(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ជាមួយក្រុមហ៊ុន ផ្តល់សេវាអ៊ីនធឺណិតនៅកម្ពុជា (ISP) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្រ្តីជំនាញ និងតំណាងក្រុមហ៊ុន សរុបប្រមាណ ១១០នាក់ នៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ពិធីសំណេះសំណាលនេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយសមិទ្ធផលនានា ដែលក្រសួងសម្រេចបាននាពេលកន្លងមក ការធ្វើទំនើបកម្មស្ថាប័ន ការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ការអភិវឌ្ឍថ្នាលនិងកម្មវិធីរដ្ឋាភិបាល ឌីជីថល និងការបន្តអភិវឌ្ឍធនធានមនុស្សឌីជីថល ជាដើម។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ជា វ៉ាន់ដេត បានជម្រាបជូនអំពីបញ្ហាប្រឈមនានា ដែលក្រសួងបានទទួលតាមរយៈការចុះសិក្សា និងប្រមូលព័ត៌មានផ្ទាល់ និងសារពីប្រជាពលរដ្ឋពាក់ព័ន្ធ នឹងការផ្តល់សេវាទូរសព្ទ និងសេវាអ៊ីនធឺណិត។

ឆ្លើយតបនឹងបញ្ហានេះ លោករដ្ឋមន្រ្តី ជា វ៉ាន់ដេត បានលើកទឹកចិត្តឱ្យប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិត ផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព និងប្រកួតប្រជែងដោយស្មោះត្រង់ ព្រមទាំងជម្រាបជូនឱ្យបានច្បាស់ អំពីសេវាកម្មរបស់ខ្លួន ដើម្បីជៀសវាងការភាន់ច្រឡំ ជាយថាហេតុ។

បន្ថែមលើនេះ លោករដ្ឋមន្រ្តី បានអនុញ្ញាតឱ្យក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត លើកឡើងអំពីបញ្ហាប្រឈមនានា ដើម្បីឈានទៅរកដំណោះស្រាយ ឱ្យបានទាន់ពេលវេលា សំដៅធ្វើយ៉ាងណាសម្រួល ដល់ការប្រកបអាជីវកម្ម របស់ក្រុមហ៊ុនដោយរលូន ព្រមទាំងធានាប្រសិទ្ធភាព ផ្តល់សេវាជូនប្រជាពលរដ្ឋ ឱ្យបានសមស្របតាមតម្រូវការ។

សូមជម្រាបជូនថា កន្លងមកក្រុមការងារលើកម្ពស់គុណភាពសេវាទូរគមនាគមន៍ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចុះសិក្សា និងប្រមូលព័ត៌មានលម្អិត ពាក់ព័ន្ធនឹងគុណភាព សេវាទូរគមនាគមន៍ (សេវាទូរសព្ទ និងសេវាអ៊ីនធឺណិត) ក្នុងភូមិសាស្រ្តរាជធានី ខេត្ត ទូទាំងប្រទេស ដើម្បីធ្វើការកែលម្អ ពង្រឹង និងពង្រីកគុណភាពសេវាទូរគមនាគមន៍ ជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត៕