភេទពិការភាព និងធ្វើការហ្វឹកហាត់ ក្នុងគោលបំណងផ្តល់ឱកាសដល់ជនពិការខ្សោយសតិបញ្ញា បានចូលរួមក្នុងសកម្មភាពសង្គមតាមរយៈវិស័យកីឡា ដើម្បីបម្រើសុខុមាលភាពទាំងអស់គ្នា៕